World Bank ព្រមានជាថ្មីពីហានិភ័យប៉ះពាល់កំណើនសេដ្ឋកិច្ចនៅឆ្នាំបោះឆ្នោត

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨​ | ម៉ោង 4:49 PM
http://vodhotnews.com

សេដ្ឋកិច្ច


ធនាគារពិភពលោក បង្ហាញតាមរយៈរបាយការណ៍ថ្មីមួយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្ដរឹងមាំនៅឆ្នាំនេះ ខណៈដែល​ព្រមានផង​ដែរ​ពី​ភាពមិនច្បាស់លាស់នៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ​ថា អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនេះ។

ក្នុង​របាយការណ៍ថ្មីមួយមានចំណងជើងថា «បង្កើនសក្តានុពល» ចេញផ្សាយនៅថ្ងៃនេះ ធនាគារពិភពលោក បាន​ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែរក្សាបានភាពរឹងមាំរបស់ខ្លួន​ជាមួយ​សន្ទុះ​ ៦,៩ភាគរយ នៅឆ្នាំ២០១៨ បើធៀបនឹងកំណើន៦,៨ភាគរយ​កាលពីឆ្នាំមុន។

ធនាគារពិភពលោកគូសបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ បានថយល្បឿន​ពីចំនួន ៨,៤ភាគរយ នៅឆ្នាំ២០១៦ មកនៅ​ត្រឹម ៧,៧ភាគរយនៅឆ្នាំមុន ហើយការរកឃើញបែបនេះ គឺស្របពេលសហគមន៍អឺរ៉ុប និងអាមេរិក បានព្រមានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ជុំវិញភាពចម្រូងចម្រាស់នៃបញ្ហានយោបាយក្រោយរំលាយបក្សប្រឆាំង។

ដើម្បីទូទាត់ការធ្លាក់ចុះក្នុងវិស័យកាត់ដេរ ធនាគារពិភពលោកពន្យល់ថា រដ្ឋាភិបាលកម្ពុជា បានខិតខំទាក់ទាញការវិនិយោគ និងកំណើនភ្ញៀវទេសចរចិន បង្កើនផលិតផលកសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ ការប្រមូលពន្ធ និងការកំណត់ពិដានការប្រាក់ត្រឹម ១៨ភាគរយជាដើម។ បន្ថែមលើនេះ រដ្ឋាភិបាល ក៏បានងាកទៅរក​ទីផ្សារចិន ក្រោយរងការព្រមានទណ្ឌកម្មពីសហភាពអឺរ៉ុប​ និងសហរដ្ឋអាមេរិក។

ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិច លោក ស៊ុឌៀ សេតទី មានប្រសាសន៍ថា អត្រាកំណើន ៦,៩ភាគរយនេះ គឺធ្វើតាមការព្យាករណ៍ ដែលអាចកើតឡើងនាពេលអនាគត ប៉ុន្ដែ លោកព្រមានថា បើសិនបញ្ហានយោបាយ ឬការបោះឆ្នោតជួបបញ្ហាណាមួយនោះ វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចនេះផងដែរ។

លោកថា៖ «ក្នុងករណីកម្ពុជា យើងសន្និដ្ឋានថា ការបោះឆ្នោត នឹងកើតឡើងតាមការគ្រោងទុក ដែលគេនឹងមិនបង្កអស្ថិរភាពដល់សកម្មភាពសេដ្ឋកិច្ចខ្លាំងក្លានោះទេ។ ប៉ុន្ដែ និយាយដូចនេះ វាក៏ប្រាកដជាមានលទ្ធភាព ដែលអាចនឹងមានអស្ថិរភាពជាក់ស្ដែង កើតចេញពីការបោះឆ្នោតនោះទេ ហើយជាការពិត វានឹងបះពាល់ទស្សនវិស័យសេដ្ឋកិច្ច ដូចដែលអ្នកលើកឡើង គឺតាមរយៈការវិនិយោគ»

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា នេះជាសញ្ញាអវិជ្ជមានមួយ ដែលកើតចេញពីការទាស់ទែងខ្វែងគំនិតគ្នា​រវាងអ្នកនយោបាយខ្មែរនៅមុនការបោះឆ្នោត។ លោកបន្ដថា កម្ពុជា មិនអាចឱបជើងប្រទេសកុម្មុយនីស្ដចិន ហើយផ្ដាច់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកសេរីបានទេ។

លោកថា ចង់ ឬមិនចង់ អ្នកនយោបាយខ្មែរ ត្រូវស្វែងរកដំណោះស្រាយសមស្របមួយ ដើម្បីបញ្ចៀសហានិភ័យទាំងអស់នោះ។

លោកថា៖ «សញ្ញានេះ ជាសញ្ញាមិនសូវល្អមួយ ប៉ុន្ដែ​ បើសិនណាការអនុវត្ត​ការកាត់បន្ថយ ឬការអនុគ្រោះពន្ធឈប់មាន គឺអាហ្នឹង ឈានដល់ចំណុចហានិភ័យខ្លាំងមែនទែន។ កុំគិតថា នាំទៅប្រទេសណាផ្សេង ពីព្រោះថា ចិនដែលគាត់មកផលិតនៅកម្ពុជា ក៏ដើម្បីនាំទៅសហគមនអឺរ៉ុប […] យើងពិបាកនឹងប៉ាន់ស្មាន អាស្រ័យលើតួអង្គពីរ ដែលជាអ្នក គាត់ថ្លឹងថ្លែងស្ថានភាពទាំងពីរហ្នឹង តួអង្គរដ្ឋាភិបាល ទាក់ទងជាមួយនឹងសម្ពាធ និងភាពបត់បែន រៀបចំឲ្យមានស្ថានភាពនយោបាយ ប្រសើរឡើងវិញយ៉ាងម៉េច»

ប្រធានអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើសិនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ​ មិនត្រូវបានទទួលស្គាល់ទេនោះ កម្ពុជានឹងជួបបញ្ហាប្រឈមជាច្រើន ដូចជា ការតវ៉ាលទ្ធផលបោះឆ្នោត អស្ថិរភាពជាតិ និងអសន្ដិសុខសង្គមជាដើម។ លោកយល់ថា កត្ដាទាំងនេះ នឹងប៉ះពាល់ខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានា​។​

លោកថា៖ «អ្វីដែលសំខាន់ ដែលអាចបះពាល់ដល់សេដ្ឋកិច្ចកម្ពុជា គឺវាទាក់ទងនឹងរឿងនយោបាយតែម្ដង នៅពេលដែលភាពមិនច្បាស់លាស់នៃការបោះឆ្នោត មិនត្រូវបានដោះស្រាយ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច ទោះពីជាសេដ្ឋកិច្ច ៦,៩ភាគរយ ក៏ដោយ ប៉ុន្ដែ វាអាចនឹងថយចុះមែន បើសិនបើមានការបោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្ដិធម៌ វាមិនមានការតវ៉ាប្រឆាំង ឬមួយការមិនទទួលស្គាល់អំពីការបោះឆ្នោត វាធ្វើឲ្យមានអស្ថិរភាពនយោបាយ»។

ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា បន្ដភាពរឹងមាំរបស់ខ្លួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែ ចំពោះបញ្ហានយោបាយ និងសិទ្ធិមនុស្សវិញ ត្រូវបានប្រទេសលោកសេរី វាយតម្លៃថា កំពុងធ្លាក់ចុះ និងពោរពេញដោយរិតត្បិត។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ​ ដែលបានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា បើសិនរដ្ឋាភិបាលមិនស្ដាប្រជាធិបតេយ្យឡើងវិញទេនោះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles