អាមេរិក​ពង្រីក​ការ​ព្យូរ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​បន្ថែម​ទៀត​ក្រោយ​បក្ស​កាន់​អំណាច​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា

ដោយ អ៊ឹង ប៊ុនថន
16/08/2018
RFI

media
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
RFI/Khmer


សហ​រដ្ឋអាមេរិក​ នៅ​ថ្ងៃ​នេះ​ បាន​និយាយ​ថា​ ខ្លួន​នឹង​ពង្រីក​ការ​ព្យួរ​ទិដ្ឋា​ការ​បន្ថែម​ទៀត​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឆាំង​នឹង​គោល​ការណ៍​លទ្ធិ​ប្រជាធិតេយ្យ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា​ដែល​មិន​ធ្លាប់​កើត​មាន​។ ក្រៅ​ពី​អាមេរិក​ក៏​មាន​ផង​ដែរ គឺ​អូស្រ្តាលី​។ អូស្រ្តាលី​ដែល​អះ​អាង​ថា​កំពុង​ពិចារណា​ប្រើ​គ្រប់​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នៅ​កម្ពុជា​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោកស្រី​ Heather Ann Nauert បាន​បញ្ជាក់​ថា​ ការ​ពង្រីក​ការ​ព្យួរ​ទិដ្ឋាការ​ ហាម​ឃាត់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​មិន​ឲ្យ​ចូល​ជាន់​ដី​សហ​រដ្ឋអាមេរិក​នេះ​ គឺ​សំដៅ​ទៅ​លើ​ទិដ្ឋាការ​ ដែល​អាមេរិក​ សម្រេច​ព្យួរ​ កាល​ពី​ថ្ងៃ​ទី ៦​ខែធ្នូ​កន្លង​ទៅ​ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​លទ្ធិ​ប្រជាធិតេយ្យ​។ ការ​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាមេរិក​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ និង​ការ​បន្ត​ឃុំឃាំង​ លោកកឹម សុខា​ ជា​ដើម​។ ជាមួយ​គ្នា​នោះ​ អាមេរិក​ បាន​ប្រកាស​ថា​ លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​អាសនៈ​ ទាំង​១២៥​ ក្នុង​រដ្ឋសភា​នេះ​ គឺ​ជា​អំពើ​ខុស​ច្បាប់​។

ដោយ​ឡែក សមាជិក​ព្រឹទ្ធ​សភា​អូស្រ្តាលី​ គឺ​លោកស្រី​ Urquhart និង លោក James McGRATH ដែល​មាន​តួនាទី​មួយ​ទៀត​ជា​ឧបការី​រដ្ឋមន្រ្តី​របស់​នាយក​រដ្ឋ​មន្រ្តី​ផង​នោះ​ បាន​លើក​ឡើង​នៅ​ក្នុង​ញត្តិ​របស់​ពួកគេ​ កាល​ពី​ថ្ងៃ​ទី១៤​សីហា​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​មាន​វិធាន​ការ​បន្ថែម​ទៀត​ក្នុង​ការ​សម្រប​សម្រួល​ជាមួយ​ដៃ​គូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កញ្ញា កឹម មនោ​វិទ្យា ដែល​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោកស្រី Julia Bishop នៅ​ថ្ងៃ​ទី១៥ ខែ សីហា ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​សំដី​មក​ថា កញ្ញា​សង្ឃឹម​នឹង​ជឿជាក់​ថា រដ្ឋា​ភិបាល​អូស្ត្រាលី នឹង​ចាត់​វិធាន​ការ​សម​គួរ​ទៅ​តាម​សំណើ​របស់​ពួក​គាត់​។ ជា​សំណើ​ឲ្យ​មាន​ការ​បិទ​ទិដ្ឋាការ ការ​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​ធានា​ឲ្យ​កម្ពុជា ងាក​មក​រក​គន្លង​ប្រជា​ធិបតេយ្យ តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប៉ុន្តែ​លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា​បាន​ថ្លែង​ថា​ការ​លើក

​ឡើង​របស់​សហ​រដ្ឋ​អាមេរិក​គឺ​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​តែ​ប៉ុណ្ណោះ​តែ​លោក​មិន​ជឿ​ថា

​អាច​មានការ​ដាក់​ទណ្ឌ​កម្ម​ជាក់​ស្តែង​កើត​ឡើង​នោះ​ឡើយ​៕

What Next?

Recent Articles