សកម្មជនដីធ្លីវ័យជិត ៨០ឆ្នាំនៅបឹងកក់ ត្រូវតុលាការកោះហៅចូលសវនាការ

| |
https://vodhotnews.com

សកម្មជនដីធ្លី អ្នកស្រី ង៉ែត ឃុន អាយុ ៧៦ឆ្នាំ (រូបភាព៖ ហ្វេសប៊ុក Long Kimheang)


ស្ត្រីវ័យជិត ៨០ឆ្នាំម្នាក់ដែលជាសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ ត្រូវបានតុលាការកោះហៅឲ្យចូលរួមសវនាការនៅសប្តាហ៍​ក្រោយនេះ ដើម្បីឆ្លើយដោះបន្ទុកក្រោមការចោទថា បានជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់។

ក្នុងដីកាកោះចុះថ្ងៃទី៦ ខែសីហា ដែលវីអូឌីទើបទទួលបានថ្ងៃនេះ ព្រះរាជអាជ្ញារង​សាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនឡុង បានបង្គាប់ទៅ​អ្នកស្រី ង៉ែត ឃុន អាយុ ៧៦ឆ្នាំ ឲ្យ​ចូលរួមសវនាការនៅថ្ងៃទី២៤ សីហា វេលាម៉ោង ៨កន្លះព្រឹក ដើម្បីឆ្លើយដោះបន្ទុក​ពីការចោទប្រកាន់ទៅ​លើ​ស្ត្រី​សកម្មជន​ដី​ធ្លី​រូប​នេះ។

ដីកាកោះនេះឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ទៅពលរដ្ឋ​សហគមន៍បឹងកក់ចំនួន ៦នាក់ មានលោកស្រី ង៉ែត ឃុន អ្នកស្រី ទេពវន្នី អ្នកស្រី ហេង មុំ អ្នកស្រី ឆេង លាភ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី តុល ស្រីពៅ ពីបទ​ជេរប្រមាទជាសាធារណៈ និងគំរាមថា នឹងសម្លាប់ ដែលរឿងនេះបានកើតឡើងតាំងពីឆ្នាំ២០១២ នៅសហគមន៍បឹងកក់។

ប៉ុន្តែ សកម្មជន​ដី​ធ្លី​ដែលរងការចោទប្រកាន់ទាំងនោះ បានច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ដោយថា ការចោទប្រកាន់នោះជារឿងអយុត្តិធម៌សម្រាប់ពួកគេជាជនរងគ្រោះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles