សមាជិកបក្សប្រឆាំង​ស្រុក​កំពង់​រោទិ៍ សោក​ស្ដាយ​ដែល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លើក​ពេល​សាកសួរ មិន​ព្រម​ជូន​ដំណឹង​មុន

ដោយ សុ ជីវី
2018-11-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ (Photo Provided)
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ (Photo Provided)


សមាជិកគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ សោកស្ដាយ ដែល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លើក​ពេល​សាកសួរ​សំណុំ​រឿង​ចោទ​ប្រកាន់​សមាជិក​បក្ស​ប្រឆាំង​ថា បាន​ជេរ​ប្រមាថ​ជា​សាធារណៈ​នោះ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន។

លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្ស សង្គ្រោះ​ជាតិ ស្រុក​កំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យ​ដឹង​ថា លោក​បាន​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី១៣ វិច្ឆិកា នៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ប៉ុន្ដែ​បាន​រង់ចាំ​ជាង ២ម៉ោង ទើប​មន្ត្រី​ផ្នែក​រដ្ឋបាល​ប្រាប់​ថា ចៅក្រម​ស៊ើប​សួរ កាន់​សំណុំ​រឿង មាន​ធុរៈ​រវល់​នៅ​ខេត្ត​ផ្សេង ហើយ​ករណី​នេះ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ ដោយ​មិន​ទាន់​កំណត់​ពេល​ណា​ទេ។

សមាជិកគណបក្សសង្គ្រោះជាតិស្រុក​កំពង់​រោទិ៍ លោក វ៉ាន់ សឿន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ លោក ឈុន ដាវី ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន នៅ​ម៉ោង ២រសៀល ថ្ងៃ​ទី១៣ វិច្ឆិកា​ជា​កំហិត ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង បទ​ជេរ​ប្រមាថ​ជា​សាធារណៈ ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ស្វាយ​អាណាត ឃុំ​ញរ ស្រុក​កំពង់​រោទិ៍ កាលពី​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ២០១៧ តាម​មាត្រា៣០៧ នៃ​ក្រម​ព្រហ្មទណ្ឌ។ ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន ចៅក្រម​ស៊ើបសួរ លោក ឈុន ដាវី បាន​ព្រមាន​ថា ក្នុង​ករណី​មិន​ចូល​ខ្លួន​តាម​ការ​កំណត់​ទេ ចៅក្រម​នឹង​ចេញ​ដីកាបង្គាប់​ឲ្យ​នាំ​ខ្លួន។

សមាជិកគណបក្សសង្គ្រោះជាតិ ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ដែល​បាន​អម​ដំណើរ លោក វ៉ាន់ សឿន រង់ចាំ​ឃ្លាំមើល​ការ​ស៊ើបសួរ ស្ដី​បន្ទោស​ថា រដ្ឋបាល​សាលា​ដំបូង​ខេត្ត និង​ចៅក្រម​ស៊ើបសួរ មិន​គួរ​ចាត់​ទុក​ភាព​យុត្តិធម៌​របស់​សមាជិក​បក្ស​ប្រឆាំង​ជា​ការ​លេង​សើច​បែប​នេះ​ទេ។ លោក គង់ ម៉ាស់ បន្ដ​ថា ប្រសិន​បើ​ចៅក្រម​កាន់​សំណុំរឿង​ជាប់​រវល់ ឬ​មាន​ធុរៈ គួរ​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ជន​រង​ការ​ចោទ​វិញ ដូច​ចៅក្រម​ធ្លាប់​ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ដែរ។ លោក គង់ ម៉ាស់ យល់​ថា ចៅក្រម​ស៊ើបសួរ​ លោក ឈុន ដាវី និង​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មិន​គួរ​ខ្ជីខ្ជា​លើ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​បែប​នេះ​ទេ។

ករណីសំណុំរឿងប្ដឹងបរិហារកេរ្តិ៍ ជេរ​ប្រមាថ​ជា​សាធារណៈ​លើ​សមាជិក​បក្ស​ប្រឆាំង​ស្រុក​កំពង់​រោទិ៍​នេះ ត្រូវ​បាន​ជន​រង​ការ​ចោទ​ប្រកាន់ លោក វ៉ាន់ សឿន រំលឹក​ថា កើត​ឡើង ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ដោយសារ​លោក​បាន​និយាយ​លេង​ជាមួយ​ក្រុម​សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​កំពង់​រោទិ៍ នៅ​មុខ​ការិយាល័យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ញរ នៃ​ស្រុក​កំពង់រោទិ៍។ បន្ទាប់​មក សមាជិក​ក្រុមប្រឹក្សា​ឃុំ ​គណបក្ស ប្រជាជន​កម្ពុជា លោក កង ឈិន យល់​ថា ការ​និយាយ​លេង​នោះ ជា​ការ​ឌឺដង ឬ​ជេរ​ប្រមាថ​លើ​រូប​គាត់ ទើប​មាន​ការ​ខឹង​សម្បារ ក៏​កើត​ជា​វិវាទ​នឹង​គ្នា ប៉ុន្ដែ​ក្រោយ​មក មាន​ការ​សម្របសម្រួល​គ្នា​បិទ​បញ្ចប់​វិវាទ ដោយ​មាន​ការ​ដឹង​ឮ​ពី​តំណាង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ញរ តំណាង​គណបក្ស ប្រជាជន​កម្ពុជា និង​តំណាង​បក្ស សង្គ្រោះ​ជាតិ រួច​រាល់​ហើយ។

ជាងកន្លះឆ្នាំក្រោយមក គឺនៅថ្ងៃ​ទី១៧ ឧសភា ឆ្នាំ២០១៨ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ព្រះរាជអាជ្ញា​រង លោក គង់ ច័ន្ទខេមរិន្ទ បាន​ចេញ​ដីកា​កោះ​ហៅ​លោក វ៉ាន់ សឿន ពី​បទ​បរិហារ​បង្ខូច​កេរ្តិ៍ លើ​ករណី​នោះ។ កាល​ណោះ លោក វ៉ាន់ សឿន មិន​បាន​ចូល​ខ្លួន​តាម​ដីកា​កោះ​ទេ ដោយសារ​លោក​យល់​ថា ករណី​នេះ ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​បិទ​បញ្ចប់​រួច​ហើយ តាំង​ពី​ឆ្នាំ​២០១៧។

នេះមិនមែនជាលើកទី១ ទេ ដែល​មន្ត្រី​ស្ថាប័ន​តុលាការ​នៅ​ខេត្ត​ស្វាយរៀង រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា មាន​ភាព​ខ្ជីខ្ជា គ្មាន​ការ​ខុស​ត្រូវ​លើ​ការងារ ក្នុង​ការ​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ ប៉ុន្ដែ​ពេល​ពលរដ្ឋ​ចូល​តាម​ដីកា​កោះ មន្ត្រី​ស្ថាប័ន​នេះ​បែរ​ជា​គ្មាន​វត្តមាន​នៅ​តុលាការ​ទៅ​វិញ។ កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា កសិករ​មាន​ជម្លោះ​ដីធ្លី ៤នាក់ នៅ​ស្រុក​រមាសហែក ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​លើ​ភាព​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ស្ថាប័ន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ដែរ ដោយ​ពួក​គេ​អះអាង​ថា បាន​រង់ចាំ​ជាង ៣ម៉ោង​ដែរ ទើប​មាន​មន្ត្រី​ចេញ​មក​ប្រាប់​ថា ចៅក្រម និង​ក្រឡា​បញ្ជី មិន​បើក​សវនាការ​ទេ និង​ត្រូវ​លើក​ពេល​ទៅ​ពេល​ក្រោយ ដោយសារ​មន្ត្រី​ទាំង​នោះ​ជាប់​រវល់​ធ្វើ​បុណ្យ។

អាស៊ីសេរី​មិន​ទាន់អាចរក​ប្រភព​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក ឈុន ដាវី សុំ​ការ​បំភ្លឺ​ពី​មូលហេតុ​នៃ​ការ​ខកខាន​ដោយ​មិន​បាន​ជូន​ដំណឹង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា បើ​ត្រឹម​តែ​ការ​ជូន​ដំណឹង​ជា​ប្រភេទ​កិច្ច​ការងារ​រដ្ឋបាល មាន​ភាព​ខ្ជីខ្ជា​ទៅ​ហើយ ចុះ​ទម្រាំ​ការ​សម្រេច​ក្ដី ឬ​ការ​ស្វែង​រក​ភាព​យុត្តិធម៌ ធ្វើ​មេ្ដច​អាច​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​បាន។ សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​កិច្ច​ការងារ​រដ្ឋបាល​នេះ​ឡើង​វិញ ដើម្បី​ផ្ដល់​ជំនឿ​ចិត្ត​ផ្នែក​រដ្ឋបាល​របស់​ស្ថាប័ន​តុលាការ​ជូន​ប្រជា​ពលរដ្ឋ៖ «»

សមាជិកបក្សប្រឆាំង ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យ​ដឹង​ថា បើ​ទោះ​ជា​បែប​ណា​ក្ដី លោក មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​ទៅ​សម្របសម្រួល​ស្នើសុំ​ឲ្យ​ដើម​ចោទ ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ញរ លោក កង ឈិន ដក​ពាក្យ​បណ្ដឹង​វិញ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​លោក​នៅ​តែ​យល់​ថា លោក​មិន​មាន​កំហុស និង​មិន​បាន​ជេរ​ប្រមាថ​មន្ត្រី​បក្ស​កាន់​អំណាច​ទេ។ ប៉ុន្ដែ​បណ្ដឹង​នេះ ដោយសារ​តែ​លោក​មិន​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles