អាស៊ីសេរី
2018-07-25

កងកម្លាំងរាជអាវុធហត្ថឈរតម្រៀបជួរគ្នានៅត្រើយម្ខាងស្ពានស្ទឹងមានជ័យ ដើម្បីការពារសន្តិសុខ និងក្រុមបាតុករ។ Photo: RFA
ទំព័រហ្វេសប៊ុក (Facebook) សាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី២៥ កក្កដា សរសេរថា អាជ្ញាធរក្រុងភ្នំពេញ នឹងដាក់ពង្រាយកងកម្លាំងនគរបាលជាតិជិត ៥ពាន់នាក់ (៤.៦២៥នាក់) ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅក្នុងក្រុងភ្នំពេញ។
សាលាក្រុងភ្នំពេញ ដែលបង្ហោះរូបថត ១៥សន្លឹក ឃើញមាន វត្តមានមេប៉ូលិសក្រុងភ្នំពេញ លោក ជួន សុវណ្ណ ឈរជាមួយអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដែលចុះពិនិត្យកងកម្លាំងនគរបាលចម្រុះរាប់ពាន់នាក់ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។ ក្នុងចំណោមកងកម្លាំងទាំងនេះ មាននគរបាលចរាចរណ៍ កងកម្លាំងពិសេសប្រដាប់ដោយកាំភ្លើងទំនើបគ្រប់ដៃ និងកងកម្លាំងបង្ក្រាបបាតុកម្ម។
អាជ្ញាធរក្រុងភ្នំពេញ ប្រើប្រាស់កម្លាំងជិតមួយពាន់បីរយនាក់ (១.២៥៥នាក់) ដើម្បីការពារយុទ្ធនាការឃោសនាបោះឆ្នោត ។ ចំណែក កម្លាំងចំនួនបួនពាន់ ប្រាំរយ ប្រាំនាក់ (៤.៥០៥នាក់) នឹងប្រើប្រាស់ក្នុងកិច្ចការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំនួន ២.១៣៨ការិយាល័យ លើ២៦៦ទីតាំង។ ក្រៅពីនេះ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រខាងក្រៅ ប្រើប្រាស់កម្លាំងចំនួន៤៨០នាក់ ហើយនឹងកម្លាំងការិយាល័យវិទ្យុទាក់ទង មានចំនួន ២៦៤នាក់ (ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥)។
សារព័ត៌មានក្នុងស្រុកចុះផ្សាយថា អាជ្ញាធរក្រុងភ្នំពេញ ប្រមូលផ្ដុំកម្លាំងទាំងអស់ ការពារគ្របទីស្នាក់ការបោះឆ្នោតគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដឹកជញ្ជូនសម្ភារៈឯកសារបោះឆ្នោត និងកំណត់ហេតុបូកសរុបលទ្ធផល នៃការបោះឆ្នោត តាមការិយាល័យបោះឆ្នោតនីមួយៗ ។ មេប៉ូលិសក្រុងភ្នំពេញ លោក ជួន សុវណ្ណ និយាយថា ការប្រមូលផ្ដុំកម្លាំងត្រៀមអន្តរាគមន៍នេះ គឺ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅមុន និងអំឡុងបោះឆ្នោត និងក្រោយការប្រកាសលទ្ធផលការបោះឆ្នោត។
ស្របគ្នានេះ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោក ដល់កងកម្លាំងប្រដាប់អាវុធ កុំបាញ់ប្រហារលើប្រជារាស្ត្រស្លូតត្រង់ ក្រោយការបោះឆ្នោត បើសិនជាមានពលរដ្ឋចេញតវ៉ានឹងការបោះឆ្នោតដែលគ្មានបក្សសង្គ្រោះជាតិចូលរួមនោះ។
ចំណែក អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេស រួមទាំងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ កំពុងធ្វើយុទ្ធនាការម្រាមដៃស្អាតលើបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត កុំទៅចូលរួមការបោះឆ្នោត ដែលពួកគេចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