ដោយ ហេង រស្មី
2019-01-08
RFA

សកម្មភាពប៉ូលិសស្រុករុក្ខគិរី ចុះទៅសាកសួរមន្ត្រីគណបក្ស សង្គ្រោះជាតិ នៅឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ពលរដ្ឋ
ប៉ូលិសខេត្តបាត់ដំបងជាច្រើននាក់ បានទៅគំរាមកំហែងមន្ត្រីគណបក្សប្រឆាំងប្រចាំស្រុកមួយចំនួនដល់ផ្ទះ ដើម្បីឲ្យពួកគាត់ឈប់ប្រមូលផ្ដុំគ្នាថ្លែងសារគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្រោមហេតុផលគណបក្សនេះត្រូវបានរំលាយចោលទៅហើយមិនអាចរស់ឡើងវិញបានទេ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកទង្វើនេះ ថាជាការគំរាមកំហែងបិទសិទ្ធសេរីភាពប្រជាពលរដ្ឋ និងរំលោភច្បាប់។
សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបងអះអាងថា ពួកគាត់មិនអាចធ្វើតាមសំណើរបស់សមត្ថកិច្ចនេះបានទេ ព្រោះរយៈពេលជាងមួយឆ្នាំមកនេះ អាជ្ញាធររបបលោក ហ៊ុន សែន បានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្ងន់ធ្ងរទៅ រហូតធ្វើឲ្យពួកគាត់មិនអាចជួបជុំគ្នាជាក្រុមបាននោះទេ ដូច្នេះចាប់ពីថ្ងៃនេះទៅ ពួកគាត់មិនអាចនៅស្ងៀមបន្តទៅទៀតបានឡើយ។
អតីតជំទប់ទី២ ឃុំស្ដុកប្រវឹកគណបក្ស សង្គ្រោះជាតិ លោក ប្រាក់ ឈន ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៧ មករាថា ប៉ូលិសប៉ុស្តិ៍ឃុំស្ដុកប្រវឹកម្នាក់ និងប៉ូលិសមកពីអធិការនគរបាលស្រុករុក្ខគិរី ម្នាក់ បានទៅគំរាមកំហែងរូបលោកដល់ផ្ទះ កាលពីព្រឹកថ្ងៃទី៧ មករា។ លោកអះអាងទៀតថា ប៉ូលិសបង្ខំឲ្យលោកឈប់ជួបជុំគ្នាគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ បន្តទៀត បើមិនដូច្នេះទេនឹងមានវិធានការផ្សេងទៀតមកលើរូបលោកជាមិនខាន៖ «ខ្ញុំសួរដែរពាក់ព័ន្ធនឹងគេមកគំរាមខ្ញុំនេះ ខ្ញុំបង្ហោះសារគាំទ្រលោកប្រធាន ដូច្នេះគេថា ខ្ញុំរំលឹកគណបក្ស សង្គ្រោះជាតិ គេថាគណបក្ស សង្គ្រោះជាតិ ស្លាប់ហើយ គេមិនឲ្យខ្ញុំបង្ហោះទេ ដោយសារលោក សម រង្ស៊ី ជាទណ្ឌិតអីណា ហើយថា បើខ្ញុំចង់ចូលរួមនយោបាយគាំទ្រគណបក្សផ្សេងទៅ គាត់សមត្ថកិច្ចនិយាយដូច្នេះសមគួរទេ»។
ចំណែកនៅស្រុកកំរៀងឯណោះវិញសមត្ថកិច្ចក៏បានចុះទៅគំរាមកំហែងមន្ត្រីគណបក្ស សង្គ្រោះជាតិ ដល់ផ្ទះដូច្នោះដែរ។
ប្រធានគណបក្ស សង្គ្រោះជាតិ ស្រុកកំរៀង លោក គ្រុយ គឹមសាំង មានប្រសាសន៍ថា អធិការនគរបាលស្រុកនេះ បានដឹកនាំប៉ូលិសចំនួន ៥នាក់ ទៅដល់ផ្ទះរបស់លោកកាលពីព្រឹកថ្ងៃទី៧ មករា។ លោកថា ប៉ូលិសបានបង្ខំឲ្យលោកកុំប្រមូលផ្ដុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្ស សង្គ្រោះជាតិ ជាពិសេស គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយលើកហេតុផលថា សព្វថ្ងៃប្រទេសកំពុងតែមានសន្តិភាព ដូច្នេះដើម្បីរស់នៅមានសេចក្ដីសុខទាំងអស់គ្នា ត្រូវនៅឲ្យស្ងៀមស្ងាត់កុំធ្វើសកម្មភាពដូចនៅតាមបណ្ដាខេត្តផ្សេងៗ ឲ្យសោះ៖ «នេះជាការបិតសិទ្ធិខ្ញុំគំរាមកំហែងខ្ញុំពេកហើយ ព្រោះថាខ្ញុំអតីតប្រធានបក្សប្រឆាំងស្រុកមែន តែឥឡូវនេះខ្ញុំជាប្រជាពលរដ្ឋសាមញ្ញ។ ខ្ញុំជម្រាបថា កុំឲ្យខ្ញុំធ្វើអីខុសពីផ្លូវច្បាប់ខ្ញុំអត់ខ្លាច ខ្ញុំក្នុងនាមប្រជាពលរដ្ឋគាំទ្រលោក សម រង្ស៊ី និងលោកប្រធាន កឹម សុខា ជាមួយមនុស្សតែមួយអត់មានខុសអីទេ»។
លោកបន្ថែមទៀតថា រឿងនេះសមត្ថកិច្ចប្រហែលព្រួយបារម្ភខ្លាចលោកប្រមូលផ្ដុំសមាជិកគណបក្សធ្វើសកម្មភាពនយោបាយឡើងវិញ ដែលធ្វើឲ្យបាក់មុខមាត់ដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន។ ឆ្លើយតបនឹងបញ្ហានេះអធិការនគរបាលស្រុកកំរៀង លោក គីម ពន្លក មានប្រសាសន៍ថា លោកធ្វើនេះក្នុងបំណងល្អ ដោយសារការអាណិតស្រលាញ់ក្នុងនាមជាអ្នកស្រុកជុំគ្នាទេ មិនមែនជាការគំរាមកំហែងនោះឡើយ៖ «ខ្ញុំថា រស់នៅវាសុខសាន្តអស់ហើយមិនចាប់ទៅធ្វើអីទេ ព្រោះប្រជាជនរវល់ធ្វើស្រែធ្វើចម្ការអីនាំគ្នាសុខៗ ទាំងអស់គ្នាទៅ សំខាន់ប្រជាជនបានសុខ។ គំរាមកំហែងអីមនុស្សរស់នៅដូចគ្នារាល់ថ្ងៃ គង់តែស្លាប់ទៅវិញដូចគ្នាទេ គ្រាន់តែថា កុំឲ្យប្រជាជនលំបាក។ ដូច្នេះសូមឲ្យមានការយោគយល់»។
ប៉ុន្តែសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ទង្វើរបស់ប៉ូលិសនេះ គឺជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពកលើមន្ត្រីគណបក្សប្រឆាំង មិនមែនជាការអាណិតស្រលាញ់នោះទេ។ លោកបន្ថែមទៀតថា សកម្មជនគណបក្សប្រឆាំងជួបជុំគ្នាគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ គឺជាសិទ្ធិសេរីភាពការបញ្ចេញមតិរបស់ពលរដ្ឋ ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះមិនខុសច្បាប់ឡើយ៖ «ដូច្នេះទេសកម្មភាពនេះល្មមផ្អាកហើយ ហើយក៏សំណូមពរដល់អធិការនិងស្នងការផង សូមលោកធ្វើការពិនិត្យមើលឡើងវិញទៅលើសកម្មភាពរបស់មន្ត្រីទាំងនេះដើម្បីកុំឲ្យគេចោទថាមានបញ្ជាពីលើមក។ បើសិនជាទង្វើខុសច្បាប់ខ្ញុំមិនថាទេ តែទង្វើនេះគ្មានច្បាប់ណាចែងថាខុសច្បាប់ទេ ហើយខ្ញុំគិត បើសិនជារឿងនេះខុសច្បាប់ ម្ល៉េះសមត្ថកិច្ចមិនមែនចុះទៅណែនាំទេ គឺចាត់វិធានការរួចបាត់ហើយ»។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សប្រឆាំងទូទាំងប្រទេស បានផុលផុសជួបជុំគ្នាគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ ជាបន្តបន្ទាប់ ក្នុងនោះមានខេត្តខ្លះមានសមាជិកបក្សប្រឆាំងជួបជុំគ្នាដល់ទៅជាង ១០០នាក់ក៏មាន ដោយពួកគាត់យល់ថា ស្ថានការណ៍នយោបាយសព្វថ្ងៃកាន់តែយ៉ាប់យ៉ឺនទៅ។ ដូច្នេះមានតែលោក សម រង្ស៊ី ទេ ដែលអាចជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យប្រសើរឡើងវិញបាន។
មន្ត្រីគណបក្សប្រឆាំងខេត្តបាត់ដំបងទាំង ២រូប អះអាងថា បើទៅបីជាមានការគំរាមកំហែងពីប៉ូលិសយ៉ាងនេះក្ដី ក៏ពួកគាត់មិនបោះបង់ការជួបជុំពង្រឹងសាមគ្គីភាពរបស់សមាជិកគណបក្សខ្លួនដែរ ព្រោះ ពួកគាត់យល់ថា ការសាមគ្គីរឹងមាំទើបអាចយកឈ្នះរបបលោក ហ៊ុន សែនបាន៕