ដោយ មាន ឫទ្ធិ
2019-01-08
RFA

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក យាង សុជាមេត្តា (ឆ្វេង) និងលោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA
មេធាវីការពារក្ដីឲ្យអតីតបុគ្គលិកអាស៊ីសេរីពីររូប គ្រោងស្នើសុំតុលាការឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់លើកូនក្តី នៅថ្ងៃទី៩ មករា។ លោកមេធាវី កែវ វន្នី ប្រាប់អាស៊ីសេរី ឲ្យដឹងនៅថ្ងៃទី៨ ខែមករានេះថា ការស៊ើបអង្កេតរយៈពេលជាងមួយឆ្នាំកន្លងមក តុលាការរកមិនឃើញភស្តុតាងណាមួយ ដាក់បន្ទុកមកលើកូនក្ដីរបស់លោកទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
លោក កែវ វន្នី សង្ឃឹមថា ដោយសារតែគ្មានភស្តុតាង តុលាការនឹងចេញដីកាដំណោះស្រាយ បិទបញ្ចប់រឿងក្ដីទាំងពីរ ដើម្បីអនុញ្ញាតឲ្យលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ មានសេរីភាពពេញលេញ អាចប្រកបការងារចិញ្ចឹមជីវិត ដូចប្រក្រតីឡើងវិញ។
លោក កែវ វន្នី បញ្ជាក់បន្ថែមថា ស្ថានភាពបច្ចុប្បន្ន ដែលអ្នកទាំងពីរ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅឡើយបែបនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិសេរីភាព និង ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ «ទីមួយគាត់នៅតែមកបង្ហាញមុខ ដោយមានកាតព្វកិច្ចបង្ហាញវត្តមាននៅមុខសមត្ថកិច្ចនគរបាលជារៀងរាល់ខែ មួយខែម្ដងៗ។ បញ្ហាមួយទៀត គឺប៉ះពាល់ការធ្វើដំណើររបស់គាត់ ដូចជា ករណីដែលចាំបាច់ ដែលគាត់ត្រូវសួរសុខទុក្ខគ្រួសារគាត់ ដូចជា ករណីព្យាបាលជំងឺជាបន្ទាន់ផ្សេងៗ នៅប្រទេសក្រៅ។ ប៉ះពាល់មួយទៀត គឺដល់ការរកការងារធ្វើ ដែលប៉ះពាល់ដល់ប្រាក់ចំណូលក្នុងគ្រួសារគាត់»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីខែសីហា ឆ្នាំ ២០១៨ ក្រោយឃុំខ្លួននៅពន្ធនាគារអស់រយៈពេល ២៨០ថ្ងៃ។ ក្នុងលក្ខខណ្ឌទាំងនេះ លោកទាំងពីរត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរាល់ខែ និងមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានឡើយ។
អ្នកទាំងពីរ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចោទប្រកាន់ពីបទផ្ដល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើតុលាការសម្រេចថា មានទោស។ ស្របពេលបទចោទប្រកាន់ចាស់ មិនទាន់បានកាត់សេចក្ដីផង ទំនងដោយសារគ្មានភស្តុតាងគួរអោយជឿជាក់បាននោះ ស្រាប់តែសាលាដំបូងក្រុងភ្នំពេញដដែល បានចេញបទចោទប្រកាន់ថ្មីមួយបន្ថែមទៀត គឺ “ការផលិតរូបភាពអាសអាភាស” ប្រឆាំងនឹងអ្នកទាំងពីរថែមទៀត។
ការចាប់ខ្លួន និងចោទប្រកាន់អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះ បានធ្វើឱ្យរបបលោក ហ៊ុន សែន ទទួលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិជាច្រើន។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានថ្កោលទោស ចំពោះចំណាត់ការផ្លូវច្បាប់លើអ្នកទាំងពីរ ដោយពួកគេចាត់ទុកថា នេះជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងមូលដ្ឋានច្បាប់ត្រឹមត្រូវ៕