បរិស្ថាន
|
https://www.vodhotnews.com
អ្នកវិទ្យាសាស្ត្រអង់គ្លេស ថាខ្លួនបានរកឃើញសំណាករបស់សត្វដំរីរោមវែង Woolly Mammoth ដែលផុតពូជជាង១ម៉ឺនឆ្នាំមុន ក្នុងគ្រឿងអលង្ការធ្វើពីភ្លុកសត្វដែលបានដាក់លក់នៅកម្ពុជា។
វេជ្ជបណ្ឌិត អាឡិច ប៊េល (Dr Alex Bal) ខួងសំណាកភ្លុកដំរីជាផ្នែកមួយនៃគម្រោងសត្វព្រៃ ដែលធ្វើការនៅមន្ទីរពិសោធន៍ WildGenes។ Royal Zoological Society of Scotland
យោងតាម គេហទំព័រសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករាកន្លងទៅ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រក្នុងមន្ទីរពិសោធន៍ហ្សែនសត្វព្រៃ នៃចក្រភពអង់គ្លេសបានសិក្សា នឹងរកឃើញថា វត្ថុអនុស្សាវរីយ៍ដែលធ្វើពីភ្លុកសត្វដំរី ដូចជាខ្សែដៃ និងខ្សែក ដែលកំពុងចរាចរនៅកម្ពុជាមួយចំនួនគឺធ្វើចេញពីភ្លុករបស់ដំរីរោមវែង Woolly Mammoth ដែលបានផុតពូជពីពិភពលោកជាងមួយម៉ឺនឆ្នាំមុន។
Ivory trinkets are among the items sold in the illegal trade
ប្រធានផ្នែកអភិរក្ស និងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសង្គមសិក្សាពីសត្វ ក្នុងទីក្រុង Edinburgh ប្រទេសអង់គ្លេស លោកស្រី Helen Senn បានលើកឡើងប្រាប់ BBC ថាក្រុមរបស់លោកស្រី មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលធ្វើការពិនិត្យទៅលើគ្រឿងអលង្ការទាំងនោះ ហើយរកឃើញវត្ថុធាតុដើមក្នុងការច្នៃវត្ថុទាំងនោះគឺជាភ្លុករបស់ដំរី Mammoth។
វេជ្ជបណ្ឌិត Helen Senn គឺជាប្រធានផ្នែកអភិរក្ស និងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសង្គមសិក្សាពីសត្វ ក្នុងទីក្រុង Edinburgh ប្រទេសអង់គ្លេស នៃក្រុមការងារដែលធ្វើការនៅមន្ទីរពិសោធន៍ WildGenes
លោកស្រីថា៖ « អ្វីដែលយើងភ្ញាក់ផ្អើលសម្រាប់ប្រទេសនៅតំបន់ត្រូពិកដូចកម្ពុជា គឺយើងរកឃើញសំណាករបស់ដំរី Mammoth នៅក្នុងខ្សែដៃ គ្រឿងអលង្ការ ដែលធ្វើពីភ្លុកដែលត្រូវបានដាក់លក់។ ជាធម្មតាភ្លុកទាំងនេះគឺមាននៅក្នុងតំបន់ទឹកកកអាកទិកដែលកប់ជ្រៅតែប៉ុណ្ណោះ។ អ្នកលក់បានប្រាប់យើងថា វាគឺជាភ្លុកដំរី តែតាមពិតទៅគឺជាភ្លុករបស់Mammoth » ។
បើតាម BBC ដំរី Mammoth មិនត្រូវបានគេចាត់បញ្ចូលជាសត្វត្រូវការពារដោយច្បាប់អន្តរជាតិនោះទេ ដោយសារសត្វប្រភេទនេះបានផុតពូជពីផែនដីតាំងពី១ម៉ឺនឆ្នាំមុនមកម្លេះ។
The frame specimen of a mammoth is displayed at an exhibition in Yokohama, suburban Tokyo on July 12, 2013; the giant mammals have been extinct for around 10,000 years and are not covered by international agreements on endangered species. Image: phys.org
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ថាលោកមិនអាចអត្ថាធិប្បាយណាមួយឆ្លើយតបចំពោះការរកឃើញរបស់អ្នកវិទ្យាសាស្ត្រអង់គ្លេសនេះនៅឡើយទេ។
លោកថា៖ « ខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងនៅឡើយទេ! មិនអាចធ្វើអត្ថាធិប្បាយទៅលើរឿងហ្នឹងបានទេ ព្រោះគ្មានរបាយការណ៍ចំពោះបញ្ហានេះ » ។
ដំរី Mammoth គឺជាសត្វដែលផុតពូជដែលមានអំបូរជាមួយសត្វដំរីបច្ចុប្បន្ន តែវាជាសត្វដែលរស់នៅតំបន់ត្រជាក់។ សត្វនេះ មានកម្ពស់ប្រមាណ៣ម៉ែត្រ និងមានភ្លុកវែងប្រមាណ៥ម៉ែត្រ សម្រាប់ប្រយុទ្ធ និងជីកទឹកកក។ បច្ចុប្បន្នភ្លុករបស់វាត្រូវបានគេតាមប្រមាញ់រក ដោយសារតម្លៃដ៏ថ្លៃ និងភាពស្របច្បាប់នៃការទិញលក់ភ្លុករបស់សត្វប្រភេទនេះ៕