បទយកការណ៍
|
https://www.vodhotnews.com
ពិធីសម្ពោធ វេទិកាថ្នាក់ជាតិលើកទី៧ ស្ដីពី ការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយ ការតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១២ និងព្រឹត្តិការណ៍សូត្រខ្មែរ ឆ្នាំ២០១៨ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហួត វុទ្ធី)
សព្វថ្ងៃអ្នកដាំដុះបន្លែផ្លែឈើមួយចំនួនបានប្រើប្រាស់ជីនិងថ្នាំគីមី ផ្សេងៗដើម្បីបង្កើនទិន្នផលរបស់ខ្លួន។ នៅពេលដែលបន្លែផ្លែឈើទាំងនោះដាក់លក់នៅទីផ្សារ អ្នកលក់ខ្លះបានដាក់សារធាតុគីមី ផ្សេងៗដើម្បីការពារកុំឲ្យមានសត្វល្អិតរោម ក៏ដូចជារក្សាវាទុកឲ្យបានយូរផងដែរ។ ការនិយមប្រើប្រាស់សារធាតុគីមី បានធ្វើឲ្យអ្នកទទួលទានមានការព្រួយបារម្ភពីផលប៉ះពាល់ចំពោះសុខភាពរបស់ខ្លួននៅពេលដែលពួកគេបរិភោគបន្លែផ្លែឈើទាំងនោះ។
ទោះយ៉ាងណាក៏ដោយពលរដ្ឋមួយចំនួនអះអាងថា ពួកគេមានវិធីក្នុងការសម្គាល់បន្លែផ្លែឈើថាមានសារធាតុគីមីឬមិនមាន។ ប៉ុន្តែអ្នកជំនាញយល់ថា វិធីដែលពលរដ្ឋលើកឡើង មិនអាចជឿជាក់បាននោះទេ។
ស្ត្រីមេផ្ទះម្នាក់ អ្នកស្រី ហ៊ិន សេង ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯកន្លែងតាំងបង្ហាញផលិតផលបន្លែផ្លែឈើដែលរៀបចំនៅខេត្តសៀមរាបកាលពីសប្ដាហ៍មុនថា អ្នកស្រីអាចសំគាល់បន្លែផ្លែឈើដែលមានជាតិគីមីបាន។ អ្នកស្រីថាបន្លែផ្លែឈើដែលមានជាតិគីមីគឺមានតម្លៃថោកនិងពុំមានសត្វល្អិតរោមនោះទេ។
អ្នកស្រី ហ៊ិន សេង មានប្រសាសន៍ថា៖ «ដូចជាតម្លៃខុសគ្នា! អាតម្លៃល្អប៉ុន្តែវាថោកអហ្នឹងវាអត់ពិតអ្ហា៎! អាបន្លែគីមីហ្នឹងចង់និយាយថា គេបាញ់ទៅលើថ្នាំ គេមានទឹកថ្នាំធ្វើកុំឲ្យសត្វវាស៊ីស្លឹកអ្ហា៎! ហើយដូចថាគេប្រើជីថ្នាំ អាជីទាំង ការ៉ុងៗគេលក់អ្ហ៎! ខ្ញុំជឿអញ្ចឹង អាហ្នឹងគឺគេដាក់ទៅវាល្អលឿន!»។
យុវនិស្សិត ឈីង អឺ អាយុ២២ឆ្នាំក៏បានអះអាងស្រដៀងគ្នានឹងអ្នកស្រី ហ៊ិន សេង ដែរ។ យុវនិស្សិតរូបនេះប្រាប់ថានាងអាចមើលដឹងបន្លែណាមានដាក់សារធាតុគីមីឬមិនមាន តាមរយៈការពិនិត្យទៅលើទំហំរបស់វា។
