ដោយ ថន ថារ៉ូ
2018-07-25
RFA

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។ RFA
![]()
សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយចេកម្នាក់ កំពុងតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ ដោយសារតែមន្ត្រីប៉ូលិសស្រុកស្វាយចេកបានទៅដល់ផ្ទះ ដើម្បីកោះហៅក្រុមប្រឹក្សារូបនេះ ទៅឲ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើយុទ្ធនាការម្រាមដៃស្អាតបន្តទៀត។ មន្ត្រីអង្គការសង្គមស៊ីវិលនៅបន្ទាយមានជ័យ ចាត់ទុកបញ្ហានេះថា ការជាការគំរាមកំហែងដល់មន្ត្រីបក្សប្រឆាំងធ្វើឲ្យភ័យខ្លាច។
សមាជិកក្រុមប្រឹក្សាឃុំទ្រាស ស្រុកស្វាយចេកជាប់ឆ្នោតគណបក្សប្រឆាំង បានទៅប្រឹក្សាផ្លូវច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ ក្រោយពីរូបគេត្រូវបានសមត្ថកិច្ចទូរស័ព្ទហៅជាច្រើនលើក ឲ្យទៅជួបនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រាស។
មន្ត្រីគណបក្សប្រឆាំងឃុំទ្រាលលោក រិទ្ធ ម៉ារ៉ូ ឲ្យដឹងនៅថ្ងៃទី២៥ កក្កដា ថា ប៉ូលិសឃុំទ្រាស មានគ្នា៣នាក់បានចូលទៅដល់ផ្ទះរបស់ខ្លួន ហើយបង្ខំរូបគាត់ឲ្យទៅធ្វើកិច្ចសន្យា បញ្ឈប់យុទ្ធនាការម្រាមដៃស្អាត នៅប៉ុស្តិ៍នគរបាលឃុំ។ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរូបនេះអះអាងទៀតថា ខ្លួនមិនចង់ទៅធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចនោះទេ ព្រោះមិនបានធ្វើអ្វីខុសច្បាប់នោះឡើយ៖ «បើសិនជាខ្ញុំទៅធ្វើកិច្ចសន្យាបានន័យថា ខ្ញុំខុសច្បាប់អីចឹងហើយបានជាខ្ញុំពិបាក បើទៅក៏ពិបាកមិនទៅក៏ពិបាក ព្រោះសមត្ថកិច្ចក៏បានទៅដល់ផ្ទះខ្ញុំដែរ។ និយាយរួមទៅ នេះជាការគំរាមកំហែងខ្ញុំតែម្ដង ព្រោះមិនបានធ្វើអីខុសផង»។
ទាក់ទងនឹងបញ្ហានេះ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រាស លោក សេ ប៉យ អះអាងថា មន្ត្រីថ្នាក់លើបានបញ្ជាឲ្យលោក ហៅមន្ត្រីគណបក្សប្រឆាំងរូបនេះធ្វើកិច្ចសន្យា ដោយសារតែលោក រិទ្ធ ម៉ារ៉ូ បានបង្ហោះរូបថតលើកចង្អុលដៃជាក្រុម កាលពីថ្ងៃ២៣ កក្កដា។ មន្ត្រីប៉ូលិសរូបនេះបន្ថែមថា ការលើកម្រាមដៃនេះ គឺជាការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតខាងមុខ៖ «បើគាត់មិនទៅបោះឆ្នោតគាត់មិនមានទោសទេ តែបើគាត់បបួលគេកុំឲ្យទៅបោះឆ្នោតដែរបានមានទោស បើយើងមិនបោះហូបបាយរួចដេកផ្ទះទៅមានអីខុស វាយ៉ាងតែយើងទៅញុះញង់គេ កុំឲ្យទៅបោះឆ្នោតតើដែលខុស»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា រឿងនេះមិនអាចចាត់ទុកជាការញុះញង់ឲ្យប្រព្រឹត្តបទល្មើសនោះទេ ដូច្នេះសមត្ថកិច្ចក៏មិនត្រូវហៅអ្នកលើកម្រាមដៃស្អាតនេះទៅព្រមាននោះដែរ ព្រោះមិនមានចែងនៅក្នុងច្បាប់។ លោក ស៊ុំ ច័ន្ទគា បន្ថែមទៀតថា មន្ត្រីគណបក្សប្រឆាំងរូបនេះបានមកជួបលោកដល់ទីស្នាក់ការសមាគមអាដហុក ដោយសារតែព្រួយបារម្ភខ្លាចសមត្ថកិច្ចអនុវត្តខុសពីច្បាប់ចែង ហើយអាចធ្វើការចោទប្រកាន់មកលើរូបគេតាមអំពើចិត្តនោះ៖ «បើមានច្បាប់ចែងចាំលោកចាប់ចុះ តែបើគ្មានច្បាប់ចែងផង បែរទៅជាហៅគេទៅធ្វើកិច្ចសន្យាអីចឹង គឺជាការបំភិតបំភ័យ ព្រោះថាបោះឆ្នោតមានអ្នកចាញ់ អ្នកឈ្នះ ហើយបើគណបក្សសង្គ្រោះជាតិស្លាប់បាត់ទៅហើយ ដូច្នេះមិនត្រូវខ្លាចខ្មោចគណបក្សសង្គ្រោះជាតិទេ»។
មួយរយៈចុងក្រោយនេះ សមត្ថកិច្ច និងមន្ត្រីគណបក្សប្រជាជនកម្ពុជាហាក់មានការភ័យព្រួយទៅលើអ្នកដែលធ្វើយុទ្ធនាការម្រាមដៃស្អាត ហើយថ្មីៗនេះ មន្ត្រីគណបក្សកាន់អំណាចនៅខេត្តបាត់ដំបង បានប្ដឹងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន ៥រូប ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ប៉ុន្តែគ្មានដំណោះស្រាយ ហើយបានប្ដឹងបន្តទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបន្តទៀត ដើម្បីឲ្យចាត់វិធានការផ្លូវច្បាប់។ លោកមេធាវី និងអ្នកវិភាគនយោបាយ មានលោក ផែង ហេង លោក ជូង ជូងី និងលោកបណ្ឌិត ឡៅ ម៉ុង ហៃ ថ្មីៗនេះពន្យល់ថា ការមិនទៅបោះឆ្នោត និងការបង្ហាញចង្អុលដៃស្អាត មិនទៅបោះឆ្នោត ឬប្រាប់អ្នកប្រាប់អ្នកដទៃ មិនអោយទៅបោះឆ្នោត គឺមិនខុសច្បាប់អ្វីឡើយ។ ពួកគេចាត់ទុកថា ការបំពានច្បាប់ លុះត្រាតែធ្វើសកម្មភាពរារាំង បង្ខំអ្នកដទៃមិនអោយទៅបោះឆ្នោតទើបត្រូវពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា១៤២ នៃច្បាប់បោះឆ្នោត ហើយថា អ្នកដែលគំរាមគេអោយចេញទៅបោះឆ្នោតទៅវិញទេទើបមានទោស៕