លោក​ ហ៊ុន សែន ថា មេធាវី​ការពារ​ក្ដី​ក្រុម​ប្រឆាំង​ជា​អ្នក​ច្បាប់​ខ្វះ​សមត្ថភាព

លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​នាពេល​កន្លង​មក​។ រូប ហ្វេសប៊ុក SR




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​ចាត់ទុក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុម​ប្រឆាំង​ថា ជា​អ្នក​ច្បាប់​ដែល​មិន​មាន​លក្ខណសម្បត្តិ និង​សម្បទា​គ្រប់គ្រាន់​ក្នុង​តួនាទី​ជា​អ្នក​ការពារ​ក្តី ដោយសារ​ថា​ពួកគេ​ខ្វះ​សមត្ថភាព​ផ្នែក​ច្បាប់​ក្នុង​ការ​បកស្រាយ​ទៅ​លើ​សារ​របស់​លោក​ឆ្លើយឆ្លង​ជាមួយ​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី ក្នុង​ការ​លេងល្បែង​ភ្នាល់​លើ​សំណុំ​រឿង​លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ​។

ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន Fresh News ពី​ម្សិលមិញ​លោក​ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ថា​នាយក​រដ្ឋមន្ត្រី​មិនមាន​សិទ្ធិ​ស្នើឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​ពិរុទ្ធជន​ដែល​មិនទាន់​ទទួល​ការកាត់ទោស ឬ​សាលក្រម​មិន​ទាន់​ស្ថាពរ​នោះ​ទេ​។ ទោះបី​ជា​លោក​ថ្លែង​ដោយ​មិន​បាន​សំដៅ​ចំ​ឈ្មោះ​បុគ្គល​ណា​មួយ​ដែល​ក្រុម​មេធាវី​ទាំងនោះ​ការពារ​សិទ្ធិ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការ​ថ្លែង​របស់​លោក​ថា មេធាវី​ការពារ​ឲ្យ​ក្រុម​ប្រឆាំង​នោះ​គឺ​ត្រូវ​បាន​គេ​ដឹង​ថា​លោក​ ហ៊ុន សែន ចង់​សំដៅ​ទៅ​រក​ក្រុម​មេធាវី​ការពារ​លោក​ កឹម សុខា ឬ​លោក​ សម រង្ស៊ី​។ លោក​ថា​ក្រុម​មេធាវី​ទាំង​នោះ​បាន​ធ្វើការ​បកស្រាយ​ «​ទាំង​មិន​ដឹង​ខ្យល់​អី​» និង​ជា​អ្នក​ច្បាប់​ដែល​ខ្វះ​ «​សមត្ថភាព​ផ្នែក​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ​» ​ឬ​ «​គ្មាន​កាយសម្បទា​គ្រប់គ្រាន់​ក្នុង​ការស្តាប់ និង​វិភាគ​» ​សារ​របស់​លោក​។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ថា​៖ «​ក្រុម​អ្នកច្បាប់ និង​មេធាវី​ដែល​គាំទ្រ​ជនពាល​ខាង​នយោបាយ​ត្រូវ​រៀន​ស្តាប់​សម្តី​របស់​ខ្ញុំ​ឲ្យ​ច្បាស់​មុន​ធ្វើការ​បកស្រាយ​ទាំង​មិន​ដឹង​ខ្យល់​អី​។ អ្នកឯង​មិន​ត្រឹម​តែ​ខ្វះ​សមត្ថភាព​ផ្នែក​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បុគ្គល​គ្មាន​កាយសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ស្តាប់​យល់ និង​វិភាគ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ភាសា​របស់​នាយក​រដ្ឋមន្ត្រី​»​។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា កាលពី​សប្ដាហ៍​មុន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​យល់​ឃើញ​ថា​ការដោះលែង ឬ​ការលើកលែង​បទចោទប្រកាន់ ដើម្បី​ឲ្យ​លោក​ កឹម សុខា មាន​សេរីភាព​វិញ​គឺជា​សមត្ថកិច្ច​តុលាការ​មិន​ស្ថិត​ក្រោម​ល្បែងភ្នាល់​គ្នា​នោះ​ទេ​។ ក្រុម​មេធាវី​ចាត់ទុក​ការ​ភ្នាល់​គ្នា​រវាង​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី ចំពោះ​អនាគត​លោក​ កឹម សុខា ថា អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ស៊ើបសួរ​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ចោទ​ពី​​បទ​ «​ក្បត់ជាតិ​»​។

