នយោបាយ
|
https://www.vodhotnews.com
មេធាវីការពារក្ដីឲ្យលោក កឹម សុខា គ្រោងនឹងជួបពិភាក្សាជាមួយកូនក្ដីបន្ថែមទៀតដើម្បីពិចារណាលើនីតិវិធីបន្តទៀត បន្ទាប់ពីតុលាការបានបដិសេធសំណើសុំទម្លាក់ចោលបទចោទប្រកាន់លើកូនក្ដីរបស់ពួកគេនិងក្រោយពីតុលាការបានកោះហៅអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់បក្សប្រឆាំងឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនាពេលខាងមុខ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី លោក គី ឫទ្ធី កាលពីសប្ដាហ៍មុន បានសម្រេចមិនទម្លាក់ចោលបទចោទប្រកាន់លើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ឬបទ «ក្បត់ជាតិ» នោះឡើយ បន្ទាប់ពីមានការស្នើសុំពីក្រុមមេធាវីរបស់លោក កឹម សុខា។
មេធាវីម្នាក់ក្នុងចំណោមការពារក្ដីឲ្យលោក កឹម សុខា គឺលោក ផាន់ ច័ន្ទសាក់ បានឱ្យវីអូឌីដឹងនៅថ្ងៃនេះថា ខាងលោកគ្រោងនឹងជួបជាមួយកូនក្តីរបស់លោកនៅថ្ងៃស្អែកនេះដើម្បីពិភាក្សាអំពីនីតិវិធីបន្តទៅមុខទៀត។
លោកឱ្យដឹងទៀតថា ក្រៅពីជួបជាមួយកូនក្តីរបស់ខ្លួនខាងលោកក៏រង់ចាំមើលដំណើរការសាកសួរលោក គង់ គាំ ក្នុងនាមជាសាក្សីជុំវិញសំណុំរឿង លោក កឹម សុខា នេះផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងចាំពិនិត្យមើលថា តើសាលាដំបូងរាជធានីភ្នំពេញដែលកោះហៅលោក គង់ គាំ ធ្វើជាសាក្សី យើងចាំមើលការវិវត្តន៍ចម្លើយរបស់សាក្សី។ នៅពេលដែលយើងឃើញចម្លើយវិវត្តន៍របស់សាក្សីហើយ បានយើងអាចកំណត់អំពីការពិភាក្សាជាមួយកូនក្តីយើងបាន។ យើងគិតអំពីនិតិវិធីផ្លូវច្បាប់ ដើម្បីការពារកូនក្តីបន្ត»។
ក្រៅពីបដិសេធសំណើទម្លាក់ចោលបទប្រកាន់លើលោក កឹម សុខា ហើយនោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ក៏បានកោះហៅលោក គង់ គាំ អតីតថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៣ ខែមករាខាងមុខនេះ ក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿងចោទប្រកាន់លើលោក កឹម សុខា ផងដែរ។
អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិលោក គង់ គាំ បានប្រាប់វីអូឌីតាមប្រព័ន្ធទំនាក់ទំនងសង្គមនៅថ្ងៃនេះថា លោកនឹងចូលបំភ្លឺទៅតាមដីកាកោះរបស់ចៅក្រមស៊ើបសួរដោយលោកអះអាងថា ក្នុងនាមលោកជាសាក្សី លោកមិនបំភ្លៃនិងមិនមួលបង្កាច់ខុសពីការពិតទេ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ការវិវត្តន៍ចុងក្រោយនៃសំណុំរឿងប្រឆាំងលោក កឹម សុខា គឺជាសញ្ញាវិជ្ជមាន ដោយថា អាចនឹងមានការដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ។
លោកមានប្រសាសន៍ថា៖ «ដើម្បីសម្របសម្រួលទៅនឹងការទាមទាររបស់ EU ពាក់ព័ន្ធនឹង EBA ព្រោះដូចជាមានការសម្របសម្រួលជាបណ្តើរៗ ហើយការដោះលែងឯកឧត្តម កឹម សុខា គឺជាចំណុចគន្លឹះបាទ!»។
មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា កំពុងបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះចាប់តាំងពីខែកញ្ញាឆ្នាំ២០១៨មកម៉្លេះបន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ការចាប់ខ្លួនលើមេដឹកនាំបក្សប្រឆាំងរូបនេះជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ជាពិសេសការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីសំណាក់សហភាពអឺរ៉ុប៕