កម្ពុជា
រូបភាពឯកសារ៖ លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។(ហ៊ាន សុជាតា/VOA)
14 វិច្ឆិកា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
នីតិវិធីដកកម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ពីកម្ពុជាកំពុងដំណើរការទៅមុខបន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាកាលពីខែតុលា ប៉ុន្តែស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និយាយថា កម្ពុជានៅមានពេលដើម្បីស្តារស្ថានការណ៍របស់ខ្លួនឡើងវិញ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រាប់ VOA តាមសារអេឡិកត្រូនិក Email នៅថ្ងៃអង្គារនេះដោយបញ្ជាក់ជាថ្មីនូវនីតិវិធីនៃដកប្រព័ន្ធអនុគ្រោះពន្ធនេះ ថាបានឆ្លុះបញ្ចាំងពីការបារម្ភធ្ងន់ធ្ងរចំពោះការវិវត្តន៍នានានៅកម្ពុជាទាក់ទិនការគោរពសិទ្ធិមនុស្ស និងសេរីភាពដូចមានចែងក្នុងច្បាប់នានារបស់អង្គការសហប្រជាជាតិ និងកតិការសញ្ញាស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ ជា មូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO)។
លោក George Edgar បានបន្ថែមថា៖
«នីតិវិធីនៃការដកគម្រោង គ្រប់មុខទំនិញលើកលែងតែអាវុធ ដែលមានជាប់ទាក់ទងនឹង កម្ពុជាមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។ ការរៀបចំទាំងឡាយកំពុងត្រូវបានធ្វើឡើងសម្រាប់ការសម្រេចជាផ្លូវការដោយគណៈកម្មការសហភាពអឺរ៉ុប ដែលនឹងបើកនីតិវិធីដកគម្រោងនេះ»។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថានៅពេលគណៈកម្មការសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តហើយនោះ នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្ននឹងត្រូវចាប់ផ្តើមក្នុងរយពេលប្រាំមួយខែ ដែលជារយៈពេលផ្លូវការសម្រាប់ការតាមដាន។ ក្នុងអំឡុងពេលនេះ គណៈកម្មការផ្តល់ដល់ប្រទេសពាក់ព័ន្ធនូវរាល់ឱកាសដើម្បីសហការ និងប្រមូលព័ត៌មានដែលចាំបាច់។ ការណ៍នេះ នឹងធ្វើឡើងរយៈពេលប្រាំមួយខែបន្ថែមទៀត ដើម្បីធ្វើរបាយការណ៍ស្តីពីការរកឃើញទាំងឡាយហើយធ្វើសេចក្តីសន្និដ្ឋាននីតិវិធីជាមួយការសម្រេចចិត្តមួយផ្សេងទៀតដោយគណៈកម្មការដែលនឹងពិចារណាថានឹងដកប្រព័ន្ធពន្ធអនុគ្រោះនោះ ឬយ៉ាងណា។
យ៉ាងណាក៏ដោយសហភាពអឺរ៉ុប នៅទុកពេលឲ្យមានការសន្ទនាជាមួយកម្ពុជា ហើយប្រសិនបើកម្ពុជាកែប្រែស្ថានភាពបានយ៉ាងឆាប់នោះ នោះរាល់វិធានការនានាអាចនឹងត្រូវយកមកធ្វើការពិចារណាឡើងវិញ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបដិសេធមិនផ្តល់ការអធិប្បាយទៅលើផលប៉ះពាល់លើការងាររបស់កម្មករក្នុងករណីមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះទេ តែសហភាពអឺរ៉ុបសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងចាត់វិធានការដែលស្របនឹងកតិការសញ្ញាទាំងឡាយ។
ទោះប្រមុខការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមិនបានថ្លែងបញ្ជាក់អំពីផលវិបាកនៃការ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះក្តី ក្រុមអ្នកឃ្លាំមើលមួយចំនួនបាននិយាយថា ការបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបនេះ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជារង្គោះរង្គើ រកកល់នឹងរលំផងដែរ។
ធនាគារពិភពលោកក៏បានព្រមានកាលពីកន្លងមកថា សេដ្ឋកិច្ចកម្ពុជា ក៏នឹងត្រូវប្រឈមនឹងហានិភ័យធំមួយផងដែរ ក្នុងករណីមានការសើរើឡើងវិញនៃការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា និងការធ្លាក់ស្រុតចុះរបស់សេដ្ឋកិច្ចប្រទេសចិន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) ដែលតំណាងឲ្យក្រុមអ្នកនាំចេញសម្លៀកបំពាក់នៅប្រទេសកម្ពុជា ក៏បានឲ្យដឹងពីការបារម្ភរបស់ខ្លួន ចំពោះការប្រកាសថ្មីៗរបស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ឲ្យដឹងពីការព្យួរទុកជាបណ្តោះអាសន្ននៃគំនិតផ្តួចផ្តើម EBAនេះ។
ក្រុមអ្នកនាំចេញសម្លៀកបំពាក់នៅប្រទេសកម្ពុជា បានទទូចសុំឲ្យសហគមន៍អឺរ៉ុបកុំដាក់ទណ្ឌកម្មណាមួយមកលើប្រទេសកម្ពុជាដែលពួកគេអះអាងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។ ពួកគេបានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេទៅសហភាពអឺរ៉ុប គឺមានដល់ទៅជាង៤៦ភាគរយ ហើយបានតាំងចិត្តថានឹងបង្កើនចំនួននៃការនាំចេញទៅឆ្នាំខាងមុខទៀត។
ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ខាងឥណទាន Moody’s បានរកឃើញថា ការបាត់បង់ដ៏មានសក្តានុពលនៃការអនុ គ្រោះខាងពាណិជ្ជកម្មដើម្បីនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុប នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានលើផ្នែកឥណទានរបស់កម្ពុជា។ ភ្នាក់ងារបានឲ្យដឹងថា ការកើនឡើងនៃថ្លៃចំណាយដែលបណ្តាលមកពីការជាប់ពន្ធនេះ នឹងធ្វើឲ្យខូចខាតដល់លទ្ធភាពនៃការប្រកួតប្រជែងការនាំចេញរបស់កម្ពុជា លុះត្រាតែផលិតភាពកម្ពុជាមានលក្ខណៈប្រសើរ ដើម្បីទូទាត់នឹងការចំណាយដែលកើនឡើងថ្មីបន្ថែមទៀតនោះ។
ក៏ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរលោកផៃ ស៊ីផានបានបញ្ជាក់កាលពីពេលកន្លងមកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងនៅបន្តរឹងមាំ ដោយហេតុថាកម្ពុជារកបានចំណូលផ្សេងទៀតក្រៅពីវិស័យកម្មន្តសាល ដើម្បីរក្សាលំនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ លោកអះអាងថា ការកើនឡើងប្រាក់ចំណូលជាង១៥០០ដុល្លារក្នុងមួយខែរបស់ពលរដ្ឋកម្ពុជា ក៏នឹងរួមចំណែកដល់ការធ្វើឲ្យកម្ពុជា បាត់បង់អត្ថប្រយោជន៍ខ្លះនៃកម្មវិធីអនុគ្រោះពន្ធ EBA ដែលនឹងតម្រូវឲ្យកម្ពុជាបង់ពន្ធសម្រាប់ការនាំចេញទំនិញរបស់ខ្លួន។ លោកថាកម្ពុជាក៏នឹងមិនត្រូវបង់ពន្ធ ១០០ភាគរយសម្រាប់ការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបនោះដែរ។
លោកផៃ ស៊ីផាន ប្រាប់ VOA នៅថ្ងៃអង្គារនេះបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជានៅបន្តរក្សាការពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីពិនិត្យលើចំណែកនានាក្នុងកញ្ចប់កម្មវិធី EBA ដែលរួមមានកិច្ចការពាណិជ្ជកម្ម ការសហការខាងពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចការកែទម្រង់រដ្ឋបាលជាដើម។ អ្នកនាំពាក្យរដ្ឋាភិបាលរួបនេះ បានឲ្យដឹងបន្តថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់តាំងពីពាក់កណ្តាលអាណត្តិទីប្រាំ ក្នុងករណីសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធលើការនាំចេញទំនិញរបស់ខ្លួននោះ។
«ចាប់តាំងពីពាក់កណ្តាលអាណត្តិទីប្រាំហ្នឹង យើងបានត្រៀមលក្ខណៈរួចស្រេចទៅហើយ ដោយសារអាចនឹងមាន កំណើនពន្ធដារ បន្ថែមពីលើបន្តិចបន្តួចជាជាងអត់បាទ ជាជាងអត់បង់ពន្ធសុទ្ធ។ អាហ្នឹងយើងត្រៀមលក្ខណៈរួចស្រេចទៅហើយ។ រួចសួរថាតើបើសិនជាការ ដែលបង្កើនពន្ធហ្នឹង តើវាប៉ះពាល់អ្វីខ្លះ ក៏ដូចជីវភាពរបស់កម្មករ សូមជម្រាបថា ប្រាក់បៀវត្សរ៍ គឺធានាដោយច្បាប់កម្ពុជារួចស្រេចទៅហើយ ហើយនៃការសម្រេចរវាងភាគីសហជីព ភាគីអ្នកទិញ ហើយនិងអ្នកកូម៉ង់របស់ ហើយនិង ILO ហើយនិងរាជរដ្ឋាភិបាល ដែលយើងមានបួន poles បួនភាគីក្នុងការពិចារណា ធ្វើយ៉ាងម៉េច កុំឲ្យកំណើនបៀវត្សរ៍ហ្នឹង វាប៉ះពាល់ទៅដល់ ការផលិត និងការបញ្ចេញឥវ៉ាន់ទៅហ្នឹងឯង»។
យ៉ាងណាក៏ដោយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា ការផ្អាកបណ្តោះអាសន្ននូវកម្មវិធីអនុគ្រោះពន្ធEBA ឬក៏ការដាក់ទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចនឹងមានផលប៉ះពាល់រយៈពេលវែងលើជីវិតកម្មករនិងគ្រួសាររបស់ពួកគេ។ រាល់ការរីកចម្រើនរបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេល២ទសវត្សរ៍មកនេះ តាមរយៈកិច្ចខិតខំរបស់រាល់អ្នកពាក់ព័ន្ធ ដោយរាប់បញ្ចូលទាំងដៃគូអភិវឌ្ឍន៍ ដូចជាសហភាពអឺរ៉ុបអាចនឹងត្រូវបានបំផ្លាញចោលយ៉ាងឆាប់រហ័សផងដែរ៕
Very good’ the action need to be taken because you can’t talk with this fake government and Veitcong mafia dictator never listen to any body or other world ‘ remember this country is in the cage of Veitcong mafia dictator anf his groups since 1997 coup’ GOD bless all khmer people’
លោក George Edgar បានបន្ថែមថា៖
«នីតិវិធីនៃការដកគម្រោង គ្រប់មុខទំនិញលើកលែងតែអាវុធ ដែលមានជាប់ទាក់ទងនឹង កម្ពុជាមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។
ចំនងជើង
ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្តដំណើរទៅមុខ។ចំណងជើងនឹងការនិយាយខាងក្រោមិនដូចគ្នាសោះ។