ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​តម្កល់​សំណុំ​រឿង​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ៣រូប​ តាម​សេចក្ដី​សម្រេច​របស់​ គ.ជ.ប ទុក​ជា​បាន​ការ

ដោយ វ៉ែន សុមេធ
2018-08-15
RFA

ក្រុម​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បង្ហោះ​រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ​លើក​ចង្អុល​ដៃ​ជា​សញ្ញា​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន បង្ហាញ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត។ រូប​ពី​ហ្វេសប៊ុក​លោក ជា ជីវ
ក្រុម​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បង្ហោះ​រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ​លើក​ចង្អុល​ដៃ​ជា​សញ្ញា​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន បង្ហាញ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត។ រូប​ពី​ហ្វេសប៊ុក​លោក ជា ជីវ


សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ដែល​រង​បណ្ដឹង​ក្នុង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ​៣រូប​នៅ​ខេត្ត​បាត់ដំបង​ បដិសេធ​​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​តម្កល់​សំណុំ​រឿង​របស់​អ្នក​ទាំង​៣ តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ ជ ប ដោយ​ផាក​ពិន័យ​ លោក ជា ជីវ ១០លាន​រៀល និង ២នាក់​ផ្សេង​ទៀត ​ម្នាក់​ ៥លាន​រៀល។

ប្រធាន​គណបក្ស​បក្ស​ សង្គ្រោះ​ជាតិ​ ខេត្ត​បាត់ដំបង​ ដែល​របប​លោក ហ៊ុន សែន​រំលាយ​ចោល​ លោក ជា ជីវ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ សីហា​ថា ​លោក​គ្មាន​សង្ឃឹម​តាំង​ពី​ដើម​មក​ម្ល៉េះ​ ចំពោះ​ការ​ប្ដឹង​ផ្ដល់​នោះ​ គឺ​ពិត​ជា​មិន​ឈ្នះ​គណបក្ស​ ប្រជាជន​កម្ពុជា ​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​តែ​តស៊ូ​ប្ដឹង​ដើម្បី​ឲ្យ​អស់​ចិត្ត​តែ​ប៉ុណ្ណោះ។ លោក ជា ជីវ អះអាង​ទៀត​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​តម្កល់​សំណុំ​រឿង​របស់​ពួក​គាត់​ តាម​សេចក្ដី​សម្រេច​របស់ គ..ប នោះ គឺ​ជា​ការ​គំរាម​កំហែង​ថ្មី​មួយ​ទៀត​មក​លើ​អ្នក​ស្មោះស្ម័គ្រ​គណបក្ស​ប្រឆាំង៖ «»

ចំណែក​តំណាង​អ្នក​ជាប់​បណ្ដឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ទាំង ៣រូប លោក សួន ចំរើន មាន​ប្រសាសន៍​ក្រោយ​ចេញ​ពី​ស្ដាប់​លទ្ធផល​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា​ថា សេចក្ដី​សម្រេច​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​មក​លើ​ពួក​គេ​ទាំង​ ៣រូប។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​ស្ថាប័ន​មួយ​នេះ​ឯករាជ្យ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​គណបក្ស​កាន់​អំណាច គឺ​ពួក​គេ​នឹង​រួច​ខ្លួន​ដោយ​មិន​មាន​ការ​ផាក​ពិន័យ​នោះ​ទេ ព្រោះ​អ្នក​ទាំង ៣រូប គ្មាន​កំហុស​ដែល​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «»

សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ចុះ​ថ្ងៃ​ទី​១៥​ សីហា​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ចំនួន​ ៣រូប​នោះ​ ដោយ​​អង្គ​ជំនុំជម្រះ​បាន​សម្រេច​តម្កល់​សំណុំ​រឿង​នេះ​ តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ..ប​ ទុក​ជា​បាន ហើយ​សេចក្ដី​សម្រេច​នេះ ជា​សេចក្ដី​សម្រេច​ស្ថាពរ​​បិទ​ផ្លូវ​ការ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្តន៍​លើ​អំណាច​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ការ​ផាក​ពិន័យ​នេះ​ មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​របស់​ពួកគាត់​កន្លង​មក​ គឺ​ជា​ការ​សម្ដែង​មតិ​ ហើយ​​មិនមែន​ជា​ការ​រារាំង​អ្នកបោះឆ្នោត​នោះ​ទេ។ លោក យិន ម៉េង​លី អះអាង​ទៀត​ថា​ ការ​ចោទ​ប្រកាន់​នេះ​ ដោយ គ..ប បាន​អនុវត្ត​ខុស​ទាំង​នីតិវិធី​តាំង​ពី​ដំបូង​ ព្រោះ​ពួកគាត់​បាន​ជួប​ជុំ​គ្នា​នៅ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ប្ដឹង​ចាត់​វិធានការ​​នៅ​ឃុំ​ផ្សេង ដែល​ពួក​គាត់​រស់​នៅ​​ទៅ​វិញ។ ម្យ៉ាង​ទៀត​លោក​ថា ការ​ផាក​ពិន័យ​​នេះ​​ជា​ការ​​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៖ «បើ​គាត់​និយាយ​ថា គ..ប លំអៀង ទៅ​រក​គណបក្ស​នយោបាយ​ទើប​វា​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​​​បាក់​ទឹក​ចិត្ត​ទៅ​លើ គ..ប ទើប​ថា គាត់​មាន​ទោស​បាន​ តែ​គ្រាន់​តែ​គាត់​លើ​ម្រាម​ដៃ​ហើយ​និយាយ​ថា ​ម្រាមដៃ​យើង​ស្អាត​តើ​យើង​ប៉ះពាល់​អី! ហើយ​ឥឡូវ​នឹង​មាន​តាំង​គណបក្ស​នយោបាយ​ សហគមន៍​អន្តរជាតិ​ផង​ ក៏​បាន​និយាយ​ដែរ​ ហេតុ​អី​មិន​ប្ដឹង​គេ​ផង»

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ..ប​​ កាល​ពី​ថ្ងៃ​ទី​៨ សីហា បាន​ផាក​ពិន័យ​លោក ជា ជីវ ជា​ប្រាក់ ១០​លាន​រៀល (១០.០០០.០០០) ចំណែក​លោក ថោង សារឿន និង​លោក គ្រុយ គឹមសាំង ពិន័យ​ជា​ប្រាក់​ម្នាក់ ៥​លាន​រៀន។

ក្រោយ​មក​មេធាវី​​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៣រូប បាន​ប្ដឹង​ជំទាស់​លើ​​សេចក្ដី​សម្រេច​នេះ​​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

កន្លង​មក​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​អស់​មាន ៥រូប ប៉ុន្តែ ២រូប​ ត្រូវ​បាន គ..ប ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។ ពួក​គេ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ដោយ​មាន​រូបភាព​លើក​ម្រាម​ចង្អុល​ដៃ ជា​និមិត្តរូប​នៃ​ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា កន្លង​ទៅ ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ការ​បង្ហោះ​សារ​អំពាវនាវ ​នៅមុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​ទៅ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។ លោក ជា ជីវ​ អះអាង​ថា​ ពួកគេ​ជា​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ហើយ​​គ្មាន​លទ្ធភាព​បង់​ប្រាក់​ផាក​ពិន័យ ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ពួកគាត់​ក៏​កំពុង​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ ដោយ​មិន​ហ៊ាន​ស្នាក់នៅ​ផ្ទះ​នោះ​ទេ​ ព្រោះ​ក្រោយ​ពី​មាន​ការ​ប្ដឹង​ផាក​ពិន័យ​មក​ គឺ​សមត្ថកិច្ច​តែង​ទៅ​ឃ្លាំ​មើល​នៅ​ផ្ទះ​របស់​ពួក​គេ​ជា​ប្រចាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles