អាជីវករលក់តាមចិញ្ចើមផ្លូវ​ត្អូញត្អែរថាអាជ្ញាធរនៅតែបង្ខំទារលុយ


|
https://www.vodhotnews.com

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងក្នុងខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវ​នៅទូទាំងពិភពលោក ដែលរៀប​ចំនៅការិយាល័យសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖​ ជន ចាន់រ៉ែន)


អាជីវករលក់នៅតាមចិញ្ចើមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញត្អូញត្អែរថា សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកពាក់ព័ន្ធផ្សេងទៀតយកលុយ(ភាស៊ី)ពីពួកគេរាល់ថ្ងៃ ជាថ្នូរអនុញាតឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។

ក្នុងខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវ​នៅទូទាំងពិភពលោក ដែលរៀប​ចំនៅការិយាល័យសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកានេះ អាជីវករលក់ដូរនៅផ្សារដើមគ នៅ ស្រីលក្ខណ៍ អះអាងថាលក់ដូរជាង១០ឆ្នាំ បានរៀប​រាប់ថា ប្រហែលជាកន្លះខែមកនេះអាជីវករមួយចំនួន នៅតែរងការរើសអើងពីអាជ្ញាធរ សន្តិសុខផ្សារ សណ្តាប់ធ្នាប់ខណ្ឌ ចុះឃ្លាំមើល និងមិនឲ្យលក់ដូរលើកចិញ្ចឹមផ្លូវនោះទេ ខណៈអ្នកផ្សេងទៀតដែលលក់ដូរបាន លុះត្រាតែមានលុយបង់ទៅផ្នែកសណ្តាប់ធ្នា​ប់ខណ្ឌ ប៉ុន្តែមិនចេញវិក័យបត្រឲ្យនោះទេ។

អាជីវកររូបនោះរៀប​រាប់ដូចនេះថា៖ «នៅក្នុងផ្សារដើមគមួយដឹងប៉ុន្មានវេណទេ សព្វថ្ងៃនេះបួនវេណក្នុងមួយថ្ងៃ ហើយឧទាហរណ៍ដូចភាស៊ីអនាម័យ គាត់កុងត្រាជាមួយសាលារាជធានីភ្នំពេញយកមកឲ្យប្រធាន ប្រធានខាងភាស៊ីអនាម័យគឺគាត់កុងត្រាឲ្យវិនិយោគផ្សេងទៀត គឺវិនិយោគ គឺវិនិយោគមកយកតាមអំពើចិត្ត ដោយពុំមានពាក់កាតជាអ្នកភាស៊ីអនាម័យទេ»

នៅថ្ងៃនេះសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេ្ឋកិច្ចក្រៅប្រព័ន្ធ រៀប​ចំប្រារព្ធខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវ​នៅទូទាំងពិភពលោកនេះ មានអាជីវករ​ចូល​រួមប្រមាណ​ជាង១០០នាក់ នៅទូទាំងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។​

អាជីវករម្នាក់ទៀត អ្នកស្រី ណុប សាវី ដែលអះអាងថា លក់ដូរនៅមុខ​រោង​ចក្រមួយកន្លែងក្បែររោងចក្រ ស្ថិតនៅម្តុំផ្លូវ​ណបព្រីច បានរៀប​រាប់ថា ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកយកលុយ (ភាស៊ី) បានចុះយកលុយពីអាជីវករលក់នៅក្បែរចិញ្ចើមផ្លូវ​ជារៀង​រាល់ថ្ងៃចន្លោះពី៥០០រៀល ទៅ៣០០០រៀល​ជារៀង​រាល់ថ្ងៃ និងកន្លែងខ្លះជួលក្នុងមួយខែ៣ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ជាថ្នូរបានលក់នៅតំបន់នោះជាដើម​។ ករណីនេះ​អ្នកស្រីថា បើអាជីវករមិនព្រមបង់ថ្លៃឲ្យទេ កងសន្តិសុខថាថ្នាក់លើមិនឲ្យលក់ទេ។

ទោះជាបែបនេះក្តី អ្នកស្រីថា គាត់នៅតែបន្តលក់នៅក្បែរចិញ្ចើមផ្លូវ​នោះ ហើយមិនបង់លុយឲ្យសន្តិសុខខណ្ឌនោះទេ ដោយថាទោះជាមានរឿង​អ្វីកើតឡើងក៏គាត់មិនខ្លាចដែរ។

អ្នកស្រីរៀប​រាប់ថា៖ «នៅតែលក់ ព្រោះខ្ញុំសម្រេចចិត្តថា បើនៅចាប់ខ្ញុំ បើសិនមានថ្ងៃណាមួយខ្ញុំដេកក្រោមឡាន ក្រោយឡានចាប់តែម្តង ខ្ញុំនិយាយដោយស្មោះ ដើម្បីឲ្យរដ្ឋាភិបាលជួយមើលថា តើគាត់យ៉ាងម៉េច គាត់សុខចិត្តប្តូរជីវិត ព្រោះនៅផ្ទះក៏ដាច់ពោះ លុយថ្លៃផ្ទះ លុយថ្លៃទឹក ថ្លៃភ្លើង គឺខ្ញុំជួលផ្ទះគេទេ ហើយខ្ញុំត្រូវការលក់ ដើម្បីចិញ្ចឹមខ្លួន ដើម្បីទិញថ្នាំពេទ្យ ព្រោះខ្ញុំអត់មានពេលដេកពេទ្យ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត​ មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ មិនមានគម្រោងរៀប​ចំចិញ្ចើមផ្លូវ​សាធារណៈសម្រាប់ទុកឲ្យអាជីវករលក់ដូរនោះទេ ដោយថាកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អ្នកធ្វើដំណើរ និងកាត់បន្ថយការស្ទះចរាចរណ៍ជាដើម។

ដោយឡែក អ្នកដែលដើរទារលុយ (ភាស៊ី) ពីអាជីវករនោះ លោកថាសាលារាជធានីមិនបានដឹងពីបញ្ហានេះទេ ដោយលោកថា បើអាជីវកររូបណាជួបបញ្ហានេះ ជួយរាយការណ៍ទៅសមត្ថកិច្ច ឬសាលារាជធានី ដើម្បីចាត់វិធានការ​ច្បាប់អ្នកដែលប្រព្រឹត្តនោះ។

លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកដែលអនុវត្តខុសពីគោលការណ៍ណែនាំ ខុសពីអនុសាសន៍រាជរដ្ឋាភិបាលដែលបង្គាប់បញ្ជាណែនាំមិនឲ្យមានការយកសម្រាប់អ្នកលក់ដូរតូចតាច ហើយថែមទាំងគិតគូពីការថែទាំអនាម័យ បញ្ហាសន្តិសុខ ជូនគាត់ទៀតផង មិនត្រឹមតែយកភាស៊ី មិនត្រឹមតែមិនយកលុយនោះទេ ចឹងអ្នកដែលធ្វើកិច្ចការនេះ ខុសពីគោលការណ៍ំណែនាំ គាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់»

នាយិការអង្គការ OXFAM លោកស្រី លីម សូលីន​ អ្នកលក់ដូរក្រៅប្រព័ន្ធមានចំនួន៦៥% នៃគ្រោងឆ្អឹងប្រទេសជាតិ ដោយថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយបណ្តែតបណ្តោយឲ្យមានការរើសអើងលើអាជីវករទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិទាំងមូល ខណៈអាជីវករស្ថិតនៅក្នុងប្រព័ន្ធមានចំនួន៣៥%តែប៉ុណ្ណោះ។

លោក វន់ ពៅ បញ្ជាក់ថា បើអាជ្ញាធរនៅតែបន្តយកលុយពីអាជីវករបែបនេះទៀត លោកថានឹងធ្វើឲ្យអាជ្ញាធរ និងអាជីវករ កាន់តែមានបញ្ហាប្រឈមដាក់គ្នា នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ទីមួយ ប៉ះពាល់សេដ្ឋកិច្ចសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ប៉ះពាល់ទីពីរគឺផ្លូវអារម្មណ៍ ផ្លូវចិត្ត ប៉ះពាល់អាចមានអំពើហិង្សាកើតឡើងរវាងអាជីវករ អ្នករៀបចំសណ្តាប់ធ្នាប់ និងអ្នកទារលុយ បើសិននៅតែរបៀបហ្នឹងទៀត ធ្វើឲ្យខូចមុខមាត់ជាតិ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងសង្គម នេះគឺជាផលប៉ះពាល់ធំណាស់»។

កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានចេញសារាចរមួយដោយ​លុប​ចោលកា​របង់​ថ្លៃ​​ភាស៊ី និងការ​បង់​ថ្លៃ​ផ្សេងៗទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ​នៅ​តាម​ទីផ្សារទូទាំងប្រទេស។​

សារាចរ​ដដែល​បាន​ដាក់​បញ្ជា​ឲ្យ​សាលា​រាជធានីនិងខេត្ត​ រៀប​ចំកន្លែង​លក់​ដូរ​ឲ្យ​បាន​ច្បាស់លាស់ចាប់​ពី​ថ្នាក់​ខេត្ត​ រហូតដល់ឃុំ​សង្កាត់សម្រាប់ជូន​ពលរដ្ឋ​ដែលលក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​អ្នកលក់​ដូរ​ក្រី​ក្រ​តូច​តាច ដោយ​មិនមានការ​បង់​ថ្លៃ​អ្វី​ទាំងអស់ចំពោះកន្លែងលក់ដូរនេះ៕

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងក្នុងខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវ​នៅទូទាំងពិភពលោក ដែលរៀប​ចំនៅការិយាល័យសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖​ ជន ចាន់រ៉ែន)

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles