សមត្ថ​កិច្ច​ដោះ​លែងចិន​៧នាក់​វិញ បន្ទាប់​ពី​ឃាត់​ខ្លួន​សាក​សួរ​រឿង​ផ្សព្វ​ផ្សាយ​ខិត្ត​ប័ណ្ណ​បែប​ពេស្យាចារ​

ជន​ជាតិ​ចិន ៧ នាក់​ដែល​ត្រូវ​នគរបាល​ឃាត់​ខ្លួន​សាក​សួរ​កាលពី​ថ្ងៃ​ទី១២ ខែ​សីហា​ឆ្នាំ ២០១៨។ រូប​ថត នគរបាល​




ភ្នំពេញប៉ុស្តិ៍

ព្រះសីហនុៈ​ ជន​ជាតិ​ចិន ៧ នាក់ ត្រូវបាន​ក្រុម​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់​ខ្លួន​ ធ្វើ​ការ​អប់​រំ​ណែនាំអស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​បន្ទាប់​ពី​ពួក​គេ បានធ្វើ​សកម្មភាព ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វផ្សាយ​អំពីសេវា​កម្មម៉ា​ស្សា ដែល​មាន​រូប​ភាព​ទាក់​ទាញ បែប​ពេស្យា​ចារ ​នៅ​តាម​ទីសាធា​រណៈ ក្នុង​ក្រុង​ព្រះ​សីហនុ កាល​ពីយប់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៨។​

លោក​ ភុល​ ភស្តា​ អធិការ​​ក្រុងព្រះសីហនុ​ បានថ្លែង​ថា​ កាល​ពីពេល​ថ្មីៗនេះ​ មានជន​ជាតិចិន​មួយក្រុម ​បាន​ប៉ុន​ប៉ង​​ប្រកប​មុខ​របររកស៊ី​ខុសច្បាប់​នៅ​កម្ពុជា​ តាមរយៈការបើកហាងម៉ាស្សា បង្កប់​សេវាកម្មផ្លូវភេទ​។ ក្រុម​ជនជាតិ​ចិន​ ដ៏គួរ​ឲ្យ​សង្ស័យ​ទាំង​នោះ​មាន​គ្នា​ ៧ នាក់ បានដើរ​ផ្សព្វ​ផ្សាយ​និងចែក​ខិត្ត​បណ្ណ​ម៉ាស្សា​ ដែលមាន​រូបភាព​បែប​ពេស្យាចារ​ នៅតាមទី​សាធា​រណៈ ក្នុង​ក្រុង​ព្រះសីហនុ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ​ខែ្មរ។

លោក បាន​បន្តថា ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​និង​របៀបរៀបរយ​នៅក្នុង​សង្គម ពិសេស​លុប​បំបាត់​អំពើ​ពេស្យាចារ​​នៅក្នុង​សង្គម ​នៅ​យប់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨ នគរបាល​ក្រុង​ព្រះ​សីហ​នុ​ បាន​សហការ​គ្នាជាមួយ​កម្លាំង​​​នគរបាល​ខេត្ត ​ ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន​ ដែល​​ដើរ​ផ្សព្វ​ផ្សាយ​ចែក​ខិត្ត​បណ្ណ​ម៉ាស្សា​នោះ​ បាន​ចំនួន ​៦ ​នាក់​ រួមមានឈ្មោះ Lu Jian, Fan Chao Jun, Wen Xiao Hu, Ly Yuhang, Li Zhu Zhi, និង​ឈ្មោះ Li Ziming និង​ ដកហូត​បាន​ខិត្ត​ប័ណ្ណ​ ជា​ច្រើន​សន្លឹក​។

លោក​បាន​បញ្ជាក់​ថា៖«ក្រោយ​ការឃាត់​ខ្លួន ពួកគេ​និង​វត្ថុតាង​ទាំងអស់​ ត្រូវ​បាន​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះ​សីហនុ ដើ​ម្បី​ធ្វើ​ការ​សាក​សួរ ទៅ​តាម​នីតិវិធី​ច្បាប់​»។

ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ បាន​ធ្វើ​ការ​សាកសួរ និង​បាន​បក​ប្រែ​អត្ថន័យ​និង​ខ្លឹម​សារ​នៃខិត្ត​ប័ណ្ណឃោសនា​របស់​ពួកគេ ដែល​សរសេរ​ជាភា​សា​ចិន​រួច រកពុំ​ឃើញ​មាន​ពាក្យ​ពេចន៍​ណា​មួយ ដែល​ពាក់​ព័ន្ធដល់​ការផ្ដល់​សេវា​កម្មផ្លូវភេទ ​ឬ​ពេស្យា​ចារ​ ដែល​ជា​អំពើ​ខុសច្បាប់​ នៅ​ប្រទេស​កម្ពុជា​នោះ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើ​ការ​ដោះ​លែង​ពួកគេវិញ បន្ទាប់​ពីពួកគេ បាន​ចុះកិច្ច​សន្យា​បញ្ឈប់​ការធ្វើ​សកម្មភាព​ឃោសនា ដោយ​ប្រើ​ប្រាស់​រូបភាព​ក្នុង​ខិត្តប័ណ្ណបែបពេស្យាចារនេះតទៅទៀត។ នេះបើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ជួន ណារិន្ទ ស្នងការ ​ខេត្ត​ព្រះ​សីហនុ។

លោក​បាន​ថ្លែងថា៖«យើង​បានសម្រេចដោះលែង​ពួកគេ បន្ទាប់​ពី​រក​មិន​ឃើញ​មាន​ភ័ស្ដុតាង​ណា​មួយ​ ពាក់​ព័ន្ធ​ដល់​ការ​លួច​លាក់​​ផ្ដល់​សេវាកម្មផ្លូវភេទ​។ ប៉ុន្តែ​បើសិន​ជាពួក​គេនៅតែបន្ត​ការ​ដើរ​ឃោសនា​ចែក​ខិត​្តប័ណ្ណ​ដែល​មាន​រូបភាព​បែប​ពេស្យា​ចារ​ យ៉ាង​ដូច្នេះ​ទៀត យើង​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​របស់​យើង​»៕


What Next?

Recent Articles

2 Responses to "សមត្ថ​កិច្ច​ដោះ​លែងចិន​៧នាក់​វិញ បន្ទាប់​ពី​ឃាត់​ខ្លួន​សាក​សួរ​រឿង​ផ្សព្វ​ផ្សាយ​ខិត្ត​ប័ណ្ណ​បែប​ពេស្យាចារ​"

  1. Khevphka says:

    អោយតែ បានលុយចូលហោរបៅ លែងស្គាល់ច្បាប់ប្រទេសខ្លួនឯងហើយ ចាំរកច្បាប់ថែមទៀត ជាលេសបញ្ចេញពួក”ចិន”ជូនលាបសកការ ចេញពីគុក។

  2. Anonymous says:

    All theses situation must ask so cheat ‘ he can deal with ‘