វិទ្យុអាស៊ីសេរី
2018-07-26

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូបកណ្ដាល) ពេលនាំខ្លួនមកសវនាការ នៅតុលាការកំពូល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ Photo: RFA
ក្រុមសកម្មជន ១៤នាក់ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ កំពុងជាប់ឃុំនៅមណ្ឌលកែប្រែ ម១ ឬពន្ធនាគារព្រៃស រាជធានីភ្នំពេញ ផ្ដាំតាមតំណាងរាស្ត្របក្សប្រឆាំងថា ពួកគេនៅតែមានស្មារតីរឹងមាំជានិច្ច បើទោះជាពួកគេត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ជាង ២ឆ្នាំមកហើយក្ដី។ អ្នកទាំង១៥ សង្ឃឹមថា នឹងទទួលបានសេរីភាពឡើងវិញ នៅក្រោយការបោះឆ្នោតខាងមុខ។ ប៉ុន្ដែអ្នកវិភាគយល់ថា បើគ្មានថ្នូរនយោបាយទេ ពួកគេពិបាកក្នុងការដោះលែងណាស់។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានដឹកនាំក្រុមអ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ចូលជួបសកម្មជន និងតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ដែលគណបក្សកាន់អំណាចរំលាយចោល លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំ ឲ្យដឹងថា ស្ថានភាពរស់នៅរបស់អ្នកទាំង ១៥នាក់ក្នុងពន្ធនាគារ មានការរឹតត្បិតខ្លាំងពីឆ្មាំពន្ធនាគារក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខឹងសម្បារនឹងលោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ រឿងកែច្នៃឧបករណ៍អេឡិចត្រូនិច ដើម្បីតាមដានព័ត៌មានពីក្នុងពន្ធនាគារ។ លោក អ៊ូ ច័ន្ទរ័ត្ន ថា ពួកគេទាំង ១៥នាក់ ត្រូវបានឆ្មាំពន្ធនាគារបំបែកមិនឲ្យជាប់ឃុំក្នុងបន្ទប់តែមួយ ហើយហាមមិនឲ្យស្ដាប់វិទ្យុ ប៉ុន្ដែអាចអានកាសែតបានខ្លះ។ ទោះជាយ៉ាងណា លោកឲ្យដឹងថា ស្មារតីរបស់អ្នកទាំង ១៥នាក់ មិនមានបញ្ហាទេ គឺនៅតែរឹងមាំដដែល៖ «»
ក្រុមអ្នកតំណាងរាស្ត្រ ៥នាក់ នៃគណបក្ស សង្គ្រោះជាតិ គឺលោក អ៊ូ ច័ន្ទរ័ត្ន លោក ប៊ុល ហំម លោក កង គឹមហាក់ លោក ជីវ កត្តា និង លោក ខៀវ សុត បានដាក់ពាក្យស្នើសុំចូលជួប កាលពីថ្ងៃទី៥ កក្កដា ទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីបានសួរសុខទុក្ខអ្នកទាំង ១៥។
ចំណែក អ្នកជាប់ពន្ធនាគារទាំង ១៥នាក់ ដែលក្រុមតំណាងរាស្ត្របក្សប្រឆាំងសុំចូលជួប មានលោក មាជ សុវណ្ណារ៉ា លោក អ៊ុំ សំអាន និងសកម្មជនសំខាន់ៗ មួយចំនួនទៀត។ ពួកគេទាំង ១៥នាក់ ត្រូវបានសមត្ថកិច្ច និងតុលាការនៃរបបលោក ហ៊ុន សែន ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការរំដោះទីលានប្រជាធិបតេយ្យ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ និងហ៊ានឈឺឆ្អើលរឿងព្រំដែនខ្មែរជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០១៦។ ពួកគេត្រូវបានតុលាការរបបលោក ហ៊ុន សែន សម្រេចផ្តន្ទាទោស ក្នុងម្នាក់ពី ៧ឆ្នាំទៅ ២០ឆ្នាំ។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា ការចូលជួបសកម្មជនទាំង ១៥នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ កក្កដា មន្ត្រីពន្ធនាគារ បានណែនាំក្រុមតំណាងរាស្ត្រជាថ្មីថា ការចូលជួបនេះ គឺក្នុងនាមជាពលរដ្ឋសាមញ្ញ មិនមែនជាតំណាងរាស្ត្រទេ ហើយការជួបគ្នា គឺឆ្មាំពន្ធនាគារមិនបានឲ្យពួកលោកជួបដោយផ្ទាល់ទេ បានត្រឹមនិយាយគ្នា ដោយមានរបាំងកញ្ចក់ ហើយការជួបនោះ គឺជួបបានតែ ៤នាក់ប៉ុណ្ណោះ។ ទោះយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន បានផ្ដាំឲ្យប្រាប់អ្នកផ្សេងទៀតអំពីស្ថានភាពនៅខាងក្រៅពន្ធនាគារ និងកិច្ចខិតខំរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ក្នុងការទាមទារឲ្យមានការដោះលែងអ្នកទាំង ១៥នាក់។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ហៅការបន្ដឃុំខ្លួនសកម្មជន និងតំណាងរាស្ត្រទាំង១៥នាក់ជាសេណារីយ៉ូបែបចំណាប់ខ្មាំងនយោបាយ ឬឈ្លើយសឹកនយោបាយ ដ៏អាក្រក់សម្រាប់វប្បធម៌នយោបាយនៅកម្ពុជា។ អ្នកវិភាគរូបនេះ សង្គេតឃើញថា មេដឹកនាំកម្ពុជា ហាក់ដើរនៅក្រោយគេ ក្នុងការធ្វើនយោបាយ ដោយប្រើប្រាស់វប្បធម៌ចំណាប់ខ្មាំងខណៈដែលមេដឹកនាំសេរី លើពិភពលោក ឈប់ប្រើវប្បធម៌នេះហើយ ដោយគេប្រើប្រាស់យុទ្ធសាស្ត្រខិតខំយកចិត្តពលរដ្ឋវិញ៖ «»
លោក ហង្ស វិទូ យល់ថា ប្រសិនបើនៅក្រោយការបោះឆ្នោត របបក្រុងភ្នំពេញនៅតែបន្ដឃុំខ្លួនអ្នកទោសនយោបាយធ្វើជាចំណាប់ខ្មាំងទៀត របបលោក ហ៊ុន សែន នឹងអាចរងទណ្ឌកម្មកាន់តែខ្លាំង និងឆាប់រហ័ស។ អ្នកវិភាគថា មធ្យោបាយដើម្បីរំដោះជាតិខ្មែរ ចេញពីគ្រោះថ្នាក់ធំ នៅពេលនេះ គឺមានតែការចរចារគ្នា រវាងអ្នកនយោបាយខ្មែរតែប៉ុណ្ណោះ៕
វាទាល់តែយូរ ហើយយារទៀតឯណោះ !