មេ​ដឹកនាំ​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​គម្រោង​បំផ្ទុះ​គ្រាប់​បែក

ដោយ ទីន ហ្សាការីយ៉ា
2018-04-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។ Photo courtesy of Cambodian National Police
រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។ Photo courtesy of Cambodian National Police


ការ​បដិសេធ​របស់​លោក សម សេរី គឺ​ឆ្លើយតប​​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា របប​លោក ​បាន​ទប់​ស្កាត់ ចំពោះ​គម្រោង​របស់​មេ​ដឹកនាំ​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ដែល​មាន​បំណង​ចង់​បំផ្ទុះ​គ្រាប់បែក នៅ​ម្ដុំ​វត្ត​ភ្នំ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១២ មេសា។

ថ្លែងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់ ក្នុង​កម្មវិធី​ចែក​សញ្ញាប័ត្រ នៅ​ថ្ងៃ​ទី​១០ មេសា លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​ទទួល​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​ដាក់​បំផ្ទុះ​គ្រាប់ បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ មុន​ថ្ងៃ​ចូល​ឆ្នាំ បាន​បដិសេធ​ប្រាប់​ទៅ​លោក សម សេរី វិញ​ថា ធ្វើ​មិន​កើត​ទេ។ តែ​លោក ហ៊ុន សែន បារម្ភ​ថា លោក សម សេរី អាច​រក​មនុស្ស​ផ្សេង​ទៅ​ធ្វើ​សកម្មភាព​នេះ។

លោក សម សេរី ជាមេដឹកនាំ​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក។ កន្លង​មក របប​ក្រុង​ភ្នំពេញ បាន​ចាប់​មនុស្ស​ជា​ច្រើន​នាក់ ដោយ​ចោទ​ថា ជា​សមាជិក​របស់​ចលនា​មួយ​នេះ។ កាល​ពី​ឆ្នាំ​២០១៤ បុរស​ចំនួន ១២​នាក់​ និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ ចោទ​ថា មាន​ពិរុទ្ធភាព ពី​បទ​រៀប​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​ក៏​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥​ឆ្នាំ​ដល់ ៩​ឆ្នាំ​ដែរ។

ចំណែក​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ របប​ក្រុង​ភ្នំពេញ បាន​ចាប់​តា​ចាស់​ពីរ​នាក់ ដោយ​ចោទ​ថា ជា​ក្រុម​​ភេវរករ ខណៈ​ពួក​គេ​មាន​គម្រោង​រៀបចំ​សន្និសីទ​កាសែត​ជាមួយ​ឧត្តមស្នងការ​អន្តរ​សាសន៍ ដែល​មិន​ធ្លាប់​ឮ​ឈ្មោះ នៅ​ការិយាល័យ​របស់​អង្គការ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កាល​ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប៉ូលិស​បាន​ដាក់​ពង្រាយ​ការពារ​តំបន់​គោលដៅ​សំខាន់ៗ អស់​ហើយ។ លោក ខៀវ សុភ័គ្គ បាន​អួត​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពិសោធន៍​របស់​ប៉ូលិស​នៅ​កម្ពុជា បើ​គិត​តាំង​ពី​ឆ្នាំ​១៩៧៩​មក មាន​រយៈ​ពេល ៣៩​ឆ្នាំ​ហើយ។ ដូច្នេះ គ្មាន​បទ​ល្មើស​អ្វី​អាច​គេច​ពី​សមត្ថកិច្ច​បាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles