នាយករដ្ឋមន្ត្រី សម្រេចដកអភិបាលរងខេត្តព្រះសីហនុ២រូប បន្ទាប់ពីមានការបង្ក្រាបលើពលរដ្ឋមានជម្លោះដីធ្លី


|
https://www.vodhotnews.com

អភិបាលរងខេត្តព្រះសីហនុ លោក ​ផៃ ប៊ុនវណ្ណៈ (ឆ្វេង) និងលោក ស្រ៊ុន ស្រ៊ន់ (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

នាយករដ្ឋមន្ត្រី សម្រេចដកអភិបាលរងខេត្តព្រះសីហនុ២រូប បន្ទាប់ពីមានការបង្ក្រាបលើពលរដ្ឋមានជម្លោះដីធ្លី


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រេច​ដក​អភិបាល​រង​ខេត្ត​ព្រះសីហនុ​២​រូប​ចេញ​ពី​តំណែង​បន្ទាប់​ពីមាន​ភាព​ប្រក្រតី​នៃ​ជម្លោះ​ដីធ្លី​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ និង​ប្រើ​​ហិង្សា​​លើ​ពលរដ្ឋ​ដែល​តវ៉ា​។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែមីនា នេះ​ លោក​ ហ៊ុន សែន បាន​សម្រេច​ដក​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​ដែល​មាន ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ​ផៃ ប៊ុនវណ្ណៈ ​ចេញ​ពី​តំណែង ដោយ​មិន​បាន​បញ្ជាក់​មូល​ហេតុ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ការ​ដក​អ្នក​ទាំង​ពីរ​នេះ ​គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រជុំ​កាល​ពី​ម្សិលមិញ​ជា​មួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ដើម្បី​សួរ​ដេញ​ដោយ​​ជុំវិញ​ភាព​អសកម្ម​​​​របស់​អាជ្ញាធរ ដែល​ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​សាល​ដី​កា​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ ​។

លោក​ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសបុក​លោក​ថា ការ​ដក​អភិបាល​រង​ខេត្ត​ពីរ​នាក់​នេះ ​គឺ​ជា​ការ​អនុវត្ត​អភិក្រម​ទី​៥​របស់​លោក ដោយ​លោក​ថា ​ចាប់​ពី​ពេល​នេះ​តទៅ​ លោក​គ្មាន​ពេល​និយាយ​ច្រើន​ជា​មួយ​មន្ត្រី​ខិល​ខូច​ទៀត​ទេ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។

លោក​សរសេរ​ថា៖ «ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តអភិក្រម​ទី៥​ គឺ​ការ​វះកាត់​ ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​ចេញ​ពី​តំណែង​។ ខ្ញុំ​ត្រូវតែ​យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញ​ពី​ស្បែក​ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។​ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ ​ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​។ ​ដល់​ពេល​នេះ ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏​ត្រូវ​វាយ កណ្ដុរ​ក៏​ត្រូវ​វាយ រុយ​ក៏​ត្រូវ​វាយ​ អោយ​តែ​បំពាន​លើ​ផល​ប្រយោជន៍​ប្រជាជន​» ។

កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មករា អភិបាលរងខេត្ត​ព្រះ​សីហនុ លោក ផៃ ប៊ុន​វណ្ណៈ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ៣០០នាក់ ក្នុង​នោះ​មាន​ទាំង​កម្លាំង​យោធា​ផង​ដែរ ​ចុះ​ទៅ​អនុវត្ត​សាល​ដីកា​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​គគរ ឃុំ​បិត​ទ្រាំង ស្រុក​ព្រៃនប់ ដើម្បី​វាស់វែង​ដី​ឲ្យ​អ្នកស្រី ហុង សួន ភរិយា​របស់​ឧកញ៉ា ស៊ីវ គង់ទ្រីវ ដែល​ធ្វើ​ឲ្យ​ខណៈ​មាន​ពលរដ្ឋ​រាប់​រយ​នាក់​តវ៉ា ដុត​កង់​ឡាន​បិទ​ផ្លូវ ប្រឆាំង​ការ​ចុះ​អនុវត្ត​សាល​ដីកា​​នោះ ដោយ​អះអាង​ថា ចំណាត់​ការ​នោះ រំលោភ​ដី​របស់​ពួក​គាត់។

ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ សមត្ថកិច្ច​បាន​ផ្ទុះ​អាវុធ​ច្រើន​គ្រាប់ ហើយក៏​​បាន​យក​កាំភ្លើង AK វាយ​ដំ​លើ​ពលរដ្ឋម្នាក់​ ដែល​គេ​ចង​ដៃ​ទៅ​ក្រោយដែរ​។

ចំណែក​ពលរដ្ឋ​ម្នាក់​ស្ថិត​ក្នុង​ហេតុការណ៍​នោះ បាន​រង​របួស​ដោយ​គ្រាប់​បៀម​ជាប់​ឆ្អឹង​ខ្នង ហើយ​ត្រូវ​គ្រួសារ​បញ្ជូន​មក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ។

ជាង​មួយ​ខែ​មក​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ មិន​ទាន់​វែក​មុខ​ខ្មាន់​កាំភ្លើង បាញ់​ពលរដ្ឋ​ឲ្យ​រងរបួស​ក្នុង​ហេ​តុ​ការណ៍​នោះ​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ ក្រៅ​ពី​មាន​ចំណាត់​ការ​ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​គេ​អះអាង​ថា បានប្រើ​ស្វាយ​កាំភ្លើង​វាយ​ដំ​ទៅ​លើ​ពលរដ្ឋ ដែល​គេ​ចាប់​ចង​ដៃ​ទៅ​ក្រោយ​ហើយ​នោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles