លោក ញឹក ប៊ុនឆៃ កំពុង​ស្វែង​ការ​រួបរួម​គ្នា​ជាមួយ​សម្ដេច​ក្រុម​ព្រះ​សា​ជា​ថ្មី

ដោយ មាន ឫទ្ធិ
2019-01-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ (ឆ្វេង) និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។ RFA/Den Ayuthyea
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ (ឆ្វេង) និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។ RFA/Den Ayuthyea


គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រកាស​ថា កំពុង​ស្វែង​រក​ការ​រួប​រួម​គ្នា​ជា​ថ្មី​ជាមួយ​គណបក្ស​រាជានិយម គណបក្ស ហ៊្វុនស៊ិនប៉ិច របស់​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ក្នុង​ខែ​ឧសភា ឆ្នាំ២០១៩ ខាង​មុខ​នេះ។

អ្នក​វិភាគ​យល់​ថា ការ​រួបរួម​នេះ​ជា​ឧកាស​ល្អ​របស់​គណបក្ស ដែល​ធ្លាប់​ជា​ដៃគូ​ចាស់​នឹង​គ្នា​កន្លង​មក​នោះ ដើម្បី​បន្ត​ជីវិត​នយោបាយ​ក្នុង​ការ​លម្អ​ឆាក​ឲ្យ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​មិន​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ និង​ប្រទេស​ជាតិ​នោះ​ឡើយ។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ រំពឹង​ថា ក្រោយ​ពេល​លោក​រួបរួម​ជាមួយ​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ជា​ថ្មី​ម្ដង​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​ចំនួន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី​របស់​ពួក​គេ​នឹង​កើន​ឡើង។ លោក​បន្ត​ថា លោក​បាន​ព្យាយាម​ទំនាក់ទំនង និង​ទៅ​ជួប​សម្ដេច​ក្រុម​ព្រះ​នៅ​ប្រទេស​ថៃ ដែល​សម្រាក​ព្យាបាល​ជំងឺ ប៉ុន្តែ​មិន​ទាន់​បាន​ជួប​នៅ​ឡើយ​ទេ៖ «មាន​ការ​ជជែក​គ្នា​ខ្លះ​ហើយ ប៉ុន្តែ​នៅ​គាំង​មក​ដល់​ពេល​នេះ ហ៊្វុនស៊ិនប៉ិច បាត់​ក្បាល​ម៉ាស៊ីន»

ការ​ប្រកាស​រួបរួម​គ្នា​ជា​ថ្មី​រវាង​លោក ញឹក ប៊ុនឆៃ និង​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ នេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹក​នាំ និង​សមាជិក​ប្រឹក្សា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្ងៃ​ទី៥ មករា។ លោក ញឹក ប៊ុនឆៃ ទាមទារ​ឲ្យ​ការ​រួម​គ្នា​ជា​ថ្មី​នេះ ធ្វើ​ឡើង​ឲ្យ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ឆ្នាំ២០១៩ ខាង​មុខ​នេះ៖ «មិន​អាច​នៅ​យូរ​បាន​ទេ បើ​សិន​ជា​រួបរួម​គ្នា ព្រោះ​យើង​ត្រូវ​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ស្រុក​ខណ្ឌ»

ជុំវិញ​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ នេះ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៦ ខែ​មករា។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ក្នុង​មុខ​តំណែង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ២០១៩ ខាង​មុខ។

អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង​លោក បុង ដែត សង្កេត​ឃើញ​ថា ការ​ធ្វើ​នយោបាយ​របស់​លោក ញឹក ប៊ុនឆៃ និង ព្រះអង្គ​ម្ចាស់ រណឫទ្ធិ កន្លងទៅ មិន​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​នោះ​ទេ ហើយ​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​នយោបាយ​កំដរ​ឆាក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ លោក​យល់​ថា បើ​ទោះ​ជា​ការ​រួម​គ្នា​នេះ​ធ្វើ​ឲ្យ​កើន​ចំនួន​ក្រុមប្រឹក្សា​ក្ដី ប៉ុន្តែ ពួក​គេ​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ២០២៣ នោះ​ឡើយ៖ «គណបក្ស​ទាំង​ពីរ​ស្ថិត​នៅ​ក្រោម​ដំបូល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ»

នេះ​ជា​លើក​ទី៤ ហើយ នៃ​ការ​ប្រកាស​ធ្វើ​នយោបាយ​រួម​គ្នា​រវាង​លោក ញឹក ប៊ុនឆៃ និង​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច។ កន្លង​ទៅ​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​អន្តរាគមន៍​ក្នុង​ការ​ផ្សះផ្សា​ជម្លោះ​នេះ​ដែរ។ កាលពីឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោយ​មាន​ការ​សង្ស័យ​ថា លោក​លួច​ទាក់ទង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​កាល​ខែ​មេសា ឆ្នាំ២០១៨ លោក​ក៏​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ដោះ​លែង​នោះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស ប្រជាជន​កម្ពុជា ឲ្យ​វត្តមាន​លោក ញឹក ប៊ុនឆៃ ចូលរួម​លម្អ​ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​របស់​ខ្លួន​ផង និង​ដោយសារ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ​រង​សម្ពាធ​ពី​អន្តរជាតិ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles