ដោយ មួង ណារ៉េត
2018-11-14
RFA

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម (RFA)
![]()
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រដូចការតស៊ូទាមទារ ឲ្យមានយុត្តិធម៌សង្គម ឲ្យមានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក្រោមរបបលោក ហ៊ុន សែន សព្វថ្ងៃដែលពោរពេញទៅល្បិចកលបំបែកបំបាក់គ្រប់រូបភាពបែបនេះ គឺល្បែងប្រជាធិបតេយ្យដែលមានគោលការណ៍ត្រឹមត្រូវ ប្រហែលជាលេងមិនឈ្នះជនផ្ដាច់ការទេ៖ «វាមានតែល្បិចទល់ល្បិច! បើយើងធ្លាប់អានសៀវភៅ ល្បិចទល់មេឃ នោះយើងនឹងដឹងថា គេមិនអាចយកគោលការណ៍នីតិរដ្ឋ គេមិនអាចយកគោលការណ៍សីលធម៌ គេមិនអាចយកគោលការណ៍សម្របសម្រួលសម្បទានហ្នឹង ឲ្យជនផ្ដាច់ការងាកមកចរចាជាមួយយើងទេ»។
ល្បិចទល់ល្បិចនេះ ព្រះតេជព្រះគុណ ប៊ុន ប៊ុនតិញ សំដៅទៅលើយុទ្ធសាស្ត្ររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលជោគជ័យ ក្នុងការចាក់ឲ្យលោក ហ៊ុន សែន លោតមកទទួលការភ្នាល់គ្នា អំពីរឿងដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ ព្រះតេជព្រះគុណបន្តថា ល្បិចរបស់លោក សម រង្ស៊ី គឺចង់បកអាក្រាតភាពផ្ដាច់ការរបស់លោក ហ៊ុន សែន ឲ្យអន្តរជាតិបានឃើញកាន់តែច្បាស់ ថាតុលាការខ្មែរ គ្មានឯករាជ្យ ដូចអ្វីដែលអន្តរជាតិ កំពុងទាមទារឲ្យកែឡើងវិញនោះមែន។ ជោគជ័យមួយទៀត ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា គឺការដាក់ឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះមុខ នៃការកាត់ផ្ដាច់ការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប៖ «ទាក់ទងរឿងមួយទៀត គឺ សម រង្ស៊ី ទាក់ឲ្យ ហ៊ុន សែនហ្នឹងទទួលខុសត្រូវ ចំពោះមុខគោលការណ៍ EBA។ បើសិនជាយើងមិនចាប់ផ្ដើមមើលឥរិយាបថនយោបាយ ហ៊ុន សែន នឹងលាងខ្លួនរួចទៀត EBA ក៏អត់រងគ្រោះ ច្បាប់ ៥៧៥៤, ២៤១២ នៅអាមេរិកក៏មេម៉ាយចោល ដូច្នេះ ហ៊ុន សែន នឹងរួចបញ្ហាទាំងអស់ ហ៊ុន សែន នឹងទិញពេលប្រាំឆ្នាំតទៅទៀត កំដរនយោបាយ តើយើងចង់បានប៉ុណ្ណឹងឬ? រឿងថាល្បែងភ្នាល់ វាមើលទៅឃើញអាក្រក់បន្តិច ប៉ុន្តែ អាត្មាជឿថា សម រង្ស៊ី មិនមែនភ្នាល់ទេ គ្រាន់តែចង់ដាក់អន្ទាក់ ហ៊ុន សែន ឲ្យជាប់ជាមួយអន្តរជាតិ មានន័យថារុញព្រឹត្តិការណ៍នយោបាយខ្មែរ ឲ្យផុតពីដៃ សម រង្ស៊ី និង កឹម សុខា»។
ភាសាការទូត ក៏ត្រូវបានប្រទេសជាច្រើន នៅក្នុងសហគមន៍អន្តរជាតិ លែងប្រើជាមួយរបបលោក ហ៊ុន សែន តទៅទៀតដែរ ដោយសារតែប្រទេសទាំងនោះ មិនអាចអត់ឱនបានចំពោះការយកប្រព័ន្ធតុលាការ មកធ្វើជាឧបករណ៍ ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ។
