ក្រសួង​មហាផ្ទៃ​ភ្ជាប់​លោក សម រង្ស៊ី ​ទៅ​នឹង​ចលនា​រំដោះ​ជាតិ​ខ្មែរ

លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត AFP


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​ កាលពី​ម្សិលមិញ​ បាន​បញ្ចេញ​ភ័ស្តុតាង​ជា​ឯកសារ និង​ខ្សែអាត់​សន្ទនា​របស់​សមាជិក​ចលនា​រំដោះជាតិ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ លោក​ សម សេរី ​ដែល​មាន​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ចំនួន​ ២ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប និង​បាន​ភ្ជាប់​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​ចលនា​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា​ «​អង្គការ​ភេរវកម្ម​» នេះ ប៉ុន្តែ​លោក ​សម រង្ស៊ី និង​ប្រធាន​ចលនា​នេះ​បាន​ច្រានចោល​។

យោង​តាម​ឯកសារ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រសួង​មហាផ្ទៃ​ កាលពី​ម្សិលមិញ សរសេរ​ថា​លោក សម សេរី បាន​ចូលរួម​ក្នុង​សកម្មភាព​ជាមួយ​រណសិរ្ស​រួបរួម​ជាតិខ្មែរ​ ឬ​ ចលនា​ខ្លា​រំដោះ​ដែល​ដឹកនាំ​ដោយ​លោក​ សោម ឯក ចន្លោះ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៩ ដែល​មេដឹកនាំ​រណសិរ្ស​នេះ​ព្រម​ទាំង​សមាជិក​ផ្សេង​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ពាក់ព័ន្ធ​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ស្ដូប​មិត្តភាព កម្ពុជា-វៀតណាម​កាលពី​ឆ្នាំ ២០០៧ និង មុខ​សួនច្បារ​ក្រសួង​ការពារ​ជាតិ និង​អតីត​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៣ កាលពី​ឆ្នាំ ២០០៩​។

លោក​ សម សេរី ដែល​បាន​ប្រកាស​បង្កើត​ «​រណសិរ្ស​រំដោះជាតិ​ខ្មែរ​» ​កាលពី​ឆ្នាំ ២០១២ បាន​បន្ត​សកម្មភាព​ «​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​ប្រទេស​ថៃ​ធ្វើ​ជា​មូលដ្ឋាន​ដឹកនាំ​បញ្ជា​»​។

ក្រសួង​មហាផ្ទៃ​អះអាង​ថា​រណ្សសិរ្ស​រំដោះ​ជាតិ​ខ្មែរ​មាន​កម្លាំង​នៅ​កម្ពុជា​ចំនួន ៤៦២ ​នាក់ ហើយ​នៅ​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ ២០១៦ លោក​ សម សេរី បាន​បង្កើត​ «​រដ្ឋាភិបាល​ជាតិ​ខ្មែរ​និរទេស​» ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក​ជាមួយ​សមាជិក​រដ្ឋាភិបាល​ស្រមោល​ចំនួន ៥៦ នាក់​។

ដោយ​បង្ហាញ​ទំនាក់​ទំនង​ជាច្រើន​របស់​លោក សម សេរី ជាមួយ​ចលនា​ផ្សេងៗ​រួម​ទាំង​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក​ សួន សេរីរដ្ឋា ​ដែល​កំពុង​ជាប់​ពន្ធនាគារ រណសិរ្ស​ខ្មែរ​កម្ពុជា​ក្រោម​ជាពិសេស​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​​គណបក្ស​សង្គ្រោះ​ជាដើម​។

ក្រសួង​មហាផ្ទៃ​អះអាង​ថា​លោក សម រង្ស៊ី និង​លោក សម សេរី បាន​ជួប​គ្នា​ចំនួន​ ២ ដង​គឺ​នៅ​ឆ្នាំ ២០១៥ ក្នុង​ប្រទេស​បារាំង និង​ឆ្នាំ ២០១៨ ក្នុង​ប្រទេស​ស្វ៊ីស​។ របាយការណ៍​សរសេរ​ថា​៖ «​ថ្ងៃទី​ ១២ កុម្ភៈ​ឆ្នាំ ២០១៨ ​សម សេរី​​ ជួប​ជាមួយ ​សម រង្ស៊ី នៅ​ប្រទេស​ស្វ៊ីស​ដោយ​ក្នុង​នោះ សម រង្ស៊ី ស្នើឲ្យ សម សេរី រៀបចំ​កម្លាំង​ទ័ព ដើម្បី​យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មាន​ប្រទេស​ចំនួន​ ២ គាំទ្រ​ពី​ក្រោយ​ព្រម​ទាំង​ផ្តល់​បច្ចេកទេស​ហ្វឹកហ្វឺន និង​ហិរញ្ញវត្ថុ​»​។

កាលពី​យប់​ថ្ងៃ​អង្គារ គេហទំព័រ​ព័ត៌មាន Fresh New អះអាង​ថា​ «​សមត្ថកិច្ច​ជំនាញ​ជាន់​ខ្ពស់​» បាន​បញ្ចេញ​នូវ​ខ្សែអាត់​សំឡេង​សន្ទនា​ចំនួន​ ២ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ និង​ទី​ ៩ ខែ​មេសា​អំពី​គម្រោង​រៀបចំ​ការបំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃទី​ ១២ ខែ​មេសា ឆ្នាំ​ ២០១៨ នៅ​រមណីយដ្ឋាន​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​។

