ដោយ មាន ឫទ្ធិ
2019-01-07
RFA

រូបថតលោក ហេង សំរិន និងលោក ហ៊ុន សែន ដែលដាក់តាំងលើរថដង្ហែពិធីនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រំឭកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ពីហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ
![]()
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃប្រាំពីរមករាម្តងៗ អ្នកនយោបាយ និងពលរដ្ឋខ្មែរមកពីគ្រប់និន្នាការនយោបាយ និងមជ្ឈដ្ឋាន តែងបង្ហាញទស្សនៈផ្ទុយគ្នាជុំវិញព្រឹត្តិការណ៍នេះ និងសមិទ្ធិផលនានាដែលព្រឹត្តិការណ៍នេះ បាននាំមកជូនប្រជាជាតិខ្មែរ នាពេលសព្វថ្ងៃ។ មានមតិខ្លះរិះគន់ថា អ្នកដឹកនាំបក្សកាន់អំណាចតែងតែបកស្រាយអំពីថ្ងៃប្រាំពីរមករា ដើម្បីកេងចំណេញនយោបាយ ដោយសំអាងថា ខ្លួនជាអ្នករំដោះពលរដ្ឋខ្មែរឲ្យរួចផុតពីវាលពិឃាតខ្មែរក្រហម ចំណែកមតិខ្លះទៀតថាថ្ងៃប្រាំពីរមករា គឺថ្ងៃដែលវៀតណាមចូលឈ្លានពានទឹកដីកម្ពុជា។ ក្រៅពីការបកស្រាយយកចំណេញនយោបាយ និងយកត្រូវតែរៀងៗខ្លួននេះ តើកម្ពុជាសម្រេចបានសមិទ្ធិផលអ្វីខ្លះក្នុងរយៈពេល ៤០ ឆ្នាំ ក្រោយព្រឹត្តិការណ៍ចម្រូងចម្រាស់ថ្ងៃទី ០៧ មករា ១៩៧៩ នេះ?
សម្រាប់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលបានឡើងកាន់អំណាច និងរក្សាអំណាចបានរហូតមកទល់សព្វថ្ងៃនេះ ពួកគេចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទីពីរ ជាទិវាបុណ្យជាតិ និងជាថ្ងៃដែលនាំឲ្យកម្ពុជាសម្រេចបានអ្វីៗ ទាំងអស់នាពេលបច្ចុប្បន្ននេះ។ អ្វីៗ ដែលមានចំពោះមុខនេះ គេនាំគ្នាសន្មតថា ជា «សច្ចភាពប្រវត្តិសាស្ត្រ» មិនអាចប្រកែកបាន។ លើសពីនេះទៅទៀត ពួកគេក៏មិនអល់អែកនឹងហៅក្រុមអ្នកទាំងឡាយណាដែលប្រឆាំងនឹងថ្ងៃនេះ ថាជាក្រុមមនុស្ស «រមិលគុណ អគតិ វង្វេងប្រវត្តិសាស្ត្រ» ជាអ្នកគាំទ្រ ឬចង់ឲ្យរបបខ្មែរក្រហម ឬអំពើប្រល័យពូជសាសន៍ វិលមកជាលើកទី២ ជាដើម៖ «ជ័យជម្នះ ៧ មករា បានសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ជ័យជម្នះ ៧ មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា និងបានផ្តល់ក្តីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។»
ទោះជាបែបនេះក្តី ក៏មានការរិះគន់ចំៗថា ថ្ងៃប្រាំពីរមករា បានក្លាយជាថ្ងៃដែលក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ យកមកធ្វើជាជំនួញនយោបាយ ដើម្បីកេងចំណេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាស់ដែលពួកគេព្យាយាមបំភ្លៃ។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន តែងតែផ្តល់អំណះអំណាងម្តងហើយម្តងទៀតថា ថ្ងៃប្រាំពីរមករា ជាថ្ងៃរំដោះកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម ដែលលោកថា ពេលនោះកម្ពុជាបានក្លាយជា «គុកឥតជញ្ជាំង» ជា «វាលពិឃាដដ៏សាហាវឃោរឃៅបំផុត» ជា «សមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជនខ្មែរ»។ លោកក៏បានទម្លាក់កំហុសទាំងស្រុងនៃភ្នក់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា ថាបណ្តាលមកពីពួកខ្មែរសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នុល ដែលបានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៨ មីនា ១៩៧០ ក្នុងអ្វីមួយដែលលោកហៅថា តាមខ្សែញាក់របស់បរទេស ដែលលោកចង់សម្តៅទៅក្រុមប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការសម្រេចទម្លាក់កំហុសទៅលើតែរបបលោក លន់ នុល និងក្រុមប្រទេសលោកខាងលិចពីសំណាក់មេដឹកនាំរបបក្រុងភ្នំពេញបច្ចុប្បន្ននេះ ជាការបរាជ័យដ៏ធំធេងមួយក្នុងការពិនិត្យមើលគ្រប់ស្រទាប់នៃបញ្ហាទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយ ស្របពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតកំពុងហែលឆ្លងកាត់ព្យុះព្យោមា និងក្លាយជាជនរងគ្រោះនៃសង្គ្រាមត្រជាក់របស់ប្រទេសមហាអំណាច ដោយសារតែលទ្ធផលមិនដាច់ស្រេចនៃសង្គ្រាមលោកលើកទីពីរ ដែលគេមិនត្រូវមើលរម្លង។ ជាលទ្ធផល ពិភពលោកត្រូវបែងចែកជាពីរ ប្លុកគឺ ប្លុកប្រជាធិបតេយ្យ ដឹកនាំដោយសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច និងប្លុកកុម្មុយនិស្តដឹកនាំដោយអតីតសហភាពសូវៀត និងចិនជាដើម។ មានការចោទសួរថា តើកម្ពុជារបស់សម្តេចសីហនុនៅមុនការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ បានរក្សាអព្យាក្រឹត្យភាពរបស់ខ្លួនបានកម្រិតណា ខណៈដែលមានការផ្អៀងកាន់តែខ្លាំងទៅរកប្លុកកុម្មុយនិស្ត ការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងការអនុញ្ញាតឲ្យពួកវៀតកុងរបស់វៀតណាមខាងជើងប្រើប្រាស់ទឹកដីកម្ពុជា ជាឈ្នាន់នៃសង្គ្រាមរបស់ខ្លួននោះ? ប្រសិនបើគ្មានរដ្ឋប្រហាររបស់លោកលន់នល់ តើប្រាកដទេថាកម្ពុជាគ្មានសង្គ្រាម ហៀរចូលពីវៀតណាម? តើនរណាជាអ្នកបង្កើតក្រុមខ្មែរក្រហម ហើយប្រសិនបើគ្មានការជួយជ្រោមជ្រែងពីប្លុកកុម្មុយនិស្តចិន និងវៀតណាម តើក្រុមខ្មែរក្រហមអាចមានលទ្ធភាពគ្រប់គ្រាន់មកកាន់អំណាចបានដែរឬទេ? ជាការពិតណាស់ ក្រុមរបស់លោក ហ៊ុន សែន ពិតជាមិនចង់រវីរវល់បកស្រាយនូវចម្ងល់ប្រវត្តិសាស្ត្រទាំងនេះទេ ព្រោះទីបំផុតទៅ កេរដំណែលប្រវត្តិសាស្ត្រនេះ នឹងជៀសមិនផុតពីធ្លាក់មកលើចៅហ្វាយនាយធំបច្ចុប្បន្នរបស់ខ្លួន ដែលជាបងធំបង្អែក គឺចិន និងវៀតណាមតែម្តងនេះឯង។
ក្រុមអ្នកវិភាគសង្គម និងនយោបាយ មើលឃើញថា ក្នុងឱកាសកម្ពុជាកំពុងស្ថិតក្នុងអន្តរកាលនោះ លោក ហ៊ុន សែន មិនអៀនខ្មាស់ ក្នុងការក្រសោបយកអំណាច សមិទ្ធិផលនានាផ្តាច់មុខនោះទេ។ លោកអះអាងថា ការផ្លាស់ប្តូរដ៏ធំធេងរយៈពេល ៤ ទស្សវត្សរ៍នៃការកសាងសង្គមពីបាតដៃទរទេនេះ បានមកដោយសារតែគុណបុណ្យប្រាំពីរមករានេះឯង។ សមិទ្ធិផលធំៗចំនួន ៥ ដែលលោកមិនអល់អែកនឹងលើកឡើង រួមមាន ការប្រែក្លាយកម្ពុជា៖ ពីវាលពិឃាដ សង្គ្រាមរ៉ាំរ៉ៃ មកជាសន្តិភាព និងសេរីភាពប្រកបដោយភាពសុខុដុមរមនា ពីរបបផ្តាច់ការប៉ុលពត មក ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូរមនុស្ស មាននីតិរដ្ឋ និងអធិបតេយ្យពេញលេញមិនអាចរំលោភបំពានបាន ពីការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ មកជាការធ្វើសមាហរណកម្មយ៉ាងសកម្មក្នុងតំបន់ និងពិភពលោកពេញសិទ្ធិ ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃនៅលើឆាក និងកិច្ចការអន្តរជាតិ ពីការធ្លាប់មានកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ មកជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅក្រៅប្រទេសវិញ និងពីសេដ្ឋកិច្ចខ្ទេចខ្ទី មកសម្រេចកំណើនសេដ្ឋកិច្ចមានកំណើនជាមធ្យម ៧ ភាគរយ ក្នុងមួយឆ្នាំៗ។
ក៏ប៉ុន្តែ ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន សម្រាប់ក្រុមអ្នកនយោបាយប្រឆាំងវិញ ពួកគេមើលមិនឃើញពីគុណសម្បត្តិនៃថ្ងៃនេះឡើយ ដោយចាត់ទុកថ្ងៃនេះ ជាថ្ងៃដែលវៀតណាមលើកទ័ពជាង ១ សែននាក់ចូលមកឈ្លានពានកម្ពុជា រួចបន្តត្រួតត្រាកម្ពុជាតាមបែបផែនមិនខុសពីការដាក់អាណានិគមដោយផ្ទាល់អស់រយៈពេលមិនតិចជាង ១ ទស្សវត្សរ៍ ទើបប្រទេសនេះសុខចិត្តដកទ័ពចេញទៅវិញ ក្រោយរងសម្ពាធ និងថ្កោលទោសពីសហគមន៍អន្តរជាតិ។
ក្រុមអ្នកនយោបាយប្រឆាំងយល់ថា ថ្ងៃ ៧ មករា គួរតែជាថ្ងៃកាន់មរណទុក្ខ ព្រោះកម្ពុជាសព្វថ្ងៃ មិនយូរមិនឆាប់អាចមានវាសនាមិនខុសពីទឹកដីកម្ពុជាក្រោម ដែលបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយសារតែគោលនយោបាយបញ្ជ្រៀប និងកំលាយពូជសាសន៍ និងប្រជាសាស្ត្ររយៈពេលយូរអង្វែងដែលប្រទេសនេះបានអនុវត្ត ក្នុងពេលដែលខ្លួនបានត្រួតត្រាកម្ពុជារយៈពេល ១ទស្សវត្សរ៍ទី៨០ ដូចអ្វីដែលសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះរាជបន្ទូលកាលពីអំឡុងដើមទស្សវត្សរ៍ទី៨០ ហើយត្រូវបានមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី យកមកបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីពេលកន្លងទៅ៖ «យួនវាបញ្ចូលយួនទៅក្នុងកងទ័ព ហេង សំរិន។ ហេតុអ្វីបានជាយួនវានិយាយប្រាប់គេឯងក្នុងពិភពលោកថា វាអាចនឹងចេញពីប្រទេសខ្មែរបានក្នុង ៦ឆ្នាំទៀត? យ៉ាងយូរ ១០ឆ្នាំ។ ហេតុអ្វីក៏អាយួន វានិយាយអ៊ីចឹង? បានជាវានិយាយអ៊ីចឹង ពីព្រោះវាយកពេលវេលា ៦, ៧, ៨, ៩, ១០ឆ្នាំហ្នឹង ដើម្បីបញ្ចូលយួនដែលចេះវាយតប់អី វាបញ្ចូលទៅឲ្យហេងសំរិន កាន់តែច្រើនឡើង ក្នុងឋានៈជាខ្មែរ។ យួនប៉ុន្តែកាន់កាតខ្មែរ ហើយដល់ ៦ ឆ្នាំទៀត ៧ ឆ្នាំទៀត ពេលណាវាថា វាអាចចេញបាន គឺថាកងទ័ពវាមិនមែន ៥០ ពាន់នាក់ទេ ១០០ ពាន់នាក់ កងទ័ពហេងសំរិន ប៉ុន្តែមិនមែនខ្មែរទេ ព្រោះវាដឹងថា ខ្មែរមិនវាយទេ ខ្មែរមិនបម្រើប្រយោជន៍យួនទេ។ ខ្មែរភាគច្រើនមិនបម្រើប្រយោជន៍យួនទេ ម្លោះហើយវាបញ្ចូលយួន វាបញ្ចូលយួនឲ្យច្រើនចូលទៅក្នុងទ័ព ហេង សំរិន ហ្នឹង»។
បន្ថែមពីលើនេះ ក្រុមអ្នកនយោបាយប្រឆាំងដាក់ជាសំណួរថា ប្រសិនបើវៀតណាមពិតជាមានចេតនាចង់សង្គ្រោះពលរដ្ឋខ្មែរពីរបបខ្មែរក្រហមមែននោះ ហេតុអ្វីបានជាវៀតណាមមិនដកទ័ពចេញភ្លាមៗក្រោយពេលខ្លួនបានលើកទ័ពមកលុកលុយកម្ពុជា ក្រោមស្លាកថាមកជួយ ជួយរំដោះពលរដ្ឋខ្មែរពីវាលពិឃាតនោះ? ហេតុអ្វីបានជាវៀតណាមមិនស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិឲ្យមករួមគ្នាមកជួយរំដោះកម្ពុជា និងគ្រប់គ្រងជាបណ្តោះអាសន្ននាពេលនោះ? ហេតុអ្វីបានជាវៀតណាម បង្ខំឲ្យកម្ពុជាចុះសន្ធិសញ្ញាព្រំដែនដីគោកដីទឹកជាមួយខ្លួនជាបន្តបន្ទាប់ នៅឆ្នាំ ១៩៨៣ និង ១៩៨៥ ស្របពេលដែលកម្ពុជាកំពុងស្ថិតក្រោមការត្រួតត្រាបែបអណានិគមរបស់ខ្លួននោះ? តើវៀតណាមឆ្លើយយ៉ាងដូចម្តេចដែរចំពោះផែនការបង្ហូរជនជាតិខ្លួនមកក្នុងកម្ពុជា ការអនុវត្តផែនការ «ក ៥ » ដែលអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សរាប់ម៉ឺននាក់ក្នុងចំណោមមនុស្សជិត ១ លាននាក់ ត្រូវបានគេបង្ខំឲ្យបម្រើផែនការ ”ក ៥ ” នេះ ស្លាប់ដោយជាន់មីន ជំងឺគ្រុនចាញ់ និងអត់អាហារ ហើយដែលអ្នកទាំងនោះ ភាគច្រើនជាសិស្ស និស្សិត គ្រូបង្រៀន យុវជន និងពលរដ្ឋសាមញ្ញ។ ក៏មានការលើកឡើងដែរថា ក្រោយពេលដែលខ្លួនលុកលុយកម្ពុជាហើយនោះ វៀតណាមបានរឹបអូសយក និងដឹកជញ្ជូនជ័យភណ្ឌ និងរតនៈសម្បត្តិខ្មែររាប់ភ្លេច ទៅស្រុកខ្លួនវិញ។
ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ សំនួរទាំងនេះ ពុំទាន់មានការបកស្រាយច្បាស់លាស់ អាចជឿទុកចិត្តបាន ឬកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
