(រាប់ពីស្តាំ) លោក សាម អ៊ីន លោក យ៉ង សាំងកុមារ និងលោក យ៉េង វីរៈ ថ្នាក់ដឹកនាំ GDP។ រូបថត ហ្វេសប៊ុក
Thu, 26 July 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈអតីតគណបក្សប្រឆាំងកំពុងស្វះស្វែងរកការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតក្នុងយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាយ៉ាងហោចណាស់មានគណបក្សចំនួន ២ ដែលចូលរួមប្រកួតក្នុងការបោះឆ្នោត បានរិះគន់យុទ្ធនាការ «ម្រាមដៃស្អាត» របស់អតីត CNRP ថាបង្ហាញពីការ «បែកបាក់» ក្នុងសង្គមខ្មែរ និងហុចប្រយោជន៍ឲ្យបក្សកាន់អំណាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ជាអ្វីដែលអតីតមន្ត្រីបក្សប្រឆាំងជំទាស់។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលត្រូវបានបង្កើតឡើងដោយក្រុមបញ្ញវន្តមួយក្រុមពីអង្គការសង្គមស៊ីវិល បានចាត់ទុកយុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង» ឬ «ម្រាមដៃស្អាត» របស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិថា ជាការជួយឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីបន្តឈ្នះការបោះឆ្នោតបន្តទៀតយ៉ាង «ភ្លូកទឹកភ្លូកដី» ប៉ុណ្ណោះ។
លោកថ្លែងតាមរយៈសារអេឡិចត្រូនិកមកកាន់ភ្នំពេញប៉ុស្តិ៍ថា៖ «យុទ្ធនាការ ដេកផ្ទះឈ្នះឯង នឹងបង្កើតទម្លាប់មិនល្អ អសកម្មដល់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមក្នុងនយោបាយ ជាពិសេសការបោះឆ្នោត។ យុទ្ធនាការនេះនឹងជួយគណបក្សប្រជាជនដោយប្រយោលឲ្យឈ្នះភ្លូកទឹកភ្លូកដី បើប្រជាពលរដ្ឋចង់ដូរភាគច្រើនមិនទៅបោះឆ្នោត»។
លោកបន្តថាអតីតបក្សប្រឆាំង «គួរបញ្ចប់យុទ្ធនាការនេះ ហើយជំរុញឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតដើម្បីការផ្លាស់ប្តូរ» ជាវិជ្ជមានវិញ។
លោកសង្កត់ធ្ងន់ថា៖ «បរិបទនយោបាយកម្ពុជាត្រូវបានពុលដោយវប្បធម៌នយោបាយចាស់គំរឹល ដែលជានយោបាយសម្លុត គំរាម ជេរប្រមាថ ចោទប្រកាន់ និងការលាបពណ៌។ យើងត្រូវផ្លាស់ប្តូរនយោបាយមិនល្អនេះចេញ ហើយត្រូវបណ្តុះវប្បធម៌នយោបាយថ្មី ដែលអប់រំ និងពង្រឹងសិទ្ធិអំណាចពលរដ្ឋឲ្យចូលរួមក្នុងនយោបាយដោយពុំមានការភ័យខ្លាច»។
ស្រដៀងគ្នានេះដែរលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ (KWP) ដែលជាកូនប្រុសពៅ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង យល់ថាសកម្មភាពរបស់លោក សម រង្ស៊ី «ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។
លោកថ្លែងថា៖ «ការធ្វើពហិការការបោះឆ្នោតគឺជាជំហានមួយផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលរាល់ការផ្លាស់ប្តូរអ្នកដឹកនាំត្រូវធ្វើឡើង តាមរយៈការបោះឆ្នោត។ ការរំលាយគណបក្ស សង្គ្រោះជាតិ និងយុទ្ធនាការម្រាមដៃស្អាត បង្ហាញពីការបែកបាក់កាន់តែខ្លាំងក្នុងសង្គមខ្មែរដែលនេះពុំមែនជាគំរូល្អ សម្រាប់ក្មេងជំនាន់ក្រោយឡើយ។ ល្មមដល់ពេលហើយដែលអ្នកនយោបាយជើងចាស់ត្រូវសម្រេចការផ្សះផ្សាជាតិឲ្យបានតាមរយៈកិច្ចសន្ទនាដើម្បីឲ្យពលរដ្ឋអាចរស់នៅបានដោយរីករាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ»។
