វិទ្យុអាស៊ីសេរី
2018-08-16

អ្នកស្រី ជូលី ប៊ីហ្សឹប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (ស្ដាំ) និងកញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក្នុងជំនួបមួយ នៅទីក្រុងកង់បេរ៉ា (Canberra) រដ្ឋធានីនៃប្រទេសអូស្រ្ដាលី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ដីពីបញ្ហានយោបាយនៅកម្ពុជា។ រូប៖ Kem Monovithya’s Twitter
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រីជូលី ប៊ីហ្សឹប (Julie Bishop) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិច នៅថ្ងៃទី១៦ សីហានេះថា អូស្ត្រាលីកំពុងពិចារណាជម្រើសគ្រប់បែបយ៉ាង ចំពោះបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលខ្លួនបន្តជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកឲ្យមានការពិភាក្សានយោបាយដោយសេរី គ្មានអំពើហិង្សា និងការបំភិតបំភ័យ។
ទោះយ៉ាងណា អ្នកស្រីនៅតែមិនបញ្ជាក់ថា តើការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការ គឺជាជម្រើសមួយក្នុងចំណោមជម្រើសទាំងឡាយ ដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណា ឬយ៉ាងណានោះទេ។
ការបញ្ជាក់ជំហរជាថ្មីរបស់អ្នកស្រី ជូលី ប៊ីហ្សឹប (Julie Bishop) ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ្នកស្រីបានជួបជាមួយកូនស្រីលោក កឹម សុខា ដែលជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា នៅទីក្រុងកង់បេរ៉ា (Canberra) រដ្ឋធានីនៃប្រទេសអូស្រ្ដាលី។ ក្នុងជំនួបនោះ កញ្ញាបានស្នើសុំរដ្ឋាភិបាលអូស្រ្តាលី ឲ្យដាក់ចេញនូវវិធានការណ៍តឹងរ៉ឹងមួយចំនួន ចំពោះមន្ត្រីខិលខូចនៃរបបលោក ហ៊ុន សែន ដែលចេញចូលទឹកដីអូស្ត្រាលីជាញឹកញាប់។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សឹប (Julie Bishop) ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលីថា អូស្ត្រាលីនឹងពិភាក្សាជាមួយប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីស្វែងរកជម្រើសសមរម្យក្នុងការឆ្លើយតបនឹងស្ថានការណ៍នៅកម្ពុជា។
ខណៈអូស្រ្ដាលីកំពុងពិចារណាពីជម្រើសរបស់ខ្លួន សហរដ្ឋអាមេរិកបានប្រកាសពីជំហានថ្មីទៀត នៅថ្ងៃទី១៥ សីហា ដោយបានសម្រេចបង្កើនការរឹតត្បិតទិដ្ឋាការ ឬវីសាលើបុគ្គលទាំងឡាយណា ទាំងក្នុង និងក្រៅជួររដ្ឋាភិបាលលោក ហ៊ុន សែន មិនឲ្យចូលទឹកដីអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។