បន្ថែមពីលើនេះ ការណ៍ដែលរបបលោក ហ៊ុន សែន ហ៊ានលើកឡើងថា ដោយសារតែថ្ងៃប្រាំពីរមករានេះ ទើបនាំឲ្យកម្ពុជាមានប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដូចសព្វថ្ងៃនេះ គឺជាការបំភ្លៃប្រវត្តិសាស្ត្រស្រស់ៗ ដោយលោកបានជាន់ឈ្លី និងមិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយទៀត ដែលនោះគឺថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ប្រសិនបើបក្សពួកលោក ហ៊ុន សែន និងវៀតណាមពិតជាមានភាពស្មោះសរជាមួយពលរដ្ឋខ្មែរមែន ហេតុអ្វីបានជាពួកគេមិននាំគ្នាបើក ឬចាប់ផ្តើមអនុវត្តឲ្យមានប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និងសេដ្ឋកិច្ចទីផ្សារសេរីនេះ ភ្លាមៗនៅក្រោយថ្ងៃ ៧ មករា ១៩៧៩ តែម្តងទៅ? ប្រសិនបើគ្មានព្រឹត្តិការណ៍ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ នោះទេ តើវៀតណាមសុខចិត្តដកទ័ព ១ សែននាក់របស់ខ្លួន និងដកអណានិគមរបស់ខ្លួនរយៈពេល ១០ ឆ្នាំដោយស្រួលៗពីកម្ពុជាដែរឬទេ? ទាំងនេះ គេនៅមិនទាន់គិតពីការណ៍ដែលវៀតណាមបានលេងល្បែងឆ្ពិនភ្នែកអន្តរជាតិតាមរយៈការដកទ័ពចេញជារូបភាពខាងក្រៅ ខណៈរក្សាបន្តដាក់ និងបង្ហូរចូលជនជាតិខ្លួនមកកម្ពុជារហូតមកទល់សព្វថ្ងៃនេះ?
បើទោះបីជាថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ បាននាំមកនូវរបបថ្មីមួយដល់កម្ពុជានៅឆ្នាំ ១៩៩៣ ក៏ពិតមែនតាមរយៈអង្គការសហប្រជាជាតិនោះ ក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ត្រូវបានរបបលោក ហ៊ុន សែន គាស់រម្លើង និងរម្លាយចោលជាស្ថាពរបាត់ទៅហើយ ដោយទទួលរងនូវការថ្កោលទោសជុំទិសពីអន្តរជាតិ។ របបនេះ បានចោទសហគមន៍អន្តរជាតិពេញៗមាត់ថាកំពុងប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាក្នុងយុគសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះមានឈ្មោះតែនៅលើក្រដាស មិនខុសពីសម័យខ្មែរក្រហមដែលដាក់ឈ្មោះថា «កម្ពុជាប្រជាធិបតេយ្យ» នោះទេ ហើយបច្ចុប្បន្នកំពុងបន្តរអិលធ្លាក់ចូលក្នុងគន្លងរបបគ្រប់គ្រងផ្ដាច់ការរតពូជពង្សវង្សត្រកូលមិនខុសពីប្រទេសកូរ៉េខាងជើងនោះឡើយ ខណៈដែលលោក ហ៊ុន សែន កំពុងរៀបចំជើងព្រួលផ្ទេរអំណាចទៅឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តវេនពីលោកក្នុងរយៈពេលមិនលើសពី ១០ ឆ្នាំទៅមុខនេះ។ ក្រុមអ្នកការទូតបរទេស នាំគ្នាហៅរបបសព្វថ្ងៃនេះថាជារបប «ប៉ុលពតទី ២»ដោយសារតែរបបនេះ មិនខុសពីសម័យខ្មែរក្រហម មិនញញើតនឹងលាបពណ៌ក្រុមប្រឆាំងនឹងខ្លួនថាជា ក្រុម «ក្បត់ជាតិ» ដោយចាត់ទុកពួកគេជាសត្រូវរបស់ខ្លួន និងបន្តធ្វើទុក្ខបុកម្នេញសព្វគ្រប់បែបយ៉ាង រួមមានការកាប់សម្លាប់ ការចាប់និងឃុំខ្លួនតាមទំនើងមកលើក្រុមអ្នកប្រឆាំងជាដើម។
