ដោយ សុ ជីវី
2019-01-07
RFA

លោក ហ៊ុន សែន ថ្លែងសន្ទរកថាក្នុងពិធីរំឭកខួបលើកទី៤០ នៃថ្ងៃជ័យជម្នះលើរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩
មេដឹកនាំរបបក្រុងភ្នំពេញបច្ចុប្បន្ន និងជាអតីតកម្មាភិបាលខ្មែរក្រហម ដែលមានសម្ពន្ធភាពរឹងមាំ ចាក់ទឹកមិនលិចជាមួយនឹងវៀតណាមនោះ នៅតែអះអាងថា កងទ័ពវៀតណាមចូលមកទឹកដីកម្ពុជាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពោលគឺកាលពី ៤០ឆ្នាំមុននោះ គឺដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។ ប៉ុន្តែ អ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងពីការដឹងគុណវៀតណាមដដែលៗ នេះ ដើម្បីការពារពីការរិះគន់ការឈ្លានពានរបស់វៀតណាមប៉ុណ្ណោះ ហើយរបបនេះមិនអាចកែប្រែប្រវត្តិសាស្ត្រដែលបានចារថា ថ្ងៃ ៧ មករា ជាថ្ងៃកងទ័ពវៀតណាមចូលឈ្លានពានកម្ពុជាបានឡើយ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសប្រាប់ទៅអ្នកចូលរួមក្នុងការអបអរថ្ងៃ ៧ មករា ថា ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់កម្ពុជា។
ការបញ្ជាក់ប្រាប់ដដែលនេះ ធ្វើឡើងរយៈពេល ៤០ឆ្នាំមកហើយ ដោយលោកអះអាងថា ជ័យជម្នះនេះ ធ្វើឲ្យពលរដ្ឋខ្មែររស់ឡើងវិញ និងធ្វើឲ្យពួកគេមានសេរីភាពគ្រប់យ៉ាង៖ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រមទាំងទទួលបាននូវការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងពីកម្លាំងស្នេហាជាតិ និងយុត្តិធម៌នានា នៅលើពិភពលោក បានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩»។
ការអះអាងពីការប្ដេជ្ញាចិត្តការពារថ្ងៃ៧ មករា ពីសំណាក់លោក ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីពលរដ្ឋខ្មែរនៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មផ្ទួនៗ ប្រឆាំងថ្ងៃ៧ មករា។ ពលរដ្ឋខ្មែរនៅប្រទេសសេរី ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពាន សម្លាប់ពលរដ្ឋខ្មែរ និងត្រួតត្រាប្រទេសកម្ពុជា។ ប៉ុន្តែ របបក្រុងភ្នំពេញមិនបានបង្ហាញការខ្វាយខ្វល់នឹងការលើកឡើងនេះទេ។ ផ្ទុយទៅវិញរបបនេះបានរៀបចំអបអរខួប ៧ មករាលើកទី៤០ របស់ខ្លួនយ៉ាងធំ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួម។
អ្នកចូលរួមមីទ្ទិញ ៧ មករានេះ ត្រូវបានគេរៀបចំឲ្យមាន ២៦ផែន តំណាងឲ្យ ២៥រាជធានី ខេត្ត និងផែនទី២៦ ជាផែនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងមានពិព័រណ៍ក្បួនរថយន្តបុស្បុក បង្ហាញពីសក្ដានុពល និងការអភិវឌ្ឍក្នុងតំបន់ភូមិសាស្ត្រនីមួយៗ។
កាសែតក្នុងស្រុក ដែលជាក្បាលម៉ាស៊ីនផ្សព្វផ្សាយរបស់លោក ហ៊ុន សែន បានចុះផ្សាយកាលពីថ្ងៃ ទី៦ មករា ដោយដកស្រង់សំដីអ្នករៀបចំពិធីនេះថា ពិធីនេះចំណាយលុយជាង ១លានដុល្លារ សម្រាប់ការហាត់សម និងការប្រារព្ធពិធី។ ប៉ុន្តែ មិនបានបញ្ជាក់ថា ថវិកាដែលចំណាយ នោះជាលុយជាតិ ឬក៏ជាលុយរបស់គណបក្សនោះទេ។
អាស៊ីសេរីបានសុំការបំភ្លឺអំពីការចំណាយនេះពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោកមិនឆ្លើយតបទេ។ ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថា លោកមិនបានដឹងពីការចំណាយនេះទេ។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញ ឲ្យអាស៊ីសេរីដឹងថា ការប្រឹងរៀបចំប្រារព្ធអបអរថ្ងៃ ៧ មករា ដោយកេណ្ឌពលរដ្ឋ និងចំណាយប្រាក់ដ៏ច្រើនបែបនេះ ព្រោះរបបនេះព្យាយាមការពារថ្ងៃ ៧ មករា ដើម្បីបង្ហាញថា វៀតណាមមានគុណលើកម្ពុជា។ ប៉ុន្តែលោកយល់ថា អ្វីដែលរបបនេះកំពុងតែចំណាយលុយជាតិយ៉ាងច្រើនដូចនេះ គឺជាការប្រមាថជាតិខ្មែរ ដើម្បីបម្រើយោជន៍វៀតណាមប៉ុណ្ណោះ៖ «ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាយុទ្ធសាស្ត្រឈ្លានពានរបស់យួន ដើម្បីបន្តសម្លាប់ខ្មែរពីសម័យ ប៉ុល ពត។ យើងឃើញហើយ ក្រោយ ៧ មករា ខ្មែរស្លាប់ជាង ២០ម៉ឺននាក់ ក្នុងនយោបាយ ក–៥ របស់យួន ហើយនិងទ្រព្យសម្បត្តិជាតិផ្សេងៗ ត្រូវយួនប្រមូលយកទៅអស់»។
ថ្ងៃ ៧ មករា នៅតែជាថ្ងៃចម្រូងចម្រាសរវាងគណបក្សកាន់អំណាច និងក្រុមអ្នកនិយមប្រជាធិបតេយ្យ។ ពលរដ្ឋខ្មែរនៅក្រៅស្រុក និងអ្នកនិយមប្រជាធិបតេយ្យយល់ថា បើកម្ពុជានៅតែបន្តដឹងគុណវៀតណាមតាមរយៈ ៧ មករានេះទៀត វាសនាកម្ពុជានឹងមិនខុសពីកម្ពុជាក្រោមឡើយ៕
Veitcong mafia dictator is really criminal who killed a lot of khmer since he become a veitcong dog’in Marky forest ‘ he will be punished soon and will go to hell because a few of his friends wait for him ‘
បើចង់ដឹងឲ្យច្បាស់ថាថ្ងៃ៧មករាយួនបានឈ្លានពានខ្មែរដើម្បីជួយរំដោះយើងចេញពីរបប ខ្មែរក្រហមមែនឬអត់ នាំគ្នាទៅសួរ ស ខេង អោយគាត់ស្បត់ថាតើថ្ងៃ៧មករាជាថ្ងៃយួនវាមកជួយរំដោះខ្មែរអោយរួចពីរបបខ្មែរក្រហមដោយសុទ្ធចិត្តមែនឬទេ?ឬមួយមានតែ ហ៊ុនសែន ម្នាក់ឯងទេដែលជឿរឆ្កួតៗដូច្នេះ។ឆ្កូតតែឯងមិនអស់ចិត្តមកបបួលខ្មែរមួយនរគឲ្យភ្លើជាមួយរួមទាំងហ្លួងផងដែរ។