ឈីង អឺ លើកឡើងថា៖ «បន្លែដែលមានដល់ប៉ះពាល់សុខភាព បន្លែដែល ធំៗ វាធំថ្លោសខុសពីបន្លែធម្មជាតិយកមកពីស្រែ[…] ហើយវាលក្ខណៈថាអត់ធំស្មើទេ! វាមាន ក្តៀបៗ តែបើអាធំហើយល្អ អាហ្នឹងគេដាក់ថ្នាំ!»។
បុរសវ័យប្រហែលជាង៤០ឆ្នាំ លោក គួន វុន ដើរដឹកដៃកូនស្រី ឈរនៅមុខតួបលក់បន្លែមួយយកដៃស្ទាបបន្លែបណ្តើរសួរអ្នកលក់បណ្តើរទំនងជាចង់ជាវស្លឹកខ្ទឹមនិងស្ពៃក្តោប។ លោក គួន វុន អះអាងថាលោកតែងតែសួរអ្នកលក់សិនមុននឹងទិញ ចៀសវាងបន្លែផ្លែឈើដែលមានជាតិគីមីប៉ះពាល់សុខភាព។
លោក គួន វុន មានប្រសាសន៍ថា៖ «តើបន្លែហ្នឹងគាត់ទិញមកពីណា? អាហ្នឹងយើងជឿអ្នកលក់។ ទីមួយជឿអ្នកលក់ ទីពីរយើងមើលខ្លួនយើង។ យើងមើលដោយភ្នែក យើងលើកមើលណេះមើលណោះទៅ បើសិនជាឃើញអាណាមានសត្វស៊ីច្រើន ចង់និយាយថាវាមិនល្អ! អញ្ចឹងក៏យើងអាចថាបន្លែមិនសូវមានជាតិគីមីនៅក្នុងហ្នឹងដែរ តែបើយើងឃើញបន្លែល្អ មិនចោទថាគេប្រើជាតិគីមីទេ តែយើងមិនចង់ចាប់អារម្មណ៍បន្លែហ្នឹងទេ! »។
មន្ត្រីឯកទេសទីផ្សារនៃអង្គការGRET កញ្ញា សោម ច័ន្ទឆវី ឲ្យដឹងថា គេមិនអាចសំគាល់ថាបន្លែផ្លែឈើដែលមានជាតិគីមីប៉ះពាល់សុខភាពដោយគ្រាន់តែឃើញពីរូបរាងខាងក្រៅបានទេ។ កញ្ញាបន្តថា ពលរដ្ឋគួរទិញបន្លែផ្លែឈើដែលមានប្រភពច្បាស់លាស់។
កញ្ញា សោម ច័ន្ទឆវី មានប្រសាសន៍ថា៖ «សិក្សាឲ្យដឹងពីប្រភពថាមកពីណាមកពីណីអីអញ្ចឹងអ្ហា៎! យើងលើកទឹកចិត្តឲ្យមានការទៅមានទស្សនកិច្ចរវាងអ្នកហូបហ្នឹងគាត់អាចស្នើតាមរយៈហាងលក់បន្លែឬអីមួយហ្នឹងគាត់អាចទៅមើលការដាំដុះផ្ទាល់អីអញ្ចឹង។ គាត់ត្រូវសិក្សាពីប្រភពបន្លែហ្នឹងឲ្យច្បាស់»។
ប្រធានអង្គការសេដាក លោក សម វិទូ យល់ថា ពលរដ្ឋអាចសំគាល់បានខ្លះចំពោះតែប្រភេទបន្លែដែលដុះឯងថាអាចសុវត្ថិភាព។ លោកបន្តថាសម្រាប់ប្រភេទបន្លែខ្លះដែលពិបាកដាំគឺចៀសមិនផុតពីការប្រើជាតិគីមីទេ។
លោក សម វិទូ មានប្រសាសន៍ថា៖ «ខ្ញុំឧទាហរណ៍ដូចជាស្ពៃក្តោបឬក៏ខាត់ណាឬក៏ផ្កាខាត់ណាអីអញ្ចឹង ជាទូទៅទោះជាចង់ឬមិនចង់ក៏គេនៅប្រើសារធាតុគីមីដែរ។ ថ្នាំសម្លាប់សត្វល្អិតគឺមិនអាចចៀសវាងបានទេក្នុងការប្រើប្រាស់។ អញ្ចឹងមានន័យថាប្រភេទបន្លែមួយចំនួនដែលជាបន្លែដែលពិបាកក្នុងការដាំហើយវាសំបូរបែបនៅទីផ្សារ មានន័យថាទាល់តែគេប្រើប្រាស់សារធាតុគីមីមានជីគីមីឬក៏ថ្នាំកសិកម្មអីជាដើម ថ្នាំសម្លាប់សត្វល្អិតអីជាដើមបានគេអាចដាំបាន»។
លោក សម វិទូ ក៏បានបញ្ជាក់ដែរថា មិនអាចសំគាល់ថាបន្លែដែលឃើញមានសត្វស៊ី ថាជាបន្លែអត់ជាតិគីមីប៉ះពាល់សុខភាពក៏មិនត្រឹមត្រូវដែរ ព្រោះពេលខ្លះកសិករក៏អាចបាញ់ថ្នាំក្រោយសត្វស៊ីដែរ។ លោកថា វាជាវិធីល្អ បើអ្នកទិញឬអ្នកប្រើប្រាស់បន្លែបានស្គាល់ពីប្រភពបន្លែដែលកសិករបានដាំច្បាស់លាស់មុននឹងទិញ។
លោក សម វិទូ ប្រាប់ថាសារធាតុគីមីត្រូវបានគេប្រើប្រាស់ជាច្រើនដងទៅលើបន្លែផ្លែឈើ ដូចជាពេលដាំដុះគេប្រើប្រភេទថ្នាំសម្លាប់សត្វល្អិតលាយបញ្ចូលគ្នា ពេលកែច្នៃឬរក្សាទុកផលិតផលគេច្រើនប្រើសារធាតុបូរ៉ាក់និងអរម៉ូន។ លោកបន្តថាការបរិភោគបន្លែផ្លែឈើគីមីទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ថ្លើម ក្រពះ និងពោះវៀន របស់អ្នកទទួលទាន។ ផលប៉ះពាល់ ភ្លាមៗគឺអាចធ្វើឲ្យក្អួត សន្លប់ឬបើធ្ងន់ធ្ងរអាចដល់ថ្នាក់ពុលស្លាប់។
ប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ លោក ហូ ពុទ្ធា ឲ្យដឹងពីវិធានការទប់ស្កាត់បន្លែគីមីប៉ះពាល់សុខភាពថា ក្រសួងកសិកម្មបានដាក់ឲ្យអនុវត្តន៍គោលការណ៍ចំនួនពីរនៅទូទាំងប្រទេសដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់បន្លែផ្លែឈើ។
លោក ហូ ពុទ្ធា មានប្រសាសន៍ថា៖ «ទីមួយគេធ្វើតាមគោលការណ៍កសិកម្មល្អ។ ហើយមួយទៀតយើងត្រូវធ្វើតាមគោលការណ៍កសិកម្មសរីរាង្គ។ ហើយគោលការណ៍កសិកម្មល្អហ្នឹងយើងបានធ្វើហើយអ្ហើយ រៀបចំប្រកាសអីហើយដាក់ឲ្យប្រើប្រាស់ហើយ! ដោយឡែកចំពោះគោលគារណ៍កសិកម្មសរីរាង្គហ្នឹងដោយសារយើងអត់ទាន់ដាក់ប្រកាសឲ្យប្រើទេ ពីព្រោះប្រកាសហ្នឹងកំពុងរៀបចំប្រជុំនៅក្រសួងដាក់ឲ្យឆ្លង ប្រហែលចុងឆ្នាំចប់ហើយ។ សរុបទៅទាំងពីរគោលការណ៍ហ្នឹងធ្វើឲ្យបន្លែនិងផ្លែឈើស្រស់មានសុវត្ថិភាព»។
តាមបការឲ្យដឹងពីប្រធានអង្គការសេដាក លោក សម វិទូ កម្ពុជានាំចូលបន្លែផ្លែឈើពីប្រទេសជិតខាងចំនួនប្រមាណចន្លោះពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃ។ ចំពោះបន្លែច្រើននាំមកពីប្រទេសវៀតណាម និងផ្លែឈើច្រើននាំចូលមកពីប្រទេសថៃ៕