អ្នកជំនាញគោលនយោបាយបរទេសលោកបណ្ឌិត អៀ សុផល មើលឃើញថា ៤០ ឆ្នាំក្រោយថ្ងៃប្រាំពីរមករា កម្ពុជានៅតែបន្តដឹកនាំដោយក្រុមបុគ្គលមុខដដែលៗ ដែលអាចកាន់អំណាចបានរហូតដល់ទៅ ១០ ដង យូរជាងសម័យខ្មែរក្រហមទៅទៀត។ លោកថា ក្នុងរយៈកាលនេះ ដោយមិនរាប់ពីសម័យអន្តរកាលរបស់អ៊ុនតាក់ កម្ពុជា បានហែលឆ្លងពីអាណានិគមវៀតណាម មកជាអាណានិគមរបស់ចិន ខណៈវៀតណាមមិនសូវជាសប្បាយចិត្តជាមួយនឹងព្រឹត្តិការណ៍វិវត្តនាពេលចុងក្រោយនេះទេ ព្រោះថានៅទីបំផុតទៅ វៀតណាមដែលជាអ្នកលើកទ័ពមកឈ្លានពានកម្ពុជា ហើយឈ្នះសង្គ្រាមកាលនោះ អាចនឹងជួលកម្ពុជាពីចិនវិញម្តង ដែលជាម្ចាស់ពិតប្រាកដរបស់កម្ពុជានោះ។ លោកផ្តល់អនុសាសន៍ថា ក្នុងកាលៈទេសៈនេះ កម្ពុជាចាំបាច់ត្រូវតែធ្វើខ្លួនឯងឲ្យឯករាជ្យ ដោយមិនត្រូវផ្អៀងទៅរក ឬកាន់ជើងវៀតណាម ឬចិននោះទេ តែកម្ពុជាត្រូវតែប្រកាន់ខ្លួនជាកម្ពុជានិយម។ ជាមួយនឹងការហូរចូលយ៉ាងគំហុកនូវវត្តមានរបស់ជនជាតិចិនមកកម្ពុជា ផ្ទៃដីខ្មែរសរុបមិនតិចជាង ៤,៦ លានហិកតារដែលមានទំហំស្មើនឹងក្រឡាផ្ទៃផ្ទៃដីសរុបរបស់ប្រទេសហុល្លង់មួយ បច្ចុប្បន្នកំពុងស្ថិតក្នុងកណ្តាប់ដៃឈ្មួញចិនគ្រប់គ្រង ក្រោមរូបភាពជាដីសម្បទានសេដ្ឋកិច្ចក្រោមកិច្ចសន្យាជួលរយៈពេលមិនតិចជាង ៥០ ឆ្នាំ។ នេះគេនៅមិនទាន់គិតពីទំហំដីខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មួញវៀតណាម និងដែលបានបាត់បង់ទៅខាងវៀតណាម ដោយសារតែការបោះបង្គោលព្រំដែនដ៏ចម្រូងចម្រាស ខណៈដែលរបបលោកហ៊ុនសែនកំពុងសម្រុកធ្វើឲ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំ ២០១៩ នេះ។
៤០ ឆ្នាំក្រោយថ្ងៃប្រាំពីរមករា ព្រឹត្តិការណ៍នេះ បានបន្តនាំពលរដ្ឋខ្មែរឲ្យរស់នៅដោយបែកបាក់សាមគ្គីគ្នា ឈ្លោះទាស់ទែង ដណ្តើមអំណាចគ្នាឥតស្រាកស្រាន្ត។ ដោយមិនខ្ចីរៀនសូត្រពីកេរដំណែលប្រវត្តិសាស្ត្រ ៤០ ឆ្នាំក្រោយមក គ្មានឡើយការឯកភាពជាតិជាធ្លុងមួយ ឬស្មារតីជាតិនិយមពិតប្រាកដនោះ ខណៈអ្នកនយោបាយខ្មែរ និងប្រជាជាតិខ្មែរទាំងមូលជាអ្នកចាញ់ និងបន្តចាញ់បោកបរទេស ជាពិសេសចិន និងវៀតណាម ក្រោយពីបានហែលឆ្លងសង្គ្រាមស៊ីវិលរាប់ទស្សវត្សមក។ ពលរដ្ឋខ្មែរក្រីក្រជាងកន្លះលាននាក់នៅទូទាំងប្រទេស បានរងគ្រោះដោយសារអំពើច្បាមយកដីធ្លី និងបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។ ពលរដ្ឋខ្មែរមិនតិចជាង ១ លាននាក់ឡើយ បន្តធ្វើចំណាកស្រុកទៅធ្វើការស៊ីឈ្នួលដោយកម្លាំងកាយនៅបរទេស ខណៈក្នុងស្រុកឯណោះវិញ កម្ពុជា ទទួលរងនូវការបំផ្លិចបំផ្លាញធនធានធម្មជាតិស្ទើរគ្មានសល់ពីសំណាក់ឈ្មួញចិន និងវៀតណាម ដោយសារតែការបើកដៃ និងការប្រព្រឹត្តិអំពើពុករលួយមហាសាលក្រោមរបបលោក ហ៊ុន សែន៕
in the last forty years under HUN SEN Cambodia getting bigger and becoming a supper powers country. I love HUN SEN so much just about swallow him keep in my stomach for ever. if this smart ass still in powers for three more years Vietcong will take over completely soon . wake up Cambodia this is you last change kick that evil out be for it is too late . HUN SEN the killer he murder at lease more then one million Cambodian that what I knew . he an evil indeed good at lying some time come whit tear to make you believe in him but no way this animal is doing the same trick again and a again . GOD bless KAMPOUCHEA
7 january is the day of Veitnmae invade cambodia ‘ and rob everything from cambodia excepted the house and building that they could not take ‘ . Now new strategy of Youn-hanoi twist story and used their puppet (veitcong mafia dictator) to sign and said cambodia ask the killers to help ‘ Youn hanoi took champa and change to their own country and invade cambodia without permission from U N so Veitname are the criminal ‘ veitname are the invaders ‘ and the robbers ‘ they can’t used veitcong mafia dictator as the rescuer against the cambodia’ s ‘will . Why veitname not co-operated with U N ?? why veitname ask their puppet to sign and gave Tral island to them?? Why veitname interfere cambodia government?? veitname and china must responsibility of khmer people who die 3 million ‘GOD bless all good people and punish bad people’
គ្មានបានអាចម៌គោមេស្អីទេក្រៅតែពីទៅខ្ចីលុយគេយកមកចែកចាយក្រុមបក្សពួកអាតិរច្ឆានសុីចាយសង់អាគាខ្ពស់ៗសម្រាប់តែពួកខ្លួន!សំណួរសួរថាតើចុះអាណាអ្នករកល់ុយសងគេពេលពួកវាស្លាប់អស់ទៅ?។ខ្ញុំមិនដឹងថាមហាជនខ្មែរលោកមានអារម្មណ៍ដូចខ្ញុំដែរឬអត់ពេលឮ ហ៊ុនសែន និយាយម្ដងៗចង់តែបោក TV ចោល។
If there was no April 17, 1975 then 01/7/1979 would not have been existed.
Then who were Khmer Rouge soldiers during 1970 to 1975.
It looks like a person who was in the same group, which killed my parents and other family’s members, was the same group of persons, that later on came to rescue me.