សហរដ្ឋអាមេរិក ចេញសារថ្កោលទោសរបបលោក ហ៊ុន សែន ចំៗ ជុំវិញការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ប្រទេសមហាអំណាចមួយនេះ ក៏បានដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ជាបណ្តើរៗ និងព្រមានដាក់ទណ្ឌកម្មបន្ថែម។ ចំណែកឯសហភាពអឺរ៉ុបឯណោះ ដែលមានប្រទេសសមាជិកចំនួន ២៨ប្រទេស ក៏លែងប្រើភាសាការទូតជាមួយរបបលោក ហ៊ុន សែន ទៀតដែរ ក្រោយរបបនេះ មិនស្ដារស្ថានការណ៍អាក្រក់សព្វថ្ងៃ។
សហភាពអឺរ៉ុប បានជូនដំណឹងរបបលោក ហ៊ុន សែន កាលពីដើមខែតុលា រួចទៅហើយ អំពីនីតិវិធីដកការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀង “អ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA” បើរបបលោក ហ៊ុន សែន មិនព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ក្នុងរយៈពេល ១២ ខែ យ៉ាងយូរ គិតចាប់ថ្ងៃជូនដំណឹងនោះតទៅ។
ពេលវេលាកំពុងតែខើចខ្លីណាស់ទៅហើយ ដែលរបបលោក ហ៊ុន សែន ត្រូវស្តារស្ថានភាពអាក្រក់បច្ចុប្បន្នឡើងវិញឲ្យទាន់ ដើម្បីចៀសផុតពីការដកការអនុគ្រោះពន្ធនោះ។ អ្វីដែលសហគមន៍អន្តរជាតិ ទាមទារឲ្យស្តារឡើងវិញ រួមមាន ដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពពេញលេញឡើងវិញ ផ្ដល់នីតិសម្បទាដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង ១១៨រូប លុបចោលសេចក្ដីសម្រេចដែលរម្លាយគណបក្សសង្គ្រោះជាតិ អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចបើកដំណើរការឡើងវិញដោយគ្មានការរឹតត្បិត ឬការធ្វើទុក្ខបុកម្នេញ និង រៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ប្រកបដោយភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ជាដើម។
ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន នៅតែអះអាងថា របបនេះប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងអះអាងថា មិនឱនក្បាលចំពោះសម្ពាធអន្តរជាតិឡើយ។
ប៉ុន្តែ តាំងពីអន្តរជាតិគំរាម និងដាក់ទណ្ឌកម្មជាបណ្ដើរៗ របបលោក ហ៊ុន សែន បានដោះលែងអ្នកទោសនយោបាយជាច្រើនរូប។ បន្តមកទៀតក៏បានផ្ទេរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួនក្នុងផ្ទះនៅភ្នំពេញវិញ។ ថ្មីៗនេះ លោក ហ៊ុន សែន ប្រកាសឲ្យបញ្ចប់រឿងក្តី ប្រឆាំងមេដឹកនាំសហជីពកម្មករ ជាដើម។
ទោះជារបបលោក ហ៊ុន សែន ខំប្រឹងស្វះស្វែងកែស្ថានការណ៍បន្តិចបន្តួច ដើម្បីលួងចិត្តសហគមន៍អន្តរជាតិ ឲ្យបន្ធូរការដាក់ទណ្ឌកម្មលើរបបនេះក្តី ក៏អ្នកវិភាគនយោបាយ និងសង្គម យល់ឃើញថា លោក ហ៊ុន សែន អេះមិនទាន់ចំរមាស់នៅឡើយទេ ពោលគឺអ្វីដែលសហគមន៍អន្តរជាតិចង់បាន គឺការស្ដារឡើងវិញ នូវអ្វីដែលរបបនេះ បានបំផ្លាញក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។