ដោយ វ៉ែន សុមេធ
2018-11-07
RFA

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២៩ កញ្ញា ២០១៤ នាទីស្ដីការក្រសួង។ RFA/Tin Zakariya
ក្រសួងបរិស្ថានបានដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែន បឹងទន្លេសាបជាតំបន់រ៉ាមសារ។ តំបន់ស្នូលស្ទឹងសែនបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានក្រឡាផ្ទៃសរុបចំនួន ៩.២៩៣ហិកតារត្រូវបានទទួលស្គាល់ជាតំបន់ដីសើមមានសារៈសំខាន់។ កាលពីថ្ងៃទី៦ វិច្ឆិកា ក្រសួងបរិស្ថានបានជូនដំណឹងអំពីការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែនបឹងទន្លេសាបជាតំបន់ដីសើមដ៏មានសារៈសំខាន់ ដែលទទួលស្គាល់លក្ខណៈជាអន្តរជាតិ ជាតំបន់រ៉ាមសារ។
រ៉ាមសារ (RAMSAR) គឺជាសន្ធិសញ្ញាអន្តរជាតិមួយដែលផ្ដល់នូវក្របខ័ណ្ឌសម្រាប់សកម្មភាពជាតិនិងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិរក្ស និងការប្រើប្រាស់ដីគោកនិងប្រព័ន្ធអេកូឡូស៊ី ឬតំបន់ដី សើម។
តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍បឹងទន្លេសាបជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរដោយព្រៃលិចទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះទៅទៀត ព្រៃគុម្ពោត និងវាលស្មៅក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិ ជាច្រើនប្រភេទផ្សេងទៀត។ តំបន់រ៉ាមសារនេះក៏មានសារៈសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់នៅរដូវវស្សា រក្សាទឹក រក្សាលំនឹងទឹកក្រោមដីបន្សុទ្ធទឹកតាមរយៈរុក្ខជាតិក្នុងទឹក និងព្រៃលិចទឹក និងជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ប្រធាននាយកដ្ឋានសត្វព្រៃនៃក្រសួងបរិស្ថានជប៉ុន លោក ម៉ាសារូ ហូរីកាម៉ា (Masaru Horikami) បានគាំទ្រការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារនេះ ហើយភាគីជប៉ុននឹងជួយបណ្ដុះបណ្ដាល ដល់មន្ត្រីឧទ្យានរក្សក្នុងការអភិរក្សតំបន់ដីសើម និងរក្សាប្រព័ន្ធអេកូឡូស៊ីនៅតំបន់ស្នូលស្ទឹងសែន ដើម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។
កម្ពុជាមានផ្ទៃដីគ្របដណ្ដប់ជាង៣០ភាគរយ ជាតំបន់ដីសើម ដោយសារតែតំបន់ទាំងនោះបានផ្ដល់សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងទ្រទ្រង់ដល់ពពួកសត្វដែលជិតផុតពូជជាច្រើនប្រភេទ។
កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញារ៉ាមសារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩ និងបានដាក់បញ្ចូលតំបន់ដីសើមមួយចំនួនជាតំបន់រ៉ាមសារ មានដូចជា តំបន់រ៉ាមសារបឹងឆ្មារ តំបន់រ៉ាមសារ កោះកាពិ តំបន់រ៉ាមសារ ស្ទឹងត្រែង និងតំបន់រ៉ាមសារព្រែកទាល់។
បច្ចុប្បន្នតំបន់ដីសើមសំខាន់ៗដែលបានដាក់បញ្ចូលជាតំបន់រ៉ាមសារមានចំនួន ២.៣៣១កន្លែងនៅទូទាំងពិភពលោកដែលបានបង្កើតជាបណ្ដាញដ៏ធំជាងគេក្នុងការគ្រប់គ្រង និងអភិរក្សជាតំបន់ដីសើម៕