នយោបាយ
រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ត្រូវបានសំពះស្វាគមន៍ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីគម្រប់ខួប៦៤ឆ្នាំនៃឯករាជ្យជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
17 សីហា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ
ក្រោយការប្រកាសលទ្ធផលការបោះឆ្នោតជាផ្លូវការ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឈ្នះបានអាសនៈរដ្ឋសភាទាំង១២៥ នៅថ្ងៃសុក្រនេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ ទន្ទឹមគ្នានោះ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សជុំវិញការបោះឆ្នោត។
នៅថ្ងៃសុក្រនេះ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៦ ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាល និងស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភាថ្មី ក្រោយគណបក្សកាន់អំណាចឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
ទន្ទឹមគ្នានោះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានចេញកំណត់សម្គាល់សង្ខេបមួយ ស្តីពីកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សជុំវិញការបោះឆ្នោត ដោយអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឡើងវិញ និងដោះលែងអ្នកទោសនយោបាយនានាឲ្យមានសេរីភាពផងដែរ។
ព្រះរាជក្រឹត្យ ដែលត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ បានទ្រង់យល់លើសំណើរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការស្នើសុំចាត់តាំងនាយករដ្ឋមន្រ្តី និងទ្រង់យល់សេចក្តីក្រាមបង្គំទូលថ្វាយរបស់លោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភានីតិកាលទី៦។
ព្រះរាជក្រឹត្យដែលឡាយព្រះហត្ថលេខា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បញ្ជាក់ក្នុងន័យដើមថា៖
«ត្រាស់បង្គាប់មាត្រា១ ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា២ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ មាត្រា៣ ព្រះរាជក្រឹត្យនេះចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ»។
ក្រោយព្រះរាជក្រឹត្យព្រះមហាក្សត្រត្រូវបានផ្សព្វផ្សាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃសុក្រដដែលនេះ ក៏បានសរសេរលិខិតមួយច្បាប់ អរព្រះគុណព្រះមហាក្សត្រ ដែលព្រះរាជទាន ចាត់តាំងលោកជានាយករដ្ឋមន្រ្តីកម្ពុជា។
លោក ហ៊ុន សែន សរសេរបញ្ជាក់ក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័រអង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល តាមន័យដើមថា៖
«តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំនឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល បញ្ជូនទៅព្រឹទ្ធសមាជិកនៃរដ្ឋសភា នីតិកាលទី៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិក សមាជិកានៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ»។
នៅមុនពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានប្រកាសពីការកំណត់យកថ្ងៃទី៥ ខែកញ្ញា ជាថ្ងៃប្រជុំរដ្ឋសភាលើកដំបូងនៃអាណត្តិទី៦ និងបានកំណត់យកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃបង្កើតរដ្ឋាភិបាលថ្មី។ លោកក៏បានអះអាងថា រាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនរដ្ឋសភា ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានធ្វើរួចរាល់អស់ហើយ។
កាលពីថ្ងៃទី១៥ ខែសីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះបានអាសនៈទាំង១២៥ ក្នុងរដ្ឋសភា។
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ធ្វើឲ្យលោក ហ៊ុន សែន អាចបន្តកាន់អំណាចចំនួន៥ឆ្នាំបន្ថែមទៀត។
ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ និងទទួលបានអាសនៈរដ្ឋសភាទាំងអស់នេះ ធ្វើឡើងដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនប្រធានគណបក្សនេះគឺលោក កឹម សុខា ការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ព្រមទាំងការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ គេឃើញសហគមន៍អន្តរជាតិមួយចំនួនដែលកាន់របបលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា និងប្រកាសការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះជាបន្តបន្ទាប់។
ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកដែលបានដកជំនួយអភិវឌ្ឍន៍ពីកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងបានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មួយចំនួនផងនោះ ក៏បានប្រកាសថា នឹងពង្រីកបន្ថែមនូវការដាក់កំហិតទិដ្ឋាការដែលខ្លួនបានដាក់កាលពីចុងឆ្នាំមុន លើបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹង«ការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
នៅថ្ងៃទី១៧ ខែសីហា នេះ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺអ្នកស្រី រ៉ាវីណា សេមសាដានី បានចេញកំណត់សង្ខេបមួយស្តីពីប្រទេសកម្ពុជា ដោយអ្នកស្រីបានបង្ហាញកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សទាក់ទងនឹងការបោះឆ្នោត ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
អ្នកស្រីក៏បានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើន មិនបានជ្រើសរើសតំណាងរបស់ខ្លួន ដែលជាហេតុបណ្តាលឲ្យមានកង្វល់ចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងជីវភាពនយោបាយ។
អ្នកស្រីបន្ថែមថា មានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋត្រូវគេគំរាមកំហែង ឬទិញសំឡេងបោះឆ្នោត ហើយអង្គការសង្គមស៊ីវិលមួយចំនួនបានប្រឈមនឹងការយាយីរំខាននៅក្នុងការបោះឆ្នោត។ ចំណែកគេហទំព័រដ៏ពេញនិយមចំនួនដប់ប្រាំពីរត្រូវបានបិទ នៅអំឡុងថ្ងៃបោះឆ្នោត។ មានការរឹតបន្តឹងបន្ថែមទៀតទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកបោះឆ្នោត និងគូប្រជែងនយោបាយ តាមរយៈការគំរាមកំហែង ការពិន័យជាប្រាក់ និងការចាត់វិធានការតាមផ្លូវច្បាប់ជាដើម។
អ្នកស្រីក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់នូវការចាត់វិធានការបែបនោះ និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតបរិយាកាសមួយជជែកពិភាក្សានយោបាយដោយបើកចំហ និងអនុញ្ញាតឲ្យសំឡេងទាំងអស់នៅកម្ពុជាត្រូវបានគេស្តាប់ដឹងឮ។
អ្នកស្រី រ៉ាវីណា សេមសាដានី បានបញ្ជាក់ក្នុងកំណត់សង្ខេបស្តីពីប្រទេសកម្ពុជានោះ ក្នុងន័យដើមថា៖
«យើងជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយគណបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានគេឃុំខ្លួនដោយសារតែការអនុវត្តសិទិ្ធមនុស្ស ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ យើងសូមអំពាវនាវផងដែរដល់រដ្ឋាភិបាលឲ្យលុបចោលបម្រាមទៅលើគូប្រជែង មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ ការពារ និងពង្រីកលំហសម្រាប់សកម្មភាពសង្គមស៊ីវិល»។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន និងមន្ត្រីគណបក្សកាន់អំណាចរបស់លោកធ្លាប់បានបញ្ជាក់កន្លងមកថា ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា គឺបញ្ជាក់ពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ និងភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕
soon the bitter cucumber line will disappear from Cambodia
Later objective historians will rank the bitter cucumber line as the felon king lineage
sớm dòng dưa chuột đắng sẽ biến mất khỏi Campuchia
Các sử gia mục tiêu sau này sẽ xếp hạng dòng dưa chuột cay đắng như dòng truyền thừa vua
Youn king alway care about Youn anf jen