លោកបន្តថា៖ «ការបោះឆ្នោតឆ្នាំ ២០១៨ គឺជាឱកាសសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ ដូចនេះលោកប្រធាន សម រង្ស៊ី គួរផ្តល់ការគាំទ្រដល់អ្នកប្រជាធិបតេយ្យដូចគ្នា តាមរយៈការអំពាវនាវឲ្យអ្នកគាំទ្រខ្លួន បោះឆ្នោតជូនគណបក្ស ឆន្ទៈខ្មែរ លេខរៀងទី ១៧ សញ្ញាព្រះអាទិត្យថ្មីដើម្បីឈានទៅដោះស្រាយបញ្ហានយោបាយដែលជាប់គាំងកន្លងមកហើយរួមគ្នាកសាងប្រទេសឡើងវិញ»។
ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិយល់ផ្ទុយពីនេះ។
លោកថ្លែងថា៖ «ជាទស្សនៈខ្ញុំ អ្វីដែលគេ (CNRP) ធ្វើហ្នឹងអស់លោកយល់ថា ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ! ប៉ុន្តែខ្ញុំមានសំណួរសួរទៅអស់លោកវិញថា តើការបោះឆ្នោតនេះស្របនឹងគោលការណ៍ប្រជាធិបតេយ្យឬទេ? ពីព្រោះទាំងមតិជាតិ និងមតិអន្តរជាតិយល់ថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដ៏ចម្រូងចម្រាស ហើយប្រទេសខ្លះថាជាការបោះឆ្នោតមិនត្រឹមត្រូវ»។
លោកបន្តថា៖ «អ្វីដែលគេធ្វើ (CNRP) ខ្ញុំយល់ថា វាជាការតស៊ូមតិបែបប្រជាធិបតេយ្យ។ គេមិនបានប្រើអំពើហិង្សាអ្វីទេ នេះក៏ជាប្រជាធិបតេយ្យដែរ។ ខ្ញុំជឿថា អស់លោកយល់យ៉ាងម៉េចក៏ដោយ បើសិនជាអស់លោកអាចដណ្ដើមយកកៅអីបាន ឬយកជ័យជម្នះបាន ខ្ញុំជឿថាថ្នាក់ដឹកនាំ (CNRP) នឹងគាំទ្រពួកគេ ប៉ុន្តែដោយសារពួកយើងយល់ថាមិនអាច (ធ្វើបាន) គ្មានលទ្ធភាពណាដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានបានទេ ទើបពួកយើងមិនគាំទ្រនោះ»។
លោក មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយយល់ថា ការមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតសុទ្ធតែមិនខុសច្បាប់សម្រាប់ពលរដ្ឋ។
លោកថា បើពលរដ្ឋច្រើនទៅបោះឆ្នោតបង្ហាញពីជោគជ័យរបស់បក្សកាន់អំណាច ខណៈបើមានពលរដ្ឋតិចទៅបោះឆ្នោតបង្ហាញពីជោគជ័យរបស់អតីតបក្សប្រឆាំងវិញ។
លោកថ្លែងថា៖ «ទោះបីជាគណបក្សណាអះអាងយ៉ាងម៉េចក៏ដោយ គណបក្សប្រជាជននៅតែឈ្នះឆ្នោតដែរ។ សំណួរគឺថាតើក្នុងចំណោមគណបក្សតូចៗ តើគណបក្សណានឹងទទួលបានអាសនៈ? សម្រាប់ខ្ញុំដែលជាអ្នកឈរនៅកណ្ដាល ខ្ញុំនៅតែយល់ថាការអំពាវនាវ ឬការនិយាយរបស់គណបក្សនយោបាយ វាគឺជាសិទ្ធិរបស់គេតាមការចង់បានរបស់ខ្លួន»។ «សម្រាប់ខ្ញុំប្រជាពលរដ្ឋនៅតែមានសិទ្ធិទៅ ឬមិនទៅបោះឆ្នោត»។
លោកបន្តថា៖ «កាលណាមនុស្សមិនទៅបោះឆ្នោតច្រើន វានឹងធ្វើឲ្យខាងគណបក្សកាន់អំណាចមើលឃើញថា ពលរដ្ឋគេមិនពេញចិត្ត ឬឥទ្ធិពលរបស់គណបក្សកាន់អំណាចខំប្រឹងធ្វើ ខំឃោសនា មិនបានជ្រួតជ្រាប ឬក៏មិនអាចទាញពលរដ្ឋដើរតាមខ្លួនដូចដែលខ្លួនបានគិត…ប៉ុន្តែបើមានពលរដ្ឋច្រើនសន្ធឹកសន្ធាប់ពី ៧០ ទៅ ៨០ ភាគរយទៅបោះឆ្នោត អាហ្នឹងបានន័យថាអ្វីដែលជាការអះអាងរបស់គណបក្សប្រឆាំងថា ខ្លួនមានអ្នកគាំទ្រច្រើន វាក្លាយទៅជារឿងមិនពិត»៕
Contact author: បែន សុខហ៊ាន