ពលរដ្ឋ​មួយ​ចំនួន​បន្ត​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ទោះ​រង​ការ​គំរាម​ប្ដឹង​ទារ​ប្រាក់​យ៉ាង​ច្រើន​ក្ដី

ដោយ ថន ថារ៉ូ
2018-07-24
RFA

យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot


អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បន្ត​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដោយ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខ ស្រប​ពេល​ដែល​ថ្មីៗ នេះ​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ព្រមាន​ថា​សមត្ថកិច្ច​នឹង​ប្ដឹង​ទារ​លុយ​អ្នកធ្វើ​យុទ្ធនាការ​នេះ ចន្លោះ​ពី​៥ ទៅ​២០​លាន​រៀល​នោះ។

អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក ដែល​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ ហើយ​ភាគច្រើន​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នោះ ថតរូប​លើក​ចង្អុលដៃ​ជា​ក្រុម និង​ខ្លះ​ទៀត​ម្នាក់ឯង ហើយ​អ្នកខ្លះ​ហ៊ាន​សរសេរ​សារ​ខ្លីៗ​ភ្ជាប់​នឹង​រូបថត​នោះ​ទៀត​ផង។

អ្នកប្រើប្រាស់​ហ្វេសប៊ុក​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា​ថា មូលហេតុ​ដែល​បង្ហោះ​រូបថត​លើក​ចង្អុល​នេះ ដោយសារ​ចង្អៀតចង្អល់​ចិត្តនឹង​ដំណើរការ​បោះឆ្នោត​ខាងមុខ ដែល​មិន​ឆ្លុះ​បញ្ចាំ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ព្រោះ​មិន​មាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ដែល​ជា​ដៃ​គួរ​ប្រកួតប្រជែង​មាន​ទម្ងន់​ស្មើគ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ពលរដ្ឋ​រូប​នេះ បន្ថែម​ទៀត​ថា ដោយសារតែ​ការ​មិន​ពេញចិត្ត​នេះ​ទើប​សម្ដែង​មតិ ដើម្បី​បង្ហាញ​ទៅ​សាធារណជន​ឲ្យ​បាន​ដឹង​ថា ខ្លួន​នឹង​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​ក្លែងក្លាយ​បែប​នោះ​ទេ ហើយ​នឹង​បន្ត​យុទ្ធនាការ​នេះ​រហូតដល់​ថ្ងៃ​បោះឆ្នោត៖ «ហើយ​បើ​ខ្ញុំ​អត់​បាន​អំពាវនាវ​ឲ្យ​អ្នក​ផ្សេង​ទៅ​ចូលរួម​ផង គ្រាន់តែ​បង្ហោះ​ម្រាមដៃ​ខ្លួនឯង​បង្ហាញ​ឆន្ទៈ​ខ្លួនឯង ខ្ញុំ​គិត​ថា វា​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ដូច្នេះ​បានជា​ខ្ញុំ​មិន​ខ្លាច​នោះ។ ខ្ញុំ​គិត​ថា​ការ​ទៅ​ចូលរួម​ប្រថាប់ត្រា​បោះឆ្នោត​ក្នុង​ស្ថានភាព​ដែល​គណបក្ស​មួយ​ទៀត ហើយ​យក​កៅអី​ទៅ​ចែក​ឲ្យ​គណបក្ស​ដែល​ពលរដ្ឋ​មិន​បោះឆ្នោត​ឲ្យ​នោះ​គឺជា​ការ​សម្លាប់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទៅវិញ​ទេ»

ហ្វេសប៊ុក​ឈ្មោះ ជា ខេមរា នៅ​ថ្ងៃ​ទី​២៤ កក្កដា​បាន​បន្ត​ចែករំលែក​សារ របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក​មួយ​ក្រុម​ដែល​ថតរូប​លើក​ចង្អុលដៃ​មាន​គ្នា​ជាង ១០​នាក់ ហើយ​មាន​សរសេរ​ខ្លឹម​ថា អ្នកស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ រក្សា​ម្រាមដៃ​ស្អាត​រហូត​ដាច់​ខែ​កក្កដា ឆ្នាំ​២០១៨ មិន​អោយ​ប្រឡាក់​ឡើយ។

ថ្មី​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា បើ​ចាប់ខ្លួន អ្នក​បង្ហោះ​ម្រាមដៃ​ស្អាត​ដាក់គុក គ្មាន​កន្លែង​ដាក់​នោះ​ទេ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន​ហើយ។ លោក​សួរ​ទៅ​សមត្ថកិច្ច​ថ្នាក់​ក្រោម​របស់​លោក​ថា តើ​មាន​ច្បាប់​ណា​ចាប់​អ្នក​ទាំងអស់​នោះ​ទេ? ហេតុនេះ​មានតែ​សម្រប​សម្រួល​ដោះស្រាយ​ផាក​ពិន័យ។ អនុប្រធាន​គណបក្ស​កាន់​អំណាច​រូបនេះ​អះអាង​ទៀត​ថា សមត្ថកិច្ច​នឹង​មិន​ចាប់ខ្លួន អ្នក​ដែល​បង្ហោះ​រួប​ភាព​ម្រាមដៃ​ស្អាត ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​ទៅ​បោះឆ្នោត​នោះ​ទេ ក៏ប៉ុន្តែ​គេ​នឹង​ប្ដឹង​អ្នក​ធ្វើ​យុទ្ធនាការ​នេះ ទារ​ប្រាក់​ចន្លោះ ៥​លាន​រៀល ទៅ ២០​លាន​រៀល៖ «ចាប់​ហើយ​គ្មាន​ហេតុផល​ចាប់ខ្លួន​ទៀត។ ពួក​ហ្នឹង​មួយ​ចំនួន ប៉ូលិស​ចង់​ទៅ​ចាប់ តែ​ខ្ញុំ​អត់​ទេ? មាន​ច្បាប់​ណា​ចាប់​? មានតែ​ផាក​ពិន័យ​ទេ។ ប្តឹង​ទារ​ប្រាក់ ៥​ទៅ ២០​លាន​រៀល។ បើ​ម្ដង​មិន​រាងចាល​ប្ដឹង​ទៀត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ករណី​នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​បុគ្គល​ម្នាក់ៗ ដោយ​ពុំ​មាន​ខុសច្បាប់​អ្វី​នោះ​ទេ។ លោក យិន ម៉េងលី ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​នយោបាយ ដោយសារតែ​ជា​រឿង​រសើប​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងមុខ៖ «ការ​បញ្ចេញមតិ​គឺ​គាត់​ចង់​ឲ្យ​គេ​ដឹង ថា​គាត់​មិន​សប្បាយចិត្ត​រឿង​អី​មួយ​គាត់​ត្រូវ​បញ្ចេញមតិ។ ដូច្នេះ​សរុប​សេចក្ដី​មក​ខ្ញុំ​គិត​ថា អ្នកប្ដឹង​ឬក៏​គណបក្ស​នយោបាយ​បញ្ចប់​បញ្ហា​នេះ​ទៅ ហើយ​កុំ​បញ្ហា​នេះ​ធ្វើជា​ឧបសគ្គ»

ថ្មីៗ​នេះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង ចំនួន​៥​នាក់​រួចមក​ហើយ ដោយសារ​ពួកគេ​បាន​បង្ហោះ​រូបថត​ម្រាមដៃ​ស្អាត ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ កក្កដា ទើប​តែ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ជាប់ឆ្នោត​គណបក្សប្រឆាំង គឺ​លោក ជា ជីវ ម្នាក់​គត់​ដែល​មន្ត្រី​បក្ស​កាន់អំណាច​ប្ដឹង​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​ចាត់វិធានការ​បន្ត​ទៀត ក្រោយពី​ប្ដឹង​ទៅ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ឃុំ មិន​មាន​ដំណោះស្រាយ។ លោក ជា ជីវ អះអាង​ថា ពួកគាត់​នឹង​នៅតែ​បន្ត​បង្ហោះ​សារ​នេះ​បន្ត​ទៀត បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់អំណាច​ប្ដឹង​ទៅដល់​ណា​ក៏​ដោយ ហើយ​មិន​រត់ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ខេត្ត​បាត់ដំបង​នោះ​ដែរ។

លោក​មេធាវី និង​អ្នកវិភាគ​នយោបាយ មាន​លោក ផែង ហេង លោក ជូង ជូងី និង​លោក​បណ្ឌិត ឡៅ ម៉ុង ហៃ ថ្មីៗ​នេះ​ពន្យល់​ថា ការ​មិន​ទៅ​បោះឆ្នោត និង​ការ​បង្ហាញ​ចង្អុលដៃ​ស្អាត​មិន​ទៅ​បោះឆ្នោត ឬ​ប្រាប់​អ្នកដទៃ​មិន​អោយ​ទៅ​បោះឆ្នោត គឺ​មិន​ខុសច្បាប់​អ្វី​ឡើយ។ ពួកគេ​ចាត់ទុកថា​ការ​បំពាន​ច្បាប់ លុះត្រាតែ​ធ្វើ​សកម្មភាព​រារាំង បង្ខំ​អ្នកដទៃ​មិន​អោយ​ទៅ​បោះឆ្នោត​ទើប​ត្រូវ​ពិន័យ​ជា​ប្រាក់ ដូច​មាន​ចែង​ក្នុង​មាត្រា ១៤២​នៃ​ច្បាប់បោះឆ្នោត​ថា អ្នក​ដែល​គំរាម​គេ​អោយ​ចេញទៅ​បោះឆ្នោត​ទៅវិញ​ទេ ទើប​មាន​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles