By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
ស្ថាប័នសារព័ត៌មាន The Cambodia Daily សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសាររបស់លោក សាំង សុឥន្ទរិទ្ធ អតីតបុគ្គលិកដ៏ឆ្នើមរបស់កាសែត The Cambodia Daily ដែលបានទទួលមរណភាពនៅយប់ថ្ងៃទី៥ខែមករា ក្រោយពីបានព្យាយាមតស៊ូរស់តាមរយៈការលាងឈាមចំនួន២៨៧លើក ដោយសារជំងឺខូចក្រលៀន។
លោក សាំង សុឥន្ទរិទ្ធ ជាអ្នកកាសែតដ៏ឆ្នើមរបស់ស្ថាប័នកាសែតមួយនេះ ដែលចេះយកអាសារសហការី ចេះសហការនិងមានសណ្តានចិត្តល្អជាមួយបុគ្កលិកទូទៅក្នុងការចែករំលែកប្រភពព័ត៌មានជាមួយមិត្តភក្តិក្នុងក្រុមការងារ។
ក្នុងពេលដែលលោករក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានគ្រប់និន្នាការនយោបាយនោះ លោកក៏នៅតែមានជំហរជាអ្នកកាសែតអព្យាក្រឹត្យ ឯករាជ្យ សរសេរព័ត៌មានយុត្តិធម៌ផ្អែកលើការណ៍ពិត និងមិនដែលប្រព្រឹត្តខុសប្រាសចាកក្រមសីលធម៌ជាអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ឯករាជ្យអព្យាក្រឹត្យ មិនលំអៀងគោរពតាមគោលការណ៍របស់ The Cambodia Daily រហូតដល់ថ្ងៃលោកមានបញ្ហាសុខភាពមិនអាចបំពេញការងារបាន។
លោកជាបុគ្គលិកដែលបង្កើតបរិយាកាសការងារសប្បាយរីករាយ បង្កើតអនុស្សាវរីយ៍ល្អៗជាច្រើនក្នុងកន្លែងធ្វើការ។ អតីតបុគ្គលិក The Cambodia Daily ទាំងអស់សុទ្ធតែមានអនុស្សាវរីយ៍ល្អៗជាមួយលោក សាំង សុឥន្ទរិទ្ធ។ ដោយសារអំពើល្អរបស់លោកទាំងអស់នេះហើយ លោក សាំង សុឥន្ទរិទ្ធ ក៏ធ្លាប់បានបង្កើតមូលនិធិតាមអ៊ីនធើណិត ហើយធ្លាប់ប្រមូលបានថវិកាខ្លះដើម្បីជួយព្យាបាលជំងឺដល់លោកកន្លងមក។ ក្រៅពីបានបង្កើនអនុស្សាវរីយ៍ល្អៗជាមួយ The Cambodia Daily លោក សាំង សុឥន្ទរិទ្ធ ក៏បានបើកសាលាបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តមួយសម្រាប់សិស្សក្រីក្រនៅសៀមរាប កន្ទូត ហើយលោកបានអញ្ជើញបុគ្គលិក The Cambodia Daily ស្ម័គ្រចិត្តទៅបង្រៀនរបៀបសន្ទនាភាសាអង់គ្លេសនៅចុងសប្តាហ៍ថែមទៀត។
ស្ថាប័ន The Cambodia Daily សូមកោតសរសើរអ្នកសារព័តមានទាំងអស់ក្នុងប្រទេសកម្ពុជាដែលបានខិតខំខ្នះខ្នែងជួយឧបត្ថម្ភដល់លោក សាំង សុឥន្ទរិទ្ធ ក្នុងអំឡុងពេលដែលលោកជួបប្រទះគ្រាលំបាកកន្លងមកនេះ។ ទោះបីជារូបកាយលោកបានឃ្លាតទៅមែន តែអនុស្សាវរីយ៍ អំពើល្អនិងក្រមសីលធម៌របស់លោកនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់មិត្តរួមអាជីព ហើយលោកនៅតែជាបុគ្គលិកគម្រូរបស់ The Cambodia Daily ជារៀងរហូត។
ជាថ្មីម្តងទៀត The Cambodia Daily សូមកោតសរសើរអ្នកសារព័ត៌មានទាំងអស់ដែលបានជួយជ្រោមជ្រែងដល់លោកកន្លងមក ហើយបានសម្តែងការសោកស្តាយ និងបានចូលរួមមរណទុក្ខលោក សាំង សុឥន្ទរិទ្ធ យ៉ាងអធឹកអធ័ម។ The Cambodia Daily សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក សាំង សុឥន្ទរិទ្ធ ជួយបណ្តុះ និងរក្សាស្មារតីសាមគ្គីភាពរបស់អ្នកសារព័ត៌មានជានិរន្តរ៍៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.