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​អាជ្ញាធរ​បាន​ក្ដាប់​បាន​ពី​សកម្មភាព​របស់​ក្រុម​ដែល​មាន​បំណង​បង្ក​ការ​បំផ្ទុះ​នេះ​។

លោក​ថ្លែង​ថា​៖ «​និយាយ​រួម​យើង​ក្ដាប់​បាន​អស់​ហើយ​។ យើង​មាន​អត្តសញ្ញាណ​អស់​ហើយ​។ យើង​ដឹង​ពី​សកម្មភាព​»​។

លោក​បន្ថែម​ថា​អាជ្ញាធរ​នឹង ​«​ឃ្លាំ​មើល​ចំពោះ​សកម្មភាព​» របស់​ព្រះសង្ឃ​ ១ ​អង្គ ព្រះនាម យិន រតនសុធាវី ​ដែល​គេ​ស្គាល់​ថា ​ជា​អនុប្រធាន​អង្គការ ខ្ញុំ​ខ្មែរ​ដែល​ធ្វើ​សកម្មភាព​សាងសង់​ផ្ទះ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​កម្ពុជា វៀតណាម​ថា​ជា​អ្នក​គាំទ្រ​ និង​ទទួល​ការបណ្ដុះ​បណ្ដាល​ដោយ​ពួកលោក សម សេរី​។ ព្រះសង្ឃ​អង្គ​នេះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​នៅ​ក្នុង​ខ្សែអាត់​សំឡេង​សន្ទនា​ដែល​ត្រូវ​បាន​ថត​ទុក​និយាយ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​។

ទោះ​ជា​យ៉ាង​ណា​លោក​ សុភ័គ ថា សុវត្ថិភាព​សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​នឹង​ត្រូវ​បាន​ធានា ១០០ ភាគរយ​ដោយ​នឹង​មិន​មាន​អំពើ​ភេរវកម្ម​ណា​មួយ​អាច​នឹង​ត្រូវ​រៀបចំ​បាន​ទេ​។

នៅ​ពេល​ទំនាក់ទំនង​កាលពី​ម្សិលមិញ ព្រះតេជគុណ យិន រតនសុធាវី បាន​បដិសេធ​ថា​ព្រះអង្គ​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម សេរី ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​ខុស​ច្បាប់​នោះ​ទេ​។ «​អាត្មា​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម សេរី ឬ​ជា​សមាជិក​នៃ​ចលនា​នោះ​ទេ​»​។ ព្រះអង្គ​បាន​ចាត់​ទុក​ការចោទប្រកាន់ និង​ការភ្ជាប់​ព្រះអង្គ​ទៅ​នឹង​រណសិរ្ស​របស់​លោក សម សេរី ឬ​ក្រុម​ភេរវករ​ណា​មួយ​ថា​ជា​ «​រឿង​នយោបាយ​» ​ដើម្បី​បំបាក់​ស្មារតី​ព្រះអង្គ​។

លោក​ សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​កាលពី​ម្សិលមិញ​បាន​រក្សា​ជំហរ​ក្នុង​ការ​បដិសេធ​នូវ​ការរៀបចំ​គម្រោង​ណា​មួយ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក និង​អះអាង​ថា​ខ្សែអាត់​សន្ទនា​តាម​ទូរស័ព្ទ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​។

លោក​បាន​ថ្លែង​ថា​៖ «​លោក​អាច​ឮ​នៅ​ក្នុង​ខ្សែអាត់​សំឡេង​គឺ​មិន​មាន​សំឡេង​របស់​ខ្ញុំ​ទេ​…​ឯណា​ទៅ​សំឡេង ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​បញ្ជា​?»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ស្រឡាញ់​សន្តិភាព ខ្ញុំ​មិន​ត្រឹម​តែ​ចង់​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ប៉ុណ្ណោះ​ទេ តែ​ពិភពលោក​ទាំង​មូល​ផង​ដែរ​»​។

ទោះបី​ជា​លោក​បាន​បដិសេធ​ថា មិន​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នកស្រី ហ៊ុយ ធូ នៅក្នុង​ខ្សែ​អត់​សំឡេង​សន្ទនា​ និង​ព្រះតេជគុណ រតនសុធាវី ក៏ដោយ ប៉ុន្តែ​លោក​ចាត់​ទុក​ថា​ពួកគេ​ជា​ «​អ្នក​គាំទ្រ​ធម្មតា​» ​ប៉ុណ្ណោះ​។

ចំណែក​លោក សម រង្ស៊ី វិញ​បាន​បដិសេធ​ចំពោះ​ការជួប​ប្រជុំ​ជាមួយ​លោក សម សេរី ឬ​មាន​ទំនាក់​ទំនង​ជាមួយ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ បើ​ទោះបី​ក្រសួង​មហាផ្ទៃ​បង្ហាញ​រូបថត​ចំនួន ២ សន្លឹក​អំពី​ការជួប​ប្រជុំ​នោះ​ក្ដី​។

លោក​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​៖ «​លោក ហ៊ុន សែន ត្រូវការ​ប្រឌិត​អ្វី​មួយ ដើម្បី​បន្ត​ទាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​ខ្ញុំ​ពី​ដំណើរការ​បោះឆ្នោត​។ ខ្ញុំ​មិន​ត្រូវការ ហើយ​ក៏​មិន​ដែល​នឹង​តស៊ូ​មតិ ដោយ​ប្រើ​អំពើ​ហិង្សា​ណា​មួយ ដើម្បី​នាំ​មក​នូវ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​»៕


Contact authors: បែន សុខហ៊ាន and Andrew Nachemson

What Next?

Recent Articles