សេចក្ដី​ថ្លែងការណ៍​ថា​៖ «​សហមេធាវី​យល់​ឃើញ​ថា ការយក​សេរីភាព​បុគ្គល ជាពិសេស​គឺ​ឯកឧត្តម កឹម សុខា ដែល​ជា​អ្នកនយោបាយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​នយោបាយ​ជាតិ​មក​ភ្នាល់​គឺ​ធ្វើ​ឱ្យ​ជាតិ​កាន់តែ​បែកបាក់​ធ្ងន់ធ្ងរ​ឈឺផ្សា​ថែម​ទៀត​។ យើង​ខ្ញុំ​សូម​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ប្រកាន់​នូវ​គុណធម៌ សីលធម៌ ជា​អ្នក​នយោបាយ​គំរូ​ល្អ​សម្រាប់​ខ្មែរ​បន្តវេន​ជំនាន់​ក្រោយ​»​។

ជាមួយ​គ្នា​នេះ​លោក​ ផាន់ ច័ន្ទសាក់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​មេធាវី និង​លោក​ សម រង្ស៊ី មិន​បាន​ពិគ្រោះ​ផ្នែក​ផ្លូវ​ច្បាប់​ណាមួយ​លើ​ការលេង​ល្បែង​ភ្នាល់​រវាង​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី លើ​សំណុំ​រឿង​លោក​ កឹម សុខា នោះ​ទេ ហើយ​លោក​នៅ​តែ​ចាត់ទុក​ការ​ភ្នាល់​របស់​អ្នក​នយោបាយ​ទាំង​ ២ ​ថា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត​លើ​សំណុំ​រឿង​នេះ​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី បាន​ថ្លែង​ថា​តាម​ការ​សង្កេតឃើញ​ប្រតិកម្ម​ភាគច្រើន​អំពី​បញ្ហា​នេះ​គឺ​ចេញ​​ពី​ក្នុង​ចំណោម​អ្នកគាំទ្រ​លោក កឹម ​សុខា ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ភ្នាល់​គ្នា​នេះ​ដែល​អាច​ធ្វើឲ្យ​លោក​នឹង​នៅ​បន្ត​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​ក្នុង​រយៈពេល​វែង​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា​៖ «​រឿង​នេះ​វា​ប៉ះពាល់​ទៅ​ដល់​អនាគត​របស់​លោក​ កឹម សុខា​។ យើង​ត្រូវ​ទទួល​ស្គាល់​ថា​ការធ្វើ​បែប​នេះ​វា​នឹង​អាច​ធ្វើឲ្យ​សម្ដេច​នាយក​ [​រដ្ឋមន្ត្រី​ ហ៊ុន សែន​] ​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រឿង​រក្សា​លោក កឹម សុខា ទុក​ឲ្យ​នៅក្នុង​ការឃុំ​ខ្លួន​បន្ត​ទៀត​ដែល​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ធ្វើ​ការគាបសង្កត់​»​។

លោក​បន្ថែម​ថា​ទោះបី​លោក​ សម រង្ស៊ី ធ្វើការ​ក្នុង​គោលបំណង​បង្ហាញ​ថា តុលាការ​មិន​ឯករាជ្យ​ក្ដី ក៏​វា​នឹង​ប្រឈម​ផលវិបាក​នៃ​ការ​ប្រេះឆា​កាន់តែ​ខ្លាំង​ក្នុង​ចំណោម​អ្នក​ស្មោះស្ម័គ្រ​អតីត​បក្សប្រឆាំង​។

លោក​បន្ត​ថា​៖ «​វា​ហាក់​ដូច​ហែក​ចែក​គ្នា​កាន់តែ​ឆ្ងាយ​ទៅ​។ ត្រង់​ថា គាត់​ចង់​បាន​ប្រៀប​នយោបាយ ឬ​ធ្វើ​ដើម្បី​សង្គ្រោះជាតិ​ឬ​យ៉ាងណា​នោះ​ដូច​ដែល​យើង​ដឹង​ហើយ​ថា បើ​ ២ ​នាក់​នេះ​បែក​គ្នា ក៏​មិន​អាច​ទៅ​ធ្វើការ​ផ្លាស់ប្ដូរ​អ្វី​បាន​ដែរ​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles