កម្លាំង​នគរបាល​ប្រមាណ​ ៥០០០ ​នាក់​​ត្រៀម​ពង្រាយ​ការពារ​ការបោះឆ្នោត

កម្លាំង​នគរបាល​ត្រៀម​ការពារ​ដំណើរការ​បោះឆ្នោត​។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​ប្រមាណ​ជិត​ ៥០០០ ​នាក់​ដើម្បី​ទប់ស្កាត់​គ្រប់​ឧបាយកល​ និង​ការបង្ក​ចលាចល​នយោបាយ​របស់​ក្រុម​ប្រឆាំង និង​ក្រុម​សម្ព័ន្ធ​អមិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​កំពុង​ខិតខំ​បង្ក​ជា​ឧបសគ្គ​ដើម្បី​បំផ្លាញ​ដំណើរការ​បោះឆ្នោត​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អគ្គស្នងការរង​នគរបាល​ជាតិ​។

សារ​នយោបាយ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា អ្នក​ប្រឌិត​ព័ត៌មាន​ទាំងឡាយ​ក្នុង​ចេតនា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​នឹង​ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ណា​ ឬ​ក្រុម​ណា​ដែល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ ម្រាមដៃ​ស្អាត ខណៈ​ពេល​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ខិតខំ​ធ្វើ​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ពហិការ​ក្នុង​ការ​បោះឆ្នោត​។

ក្នុង​ពិធី​ត្រួតពិនិត្យ និង​សំណេះសំណាល​កងកម្លាំង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែ​កក្កដា​ឆ្នាំ​ ២០១៨​លោក ជួន សុវណ្ណ ​បាន​ថ្លែង​ទៅកាន់​កម្លាំង​ប្រមាណ​ជិត ៥០០០ នាក់​ដែល​ត្រៀម​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។

​លោក​ថ្លែង​ថា​៖ «​ពង្រឹង​គ្រប់​វិធានការ​ជំនាញ​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​សកម្មភាព​របស់​ក្រុម​ភេរវករ​ដែល​មាន​ឧបាយកល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គំរាមកំហែង ឬ​ធ្វើឃាត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ឥស្សរជន​សំខាន់ បេក្ខជន​វាគ្មិន ប្រជាពលរដ្ឋ ឬ​ដាក់​គ្រឿង​ផ្ទុះ​បង្ក​សំឡេង​នៅ​តាម​ទីប្រជុំជន​សំដៅ​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ឧបសគ្គ​បំផ្លាញ​ការបោះឆ្នោត​»​។

លោក សុវណ្ណ ថ្លែង​បន្ត​ថា​៖ «​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​រាល់​សកម្មភាព​របស់​ក្រុម​ប្រឆាំង ក្រុម​សម្ព័ន្ធអមិត្ត​ទាំង​ក្នុង និង ក្រៅ​ប្រទេស​ដែល​កំពុង​ខិតខំ​រិះរក​គ្រប់​វិធី​ដើម្បី​ញុះញង់​បង្ក​ជា​ឧបសគ្គ ឬ​ឈាន​ទៅ​បំផ្លាញ​ការបោះឆ្នោត ការបំភិតបំភ័យ ការឃោសនា​ញុះញង់​ឲ្យ​ពលរដ្ឋ កម្មករ មន្ត្រីរាជការ ធ្វើ​បាតុកម្ម កូដកម្ម និង​ការតវ៉ា​ទាមទារ​ផ្សេងៗ​ ឬ​ផ្សព្វផ្សាយ​សង្គ្រាម​ចិត្តសាស្ត្រ​បំប៉ោង​សភាពការណ៍​មិន​ពិត​ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពស្រពេច​ស្រពិល ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ចូលរួម​បោះឆ្នោត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​៖ «​យើង​មាន​ព័ត៌មាន​មួយ​ចំនួន​កំពុងតែ​វិភាគ​ថា ពិត​ ឬ​មិន​ពិត​ហើយ​យើង​ដឹងថា មាន​ក្រុម​មួយ​ចំនួន​មាន​គោលការណ៍​ក្រោយ​បោះឆ្នោត​ហើយ​យើង​ដឹង​ផែនការ​មុន​ហើយ​។ គាត់​មាន​បំណង​ចង់​អុកឡុក ហើយ​យើង​មាន​វិធានការ​ទប់ស្កាត់​ហើយ​»​។

លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ការចោទប្រកាន់​របស់​មន្ត្រី​បក្ស​កាន់អំណាច​ដោយ​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ​កាលពី​ចុងឆ្នាំ​ ២០១៧​។

លោក ច័ន្ទនី ថ្លែង​ថា​៖ «​យើង​មិន​ដែល​បាន​ទាក់ទង​អី​គ្នា​ទេ​។ ​យើង​គ្រាន់តែ​មើល​ទៅ​តាម​ហ្វេសប៊ុក​ហើយ​ពេល​ខ្លះ​ស៊ែរ៍ ក៏​មិន​ហ៊ាន ដូច្នេះ​ដំណឹង​អស់​នេះ​យើង​មិន​បាន​ដឹង​ទេ ហើយ​យើង​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​អី​ដែរ​។ ក្រុម​សង្គ្រោះ​ជាតិ​មិន​ធ្វើ​ផែនការ​បែប​ហ្នឹង​ទេ​។ យើង​មិន​ដឹង​គេ​បាន​ព័ត៌មាន​ពី​ប្រភព​ណា​ទេ​»៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles