សាលាដំបូងខេត្តព្រះវិហារ (រូបភាព៖ បណ្ដាញសង្គម)
តំណាងប្រជាសហគមន៍នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ស្នើទៅតុលាការ ឲ្យទម្លាក់ចោលការប្រកាន់ទៅលើពួកគាត់ ដោយពួកគាត់ថា វិវាទដីធ្លីរវាងប្រជាសហគមន៍ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សិលា ដាម៉ិច កាលពីឆ្នាំមុននោះ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ហើយពលរដ្ឋក៏បានបញ្ឈប់ការចូលទៅកាន់កាប់ដីដែលមានជម្លោះជាមួយក្រុមហ៊ុននោះហើយដែរ។
តំណាងប្រជាសហគមន៍មួយរូបក្នុងចំណោម ៤រូប ដែលត្រូវបានតុលាការចេញដីកាបង្កាប់ឱ្យចូលខ្លួន លោក អ៊ុត គឹមហុង មានប្រសាសន៍ថាពួកគាត់បីនាក់ ក្នុងចំណោម ៤នាក់ មិនបានចូលទៅបំភ្លឺតាមដីកាបង្កាប់ឱ្យចូលខ្លួនរបស់តុលាការខេត្តព្រះវិហារទេ ដោយសារពួកគាត់មិនទទួលបានដីកានោះឡើយ។
លោកយល់ថា ការចេញដីកាបង្កាប់ឱ្យចូលខ្លួនជាលើកទីពីរនេះ ជារឿងមិនអាចទទួលយកបាន ម្យ៉ាងដីកានោះចេញតាំងពីថ្ងៃទី៧ ខែសីហា ប៉ុន្តែ ពួកលោកបីនាក់បែរជាមិនបានទទួលដោយផ្ទាល់ពីសមត្ថកិច្ចទៅវិញ
តំណាងប្រជាសហគមន៍ទាំងបួននាក់ រួមមានលោក ឃិត ពាន់ លោក ជុំ ចាន់ លោក ជា សំណាង និងចុងក្រោយលោក អ៊ុត គឹមហុង។
ក្នុងដីកាបង្កាប់ឱ្យចូលខ្លួនដែលចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ លោក វែង មួយគី កាលពីថ្ងៃទី៧ សីហា ហើយវីអូឌី ទើបទទួលបាននៅថ្ងៃទី១៦ សីហានេះ បានបញ្ជាក់ថា តុលាការបានចោទប្រកាន់ប្រជាសហគមន៍ទាំងបួននាក់ ពីបទរំលោភកាន់កាប់អចលនវត្ថុដោយសុចរិតដែលប្រើហិង្សា និងប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដែលបានប្រព្រឹត្តក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសិលា ដាម៉ិច នៅចំណុចកុកអើត ចុងផ្លូវអូរបាក់មែក ក្នុងឃុំត្បែងពីរ ស្រុកគូលែន កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០១៧។
ដីកាដដែល តម្រូវឱ្យតំណាងប្រជាសហគមន៍ទាំងបួននាក់ ចូលខ្លួនទៅសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី១៦ សីហា វេលាម៉ោង ៨កន្លះព្រឹក។ ក្នុងករណីមិនចូលខ្លួន តុលាការនឹងចេញដីកាបង្កាប់ឱ្យចាប់ខ្លួនតែម្តង។
វីអូឌី មិនទាន់អាចទាក់ទង ចៅក្រមស៊ើបសួរ លោក វែង មួយគី បានទេនៅថ្ងៃទី១៦ សីហា។
យ៉ាងនេះក្តី លោក អ៊ុត គឹមហុង អះអាងថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកឱ្យដឹងថា កាលពីឆ្នាំ២០១៧ តុលាការបានកោះហៅប្រជាសហគមន៍ចំនួន ៨នាក់ ឱ្យចូលបំភ្លឺជុំវិញវិវាទដីធ្លីរវាងពលរដ្ឋ ៥១គ្រួសារ និងក្រុមហ៊ុនសិលា ដាម៉ិច ជុំវិញដីទំហំជាង ២០០ហិកតា។
អ្នកសម្របសម្រួលកម្មវិធីកសាងសមត្ថភាពសហគមន៍នៃអង្គការពន្លកខ្មែរ ដែលតាមដានករណីនេះ លោក ប៉ឹក សោភណ្ឌ យល់ឃើញថាការមិនចូលខ្លួនបំភ្លឺទៅតុលាការ អាចធ្វើទៅបាន ក្នុងករណីមួយចំនួនដូចជា ដីកាខុសឈ្មោះ ខុសទីកន្លែងកំណើត ថ្ងៃខែឆ្នាំកំណើត ឬការទទួលបានដីកាយឺតយ៉ាវពេកជាដើម។
លោកបន្ថែមថា ការចេញដីកាឱ្យប្រជាសហគមន៍ចូលបំភ្លឺ អាចជាការបន្តនីតិវិធីរបស់តុលាការ ប៉ុន្តែ លោកស្នើឱ្យតុលាការគប្បីស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ថា តើរវាងពលរដ្ឋ និងក្រុមហ៊ុនមួយណា បានចូលកាន់កាប់ដីតំបន់នោះមុន។
មន្ត្រីសង្គមស៊ីវិលដដែល អះអាងថា ក្រុមហ៊ុន សិលា ដាម៉ិច មានវត្តមាននៅតំបន់នោះតាំងពីឆ្នាំ២០០៩ បន្ទាប់ពីទទួលបានដីដំបូងជិត ១ម៉ឺនហិកតា សម្រាប់ដាំដំណាំកសិ-ឧស្សាហកម្ម។
លោកបន្ថែមថា ក្រោយពេលមានផលប៉ះពាល់ជាមួយប្រជាសហគមន៍ ក្រុមហ៊ុននេះ និងអាជ្ញាធរមូលដ្ឋាន ក៏បានព្រមព្រៀងគ្នាកាត់ផ្ទៃដីមួយចំនួន ហើយខាងក្រុមហ៊ុននៅសល់ផ្ទៃដីប្រមាណ ៦ពាន់ហិកតា ប៉ុន្តែ បច្ចុប្បន្ន ទំហំផ្ទៃដីរបស់ក្រុមហ៊ុន មិនដឹងមានមានចំនួនប៉ុន្មានប្រាកដទេ៕