2018-11-13
RFA

ស្រែប្រាំងរបស់អ្នកស្រុករាប់រយហិកតារនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងប្រឈមនឹងខ្វះទឹកស្រោចស្រព។ រូបថតថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ Photo Provided
![]()
ស្រូវជិត ២ម៉ឺនហិកតារ នៅក្នុងខេត្តចំនួន១៣ នឹងប្រឈមការខូចខាតដោយសារគ្រោះរាំងស្ងួត ខណៈកសិករជាច្រើន បង្ហាញក្តីបារម្ភជាខ្លាំងថា ប្រសិនបើគ្មានទឹកស្រោចស្រព ក្នុងរយៈពេល ១០ថ្ងៃទៀត ស្រូវនឹងអាចស្កកខូចខាតអស់ជាមិនខាន។
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយបានដកស្រង់ប្រសាសន៍អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ថា ថ្វីបើកាលពីដើមរដូវវស្សាមានភ្លៀងធ្លាក់ច្រើនរាយប៉ាយនៅទូទាំងប្រទេស ដែលបង្កឲ្យតំបន់ខ្លះជន់លិច ខូចខាតផ្លូវ និងបំផ្លាញស្រូវសន្ទូងអស់ជាច្រើនពាន់ហិកតារក៏ដោយ ក៏ប៉ុន្តែនៅចុងរដូវវស្សានេះ អាកាសធាតុចាប់ផ្ដើមប្រែប្រួលឡើងកម្តៅភ្លាមៗ ដែលធ្វើឲ្យមានការរីងហួតទឹកពីបឹងបួរយ៉ាងឆាប់រហ័ស បង្កឲ្យផ្ទៃដីដាំដុះដំណាំស្រូវ របស់ប្រជាកសិករសរុបជិត ២ម៉ឺន ហិកតារនៅក្នុងខេត្តចំនួន១៣ ប្រឈមនឹងបញ្ហាកង្វះទឹកស្រោចស្រព។
លោក កែវ វី បន្តថា ខេត្តកំពង់ចាម រងផលប៉ះពាល់ច្រើនជាងគេ គឺរហូតដល់ដំណាំស្រូវទំហំ ៩ពាន់ ហិកតារ បន្ទាប់មកខេត្តបាត់ដំបង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។ លោកបញ្ជាក់ថា មកទល់ពេលនេះក្រសួងធនធានទឹក និងមន្ទីរជំនាញពាក់ព័ន្ធ នៅក្នុងខេត្តទាំងនោះ កំពុងបន្តជីកស្ដារប្រព័ន្ធស្រោចស្រព និងបូមទឹកពីអាងស្តុកទឹកធំៗ ដើម្បីនាំទឹកទៅជួយសង្គ្រោះដំណាំស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។