ដោយ អេង គីមហុង
17/08/2018
RFI

ស្ត្រីជនជាតិចិនដែលបានបើករថយន្តបុកចោរ។
@Fresh news
មួយរយៈពេលចុងក្រោយនេះ បទល្មើសនានាបង្កឡើងដោយជនជាតិចិនត្រូវបានគេមើលឃើញថា កើតមានញឹកញាប់ រហូតបានក្លាយជាក្ដីព្រួយបារម្ភរបស់ពលរដ្ឋខ្មែរ ដែលជាម្ចាស់ស្រុកទៀតផង។ ប្រឈមនឹងបញ្ហានេះ អ្នកឃ្លាំមើលបញ្ហាសង្គមបានសម្ដែងការព្រួយបារម្ភ និងជំរុញឲ្យអាជ្ញាធរចាត់វិធានការដោះស្រាយ ខណៈអាជ្ញាធរបានអះអាងនៅថ្ងៃសុក្រនេះហើយថា ខ្លួនបានខិតខំបង្ក្រាបបទល្មើសទាក់ទងជនជាតិ ទាន់ពេលវេលា។
បទល្មើសដែលបង្កឡើងដោយជនជាតិចិន ក្នុងមួយរយៈពេលចុងក្រោយនេះរួមមាន៖ ការចែកខិតបណ្ណទាក់ទងអាជីវកម្មផ្លូវភេទ ករណីប្លន់ គ្រោះថ្នាក់ចរាចរណ៍ និងករណីជួញដូរគ្រឿងញៀនជាដើម។ ជាក់ស្ដែងករណីកំពុងទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន គឺការដើរចែកនាមបណ្ណ ឬខិតបណ្ណ ពាក់ព័ន្ធអាជីវកម្មផ្លូវភេទ ដែលបានរាតត្បាតមកដល់រាជធានីភ្នំពេញ បន្ទាប់ពីករណីនេះ ត្រូវបានបង្ក្រាបនៅក្នុងខេត្តព្រះសីហនុ។ នៅភ្នំពេញ លោកអភិបាល ឃួង ស្រេង បានបញ្ជាឲ្យបិទទីតាំងអាជីវកម្ម និងតាមចាប់ខ្លួនអ្នកដើរចែកចាយខិតបណ្ណ ឬនាមបណ្ណ បង្ហាញពីរូបភាពអាសអាភាសនេះ។
ក្រៅពីករណីនេះ ក៏មានផងដែរ សំណុំរឿងស្ត្រីជនជាតិចិនបើករថយន្តដេញបុកចោរឆក់ទូរស័ព្ទដៃ២នាក់ បណ្តាលឲ្យរងរបួស និងស្លាប់ នៅខណ្ឌចំការមនកាលពីថ្ងៃទី១២សីហា។ ប៉ុន្តែនៅទីបំផុតនៅថ្ងៃទី១៦សីហាម្សិលមិញ តុលាការក្រុងភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនរូបនោះដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ។ កាលពីថ្ងៃទី១៤ ខែសីហា ជនជាតិចិន៣នាក់បានប្រើប្រាស់អាវុធមួយដើមធ្វើសកម្មភាពចូលប្លន់ផ្ទះលក់មាស ប្ដូរប្រាក់ នៅស្រុកពួក ខេត្តសៀមរាប តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចខេត្តបង្ក្រាបទាន់ពេលវេលា។
ចុងក្រោយបង្អស់ សមត្ថកិច្ចបានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅរង្គសាលមួយកន្លែងក្នុងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនមនុស្សជាង៥០នាក់ ក្នុងនោះមានជនជាតិចិន១០នាក់ដែរ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា បទល្មើសបង្កឡើងដោយជនជាតិចិន គួរតែក្លាយជាបញ្ហាអាទិភាព ដែលអាជ្ញាធរខ្មែរត្រូវទប់ស្កាត់។ នោះក៏ព្រោះតែ បញ្ហាបង្កដោយជនជាតិចិនមានរូបភាពធំឡើងៗនៅក្នុងសង្គមខ្មែរ ខណៈដែលទំនាក់ទំនងនៃឥទ្ធិលពលសេដ្ឋកិច្ចនិងនយោបាយរបស់ចិនមកកម្ពុជាកាន់តែធំដុំ។ លោកសន ជ័យ ស្នើឲ្យសមត្ថកិច្ចខ្មែរបែងចែកឲ្យបានច្បាស់រវាងការអនុវត្តច្បាប់ និងទំនាក់ទំនងជារួមនៃប្រទេសទាំងពីរ កម្ពុជា ចិន។
ឆ្លើយតបនឹងក្ដីបារម្ភនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានពន្យល់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចកម្ពុជា បានធ្វើការបង្ក្រាបទាន់ពេលវេលា រាល់បទល្មើសនានាបង្កឡើងដោយជនជាតិ។ បើតាមអ្នកនាំពាក្យដដែល កម្ពុជា មិនញញើតនៅក្នុងការបង្ក្រាបជនជាតិចិនដែលប្រព្រឹត្តអំពើខុសច្បាប់នៅកម្ពុជាដែរ នៅពេលដែលស្ថានទូតចិនប្រចាំនៅកម្ពុជាគាំទ្រអាជ្ញាធរក្នុងការអនុវត្តច្បាប់ចំពោះជនជាតិចិនដែលប្រព្រឹត្តខុសផងដែរ។ នេះបើតាមលោក ខៀវ សុភ័គ៕