មួង ណារ៉េត
2018-08-16
RFA

ជនត្រូវចោទ ក្នុងសាលាក្ដីខ្មែរក្រហម លោក អោ អាន។ Photo courtesy of ECCC
ចៅក្រមសាលាក្តីខ្មែរក្រហម នៅតែខ្វែងយោបល់គ្នាខ្លាំង ក្នុងរឿងជំនុំជម្រះក្តីអតីតកម្មាភិបាលខ្មែរក្រហមលោក អោ អាន។ ការខ្វែងយោបល់គ្នានេះ ធ្វើឲ្យស្ថាប័នសហចៅក្រមស៊ើបអង្កេតតែមួយសោះ ចេញដីកាដំណោះស្រាយដាច់ពីគ្នាម្នាក់មួយ គឺចៅក្រមជាតិចេញដីកាមួយ ឯសហចៅក្រមអន្តរជាតិចេញដីកាមួយដែរ ក្នុងសំណុំរឿងតែមួយ។ អ្នកឃ្លាំមើលដំណើរការកាត់ក្តី ហៅការមិនមូលមាត់គ្នាបែបនេះ គឺជាបរាជ័យមួយ នៃសាលាក្តីខ្មែរក្រហម។
ការខ្វែងយោបល់គ្នានេះ គឺដោយសារសហចៅក្រមជាតិ នៅតែប្រកាន់ជំហរដាច់ខាតរបស់ខ្លួន ថាសាលាក្តីខ្មែរក្រហម គ្មានយុត្តាធិការបុគ្គល ក្នុងការនាំខ្លួនអតីតកម្មាភិបាលខ្មែរក្រហម លោក អោ អាន ទៅជំនុំជម្រះក្តីបាននោះទេ។
យុត្តាធិការបុគ្គល គឺសំដៅលើដែនសមត្ថកិច្ចតុលាការ ក្នុងការជំនុំជម្រះប្រភេទបុគ្គលជាក់លាក់មួយចំនួន ដោយមិនមែនជាការកាត់ទោសលើបុគ្គលទូទៅនោះឡើយ។ សាលាក្តីខ្មែរក្រហម មានយុត្តាធិការ កាត់ទោសបានតែលើបុគ្គលពីរប្រភេទប៉ុណ្ណោះ។ បុគ្គលនោះ ត្រូវតែជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។
ភាគីជាតិអះអាងថាលោក អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតនោះទេ។
ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ មិនយល់ស្របដូច្នេះទេ។ ភាគីអន្តរជាតិ នៅតែប្រកាន់ជំហរដាច់ខាតរបស់ខ្លួន ថាសាលាក្តីខ្មែរក្រហម ពិតជាមានយុត្តាធិការបុគ្គល ក្នុងការនាំខ្លួនអតីតកម្មាភិបាលខ្មែរក្រហម លោក អោ អាន ទៅជំនុំជម្រះក្តីបាន ព្រោះលោក អោ អាន ជាបុគ្គលម្នាក់ក្នុងចំណោម អ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលភាគីអន្តរជាតិ រកឃើញភស្តុតាងគ្រប់គ្រាន់ ដែលអាចដាក់បន្ទុក សម្រាប់ចោទប្រកាន់លោក អោ អាន ពីបទប្រល័យពូជសាសន៍ជនជាតិចាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលស្ថិតក្រោមច្បាប់កម្ពុជា។
ការខ្វែងយោបល់គ្នារវាងភាគីជាតិ និងអន្តរជាតិ ក្នុងការនាំខ្លួនអតីតកម្មាភិបាលខ្មែរក្រហមបន្ថែម ដើម្បីយកមកកាត់ទោស ឲ្យលើសពីសំណុំរឿង ០០១ និង ០០២ ត្រូវគេសង្កេតឃើញថា ជួបឧបសគ្គយ៉ាងច្រើន ដោយភាគីជាតិ តែងតែប្រកាន់ជំហរដាច់ខាត ថាបុគ្គលទាំងនោះ មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬ មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។ ជាក់ស្ដែងសំណុំរឿង ០០៣ និង ០០៤ ដែលពាក់ព័ន្ធនឹងលោក មាស មុត អ្នកស្រី អ៊ឹម ចែម និង លោក យឹម ទិត្យ សុទ្ធតែត្រូវខាងភាគីជាតិជំទាស់ ដោយសម្អាងថា គ្មានយុត្តាធិការបុគ្គល និងឈរលើគោលការណ៍រក្សាសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ។ ការជំទាស់នេះ ធ្វើឲ្យភាគីអន្តរជាតិ មិនទទួលបានការសហការ និងគាំទ្រក្នុងការស៊ើបអង្កេតសំណុំរឿងទាំងនេះនោះទេ។
សម្រាប់អ្នកឃ្លាំមើលដំណើរការជំនុំជម្រះក្តី នៃសាលាក្តីខ្មែរក្រហមនេះ ការខ្វែងយោបល់គ្នានេះ គ្មានអ្វីភ្ញាក់ផ្អើលនោះទេ។ អតីតមន្ត្រីកម្មវិធី នៃអង្គការផ្ដួចផ្ដើមយុត្តិធម៌នៅកម្ពុជា ដែលឃ្លាំមើលការកាត់ក្តីនេះ តាំងពីឆ្នាំ ២០០៤ លោក ឡុង បញ្ញាវុធ ប្រាប់អាស៊ីសេរីថា នេះជាសញ្ញាណបង្ហាញ ឲ្យឃើញអំពីភាពបរាជ័យនៃសាលាក្តីខ្មែរក្រហម ដោយសារតែការខ្វះឆន្ទៈនយោបាយពីភាគីជាតិ ក្នុងការសហការស៊ើបអង្កេត លើសំណុំរឿង ០០៣ និង ០០៤។
ទោះជាយ៉ាងនេះក្តី លោក ឡុង បញ្ញាវុធ ស្តីបន្ទោសខ្លាំងទៅខាងអង្គការសហប្រជាជាតិទៅវិញទេ ដែលលោកអះអាងថា ខកខាន មិនបាននិយាយការពិត ពាក់ព័ន្ធនឹងភាពខ្វះឆន្ទៈនយោបាយពីខាងភាគីជាតិ ក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែមទាំងពីរនេះ៖ «អង្គការសហប្រជាជាតិ មិនហ៊ានប្រកាស អំពីកង្វះខាតឆន្ទៈនយោបាយ នៅក្នុងការជំរុញឲ្យមានដំណើរការឲ្យលឿន ស៊ើបអង្កេតឲ្យបានពេញលេញ»។
តាមខ្លឹមសារនៃកិច្ចព្រមព្រៀងបង្កើតសាលាក្តីខ្មែរក្រហម ការខ្វែងគំនិតគ្នានេះ នឹងត្រូវដោះស្រាយជាបន្ទាន់ដោយ “អង្គបុរេជំនុំជម្រះ” ដែលមានចៅក្រមប្រាំរូប ដែលបីរូបជាចៅក្រមជាតិ និង ពីររូបជាចៅក្រមអន្តរជាតិ។
ប៉ុន្តែ ដោយសារតែបញ្ហាចម្រូងចម្រាសនេះ លោក ឡុង បញ្ញាវុធ ប្រមើលឃើញនូវភាពស្មុគស្មាញ ការអូសបន្លាយពេល និងការចំណាយថវិកាមិនដឹងអស់ប៉ុន្មានថែមទៀត ទម្រាំអាចដោះស្រាយបញ្ចប់ករណីទាំងនេះបាន៖ «បើសិនជាសំណុំរឿងហ្នឹងទៅដល់អង្គបុរេ ហើយអង្គបុរេរកសំឡេងគាំទ្រលើសលប់អត់បាន ដូច្នេះរឿងនេះត្រូវបញ្ជូនទៅអង្គជនុំជម្រះ។ តើវានឹងត្រូវការពេលវេលាប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត»។
ជុំវិញឆន្ទៈរបស់ចៅក្រម ក្នុងការសម្រេចសេចក្តីរឿងនេះ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ប៉ុន្តែស្នើឲ្យរង់ចាំវិនិច្ឆ័យ ទៅតាមតថភាពជាក់ស្ដែង របស់សមត្ថកិច្ចនៃអង្គជំនុំជម្រះដែលពាក់ព័ន្ធ៖ «ទុកឲ្យចៅក្រមនៃអង្គបុរេជំនុំជម្រះ បំពេញការងាររបស់គាត់ ទៅតាមវិជ្ជាជីវៈ»។
មុនបិទបញ្ចប់ការស៊ើបអង្កេតក្នុងរឿងក្តីលោក អោ អាន ក្នុងសំណុំរឿង ០០៤/០២ សាលាក្តី ខ្មែរក្រហម ប្រើពេលអស់ ៨ឆ្នាំ។ លោក អោ អាន ដាក់ឲ្យស្ថិតក្រោម ការស៊ើបអង្កេត ពីអំពើប្រល័យពូជសាសន៍ លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានការសម្លាប់អតីតទាហាន លន់ នល់ ការបង្ខំឲ្យរៀបការ ការធ្វើទារុណកម្ម ជាដើម និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ ១៩៥៦ រួមមានមនុស្សឃាតដោយចេតនា។ តាមឯកសារតុលាការ លោក អោ អាន មានតួនាទីជាអនុលេខាភូមិភាគកណ្ដាល ត្រូវជាអនុលេខារបស់លោក កែ ពក និងជាលេខាតំបន់៤១ គ្រប់គ្រង ៥ស្រុក នៅខេត្តកំពង់ចាម ដែលមានមនុស្សស្លាប់រាប់ពាន់នាក់។
រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហមបើកដំណើរការកាត់ក្ដីអស់រយៈពេលជាង ១២ ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារអាមេរិក។ ជាលទ្ធផល សាលាក្ដីនេះបានកាត់ទោស ឲ្យអតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំជាន់ខ្ពស់ ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២/០២ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ៕