ដោយ អ៊ឹង ប៊ុនថន
19/08/2018
RFI

គណបក្សប្រជាជនកម្ពុជា
@REUTERS
គណបក្សនយោបាយមួយចំនួនបានត្រៀមខ្លួនរួចហើយដើម្បីចូលរួមវេទិកាពិគ្រោះយោបល់ជាមួយ លោក ហ៊ុន សែន មុនពេលបង្កើតរដ្ឋាភិបាលថ្មី ខណៈគណបក្សមួយចំនួនទៀតបង្ហាញជំហរមិនចង់ចូលរួមដោយថាគ្មានប្រយោជន៍។ នេះគឺជាជំនួបដែលមិនធ្លាប់មានទេកាលពីអាណត្តិមុនៗ ស្របពេលគណបក្សកាន់អំណាចឈ្នះអាសនៈទាំង១២៥នៅអាណត្តិទី៦នេះ។
ផ្តើមចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សថ្មីដែលមិនទទួលបានអាសនៈនេះបានបញ្ជាក់ជំហរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះ។ ក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ខ្លួនស្វាគមន៍គំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ព្រោះទម្រង់នៃវេទិកានេះស្របជាមួយគោលនយោបាយ បង្រួបបង្រួមជាតិ ដែលមានចែងក្នុងសៀវភៅបៃតង របស់គណបក្សGDP។ ប៉ុន្តែគណបក្សនេះ អះអាងថា នឹងពិចារណាចូលរួមវេទិកា នៅក្រោយពេលរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានបង្កើតឡើង និងស្នើសុំរាជរដ្ឋាភិបាលបង្ហាញពីគោលបំណងជាក់លាក់ យន្តការលម្អិត និងភាពទៀតទាត់នៃវេទិកា ដើម្បីឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យកជាមូលដ្ឋានក្នុងការពិចារណាសម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាព។
ចំណែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិវិញ ក៏បានអះអាងថា ពួកគេស្វាគមន៍ចំពោះការបង្កើតវេទិកានេះ ហើយថា គ្រាន់តែការចូលរួមមិនមានអ្វីទាស់ខុសនោះទេ តែក៏ត្រូវរងចាំការសម្រេចពីគណបក្សទាំងមូលជាមុនសិនដែរ។
ផ្ទុយពីនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា និងគណបក្សខ្មែរឈប់ក្ររបស់លោក ក្រវ៉ាញ ដារ៉ន បានចាត់ទុកវេទិកានេះថា គ្មានប្រយោជន៍ និងគ្រាន់តែចង់បានជារូបភាពពហុបក្សតែប៉ុណ្ណោះ ខណៈទាំងរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិនេះគឺ ដឹកនាំដោយឯកបក្ស។
សូមជម្រាបជូនថា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៥ ខែសីហា ថាលោកចង់បង្កើតវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាលនិងគណបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦នេះ នៅមុនពេលបង្កើតរដ្ឋាភិបាលថ្មី ខណៈគណបក្សទាំងនោះមិនមានអាសនៈក្នុងរដ្ឋសភា។ លោកប្រមុខបក្សកាន់អំណាច អះអាងថា វេទិកានេះ បង្កើតឡើងដើម្បីផ្តល់ឱកាសដល់គណបក្សទាំងនោះចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសជាការបង្កើតវប្បធម៌សន្ទនារវាង បក្សនយោបាយនៅក្នុងរដ្ឋសភា និងបក្សនយោបាយនៅក្រៅរដ្ឋសភា៕
Smart people will join the winner to work together for the benefit of Cambodia. Only stupid people will keep fighting until end of time. Go figure.