រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ​បញ្ឈប់​កម្មករ​ជាង​ ១ពាន់​នាក់ ដោយសារ​ការ​តវ៉ា​ទាមទារ​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ

ដោយ ថន ថារ៉ូ
2019-01-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ​តវ៉ា​​បន្ទាប់​ពី​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ជាង​ ១.២០០​នាក់។ Provided photo
រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ​តវ៉ា​​បន្ទាប់​ពី​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ជាង​ ១.២០០​នាក់។ Provided photo


កម្មករ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D) នៅ​ខណ្ឌ​មានជ័យ ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី៨ មករា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ នៅ​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ សង​ប្រាក់​អតីតភាព​ការងារ ប្រាក់​ឈ្នួល​សម្រាប់​ខែ​ចុង​ក្រោយ ប្រាក់​ជំងឺ​ចិត្ត​នៃ​ការ​បណ្ដេញ​ចេញ​ជា​ដើម ក្រោយ​ពេល​ថៅកែ​សម្រេច​បញ្ឈប់​កម្មករ​ជាង ១.២០០នាក់ ដោយសារ​ការ​តវ៉ា​រយៈ​ពេល ១០ថ្ងៃ​មក​នេះ។

កម្មការិនី​នៃ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ម្នាក់ លោកស្រី សំ សុខស្រីមុំ ប្រាប់​ថា ក្រោយ​ត្រូវ​បាន​ថៅកែ ជូន​ដំណឹង​បញ្ឈប់​ពី​ការងារ ​កម្មករ​ទាមទារ​ លក្ខខណ្ឌ ៥​ចំណុច​ គឺ​ប្រាក់​ឈ្នួល​សម្រាប់​ខែ​ចុងក្រោយ ប្រាក់​បណ្ដេញ​ចេញ សំណង​ជំងឺ​ចិត្ត ប្រាក់​ថ្លៃ​ក្រុមហ៊ុន​មិន​ជូន​ដំណឹង និង​ប្រាក់​អតីតភាព​ការងារ ៥ភាគរយ ក្នុង​មួយ​ឆ្នាំ។

កម្មការិនី​រូប​នេះ បន្ត​ថា​ កម្មករ​ជាច្រើន​នាក់​ កំពុង​បន្ត​សកម្មភាព ​តវ៉ា​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ឯ​កម្មករ​ភាគតិច ប្រហែល​ខ្ទង់ ១០០​នាក់ ក្នុង​ចំណោម ១.៨០០នាក់ បាន​ចូល​ធ្វើការ​វិញ ដោយសារ​ភ័យ​ព្រួយ​បាត់បង់​ការងារ ព្រោះ​ថៅកែ​រោងចក្រ​ព្រមាន​បញ្ឈប់​កម្មករ​បន្ថែម​ទៀត បើ​មិន​ព្រម​ចូល​ធ្វើការ​ទេ៖ «ដល់​ពេល​ថ្ងៃ (ទី) ៥ ហ្នឹង អត់​មាន​បើក​ប្រាក់​ខែ ឲ្យ​ពួក​ខ្ញុំ។ រោងចក្រ​គេ​បិទ​ឈ្មោះ​បញ្ឈប់​ពួក​ខ្ញុំ លុប​ឈ្មោះ​ពួក​ខ្ញុំ​ចេញពី​រោងចក្រ​ហ្នឹង ថ្ងៃ​ទី៨ ហ្នឹង ម៉ោង៣ ថ្ងៃ​ទី៨ ហ្នឹង»

រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ ត្រូវ​បាន​អះអាង​ថា មាន​កម្មករ​សរុប​ចំនួន ១ពាន់ ៨រយ (.៨០០) នាក់។ គិត​ត្រឹម​ថ្ងៃ​ទី៨ មករា កម្មករ​តវ៉ា​រយៈពេល​១០​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ នៅ​មុន​ឆ្នាំ​២០១៩។ ពួក​គេ​បាន​នាំ​គ្នា ចាប់​ផ្ដើម​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បាន​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ម្ដុំ​​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី​ម្ដង កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

ដើម​ហេតុ​នៃ​​ការ​តវ៉ា របស់​កម្មករ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ត្រូវ​បាន​កម្មករ​អះ​អាង​ថា ពួក​គេ​បារម្ភ​ថា ​ឆ្នាំ​២០១៩ ​របប​ក្រុង​ភ្នំពេញ នឹង​អនុវត្ត​ច្បាប់​ថ្មី គឺ​បើក​ប្រាក់​អតីត​ភាព​ការងារ​ក្នុង​មួយ​ឆ្នាំ ២ដង ហើយ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ដូច្នេះ កម្មករ​ទាមទារ​ឲ្យ​រោងចក្រ បើក​ប្រាក់​អតីតភាព​មុន​ឆ្នាំ​២០១៩ ឲ្យ​កម្មករ​ឲ្យ​អស់​សិន។

អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ថៅកែ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ទេ នៅ​ថ្ងៃ​ទី៨ មករា។ ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មិន​លើក​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ចេញ​សេចក្ដី​ប្រកាស កុំ​ឲ្យ​ កម្មករ ​និយោជិក​ ភ័យ​បារម្ភ​ ពី​ការ​ខាត​បង់​​ប្រាក់​អតីតភាព​ការងារ។ ក្រសួង​បញ្ជាក់​ថា ​ចាប់​ពី​​ឆ្នាំ​២០១៩ ត​ទៅ ក្រសួង​ការងារ​ តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន ​បើក​ប្រាក់​អតីត​ភាព ២ដង ក្នុង​មួយ​ឆ្នាំ​ ផ្ដល់​ឲ្យ​កម្មករ​ គឺ​នៅ​ខែ​មិថុនា និង​​ខែ​ធ្នូ ហើយ​ធានា​ថា ផល​ប្រយោជន៍​ស្រប​ច្បាប់ និង​ប្រាក់​អតីតភាព ចំពោះ​កម្មករ​ និយោជិក ធ្វើ​ការងារ​នៅ​សហគ្រាស ដែល​ក្ស័យ​ធន ឬ​បិទ​ទ្វារ​ មិន​ត្រូវ​បាត់បង់​ឡើយ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់​ថា ការ​បញ្ឈប់​កម្មករ​ ដោយសារ​តែ​ពួកគេ ​តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ មិនមែន​ជា​ដំណោះស្រាយ​ល្អ ក្នុង​ការ​បញ្ចប់​វិវាទ​ទេ។

ប្រធាន​សហជីព​រូប​នេះ ផ្ដល់​យោបល់​ថា ភាគី​ពាក់ព័ន្ធ គឺ​ខាង​ក្រុមហ៊ុន និង​កម្មករ ត្រូវ​ជជែក​គ្នា​ដោយ​សន្តិ​វិធី មិន​ត្រូវ​ប្រើ​វិធីសាស្ត្រ បញ្ឈប់ ឬ​ប្រើ​ផ្លូវ​តុលាការ​ឡើយ ហើយ​ត្រូវ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ និង​ត្រូវ​ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​កម្មករ​ឲ្យ​បាន​ច្រើន ទើប​ជា​មធ្យោបាយ​ល្អ សម្រាប់​ដោះស្រាយ​វិវាទ៖ «ធម្មតា​ជាទូទៅ ការ​ទាមទារ​របស់​បងប្អូន​ វា​មិន​អាច​​ដាច់​ណាត់​ទេ ដូច្នេះ​លើក​ មិញ​អ៊ីចឹង។ ច្បាស់​ណាស់ វា​នឹង​មាន​ការ​បន្ធូរ​បន្ថយ។ ប៉ុន្តែ​ វា​អាស្រ័យ​ទៅ​​លើ​ឆន្ទៈ អ្នក​សម្រប​សម្រួល ជា​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ គាត់​គួរ​តែ​ពិនិត្យ​ទៅ​លើ​ហេតុផល​ដែល​កម្មករ​លើក​ឡើង​ទៅ…. ឲ្យ​គាត់(កម្មករ) រង់ចាំ​​ប្រាក់​អតីត​ភាព​រហូត​ទៅដល់​ប្រាំមួយ ប្រាំពីរ​ឆ្នាំ ប្រាំបី​ឆ្នាំ​​ បន្ត​ទៅ​មុខ​ទៀត អ៊ីចឹង​មួយ​ជីវិត​គាត់ នៅ​តែ​ធ្វើការ​រោងចក្រ​រហូត គាត់​មិន​អាច​​វិវត្តន៍​ការងារ​គាត់​ទៅ​កន្លែង​ផ្សេង ឬ​គាត់​មិន​អាច​ទៅ​ប្រកប​មុខរបរ​អ្វី​ផ្សេង​ទៀត ដោយសារ​តែ​គាត់​ស្ដាយ​ស្រណោះ​ប្រាក់​អតីត​ភាព​នេះ។ ទី២ ខ្លះ​ទៀត គាត់ (កម្មករ)​ យល់ថា ក្នុង​ករណី​ គាត់​ឈឺ​ស្កាត់​អ្វី​ផ្សេងៗ អាច​ថា​នឹង​ត្រូវ​បាន​(ធ្វើ​)ការងារ​មិនកើត អ៊ីចឹង​ គាត់​ត្រូវ​ឈប់ ខ្លះ​ទៀត​ក៏​អាច​ថា​ គាត់​ធ្វើការ​សុខៗ គាត់​ត្រូវ​ឈប់ ក្រុម​គ្រួសារ​​គាត់​ឲ្យ​ទៅ​ណា មក​ណា ប្រកប​មុខរបរ​ថ្មី អ្នកខ្លះ ​ត្រូវ​ទទួលមរណៈភាព ឧទាហរណ៍​ អ៊ីចឹង​សោះ ដូច្នេះ​គាត់​ត្រូវ​បាន​បាត់បង់​ប្រាក់​អតីតភាព​នោះ»

កម្មករ​រោងចក្រ ​ដាប់ប៊ែលយូ អែន ឌី (W&D) ប្ដេជ្ញា​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ លុះ​ត្រា​ទទួល​បាន​​លក្ខ​ខណ្ឌ​​ ដែល​កម្មករ​ទាមទារ ទាំង ៥ចំណុច ទើប​យល់​ព្រម​បញ្ឈប់​សកម្មភាព​តវ៉ា ហើយ​នៅ​ពេល​ខាង​មុខ​ពួក​គេ នឹង​លើក​គ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍ ​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បន្ថែម​ទៀត ដើម្បី​ជំរុញ​រដ្ឋមន្ត្រី​អន្តរាគមន៍​ ឲ្យ​ភាគី​ថៅកែ​ក្រុមហ៊ុន សង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles