By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
អ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា មេដឹកនាំរបបក្រុងភ្នំពេញកំពុងដើរទៅរកផ្លូវដ៏គ្រោះថ្នាក់បំផុត ដោយសារកម្ពុជានឹងបាត់បង់ឱកាសដែលជាប្រយោជន៍សេដ្ឋកិច្ចជាតិដ៏ធំធេងជាមួយមហាអំណាចពិភពលោកទាំងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
អ្នកវិភាគនយោបាយឯករាជ្យលោក គឹម សុខ បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកថា ជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donal Trump) ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Jong-Un Kim) នៅប្រទេសវៀតណាម បានបង្ហាញយ៉ាងច្បាស់ថា របបលោក ហ៊ុន សែន មិនចេះធ្វើកិច្ចការទូតដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនោះឡើយ។
លោកឃើញព្រឹត្តិការណ៍ដ៏សំខាន់នេះមានការចាប់អារម្មណ៍ច្រើនពីសារព័ត៌មានអន្តរជាតិជាច្រើន និងឃើញមេដឹកនាំ វៀតណាមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមេដឹកនាំប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ដល់ក្រុមអ្នកកាសែតល្បីៗផង។
លោក គឹម សុខ អះអាងថា លោកពិតជាស្រណោះដល់កម្ពុជានិងប្រជារាស្ត្រខ្មែរ ដែលនឹងបាត់បង់ប្រយោជន៍ដ៏ធំធេង និងបាត់បង់មុខមាត់លើឆាកអន្តរជាតិ ដោយសារតែជំងឺឆ្កួតនឹង នយោបាយរបស់លោក ហ៊ុន សែន និងគណៈបក្សគ្រួសារនិយមរបស់លោក ហ៊ុន សែន ព្រមទាំងមន្ត្រីក្រោមឱវាទផង។
អ្នកវិភាគរូបនេះមើលឃើញថា វៀតណាមដែលជាអតីតសត្រូវក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ជាមួយសហរដ្ឋអាមេរិកបានក្លាយជាដៃគូសេដ្ឋកិច្ច-ពាណិជ្ជកម្មធំមួយរបស់អាមេរិកទៅវិញ។ វៀតណាមបានឆក់ឱកាសប្រយោជន៍តម្លៃម៉ឺនលានដុល្លារ ក្នុងការរៀបចំជំនួបកំពូលលើកទីពីររវាងមេដឹកនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនេះ។
លោកថា នេះជារូបភាពនៃភាពវៃឆ្លាតខាងកិច្ចការការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមលើយុទ្ធសាស្ត្ររកជម្រកឆ័ត្រការពារផ្នែកយោធាពីសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងចិន។
យ៉ាងនេះក្តី កាលពីខែមករា និងនៅខែកុម្ភៈ លោក ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា កម្ពុជានឹងមិនស្លាប់នោះទេ។ ប្រសិនបើគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ក៏កម្ពុជាមិនស្លាប់ដែរផ្ទុយទៅវិញគឺកាន់តែធ្វើឱ្យប្រទេសនេះខ្លាំងក្លាទៅវិញ។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន មួយរយៈពេលចុងក្រោយក៏បានបង្ហើបពីលទ្ធភាពកសាងអំណាចបន្តត្រកូលរបស់ខ្លួន ដោយថា កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាមេដឹកនាំនៅកម្ពុជាផងដែរ។
ជាក់ស្តែងលោក ហ៊ុន ម៉ាណែត ត្រូវបានលោក ហ៊ុន សែន តែងតាំងជាបន្តបន្ទាប់ ទាំងតំណែងក្នុងគណបក្សប្រជាជនកម្ពុជាដោយលោកបានក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្ស និងនៅក្នុងជួរកងទ័ព ដោយចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត បានក្លាយមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
លើសពីនេះទៀត កូនប្រុសច្បងលោក ហ៊ុន សែន រូបនេះក៏ត្រូវបានមេដឹកនាំរបបក្រុងភ្នំពេញចាប់ផ្តើមឱ្យចេញមុខកាន់តែខ្លាំងដើម្បីកសាងប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ ដោយពេលខ្លះលោកបានដើរតួនាទីជាថ្នាក់ដឹកនាំជំនួសឱ្យឪពុករបស់ខ្លួនជាមួយបណ្តាប្រទេស និងបណ្តាវេទិកាអន្តរជាតិធំៗទៀតផង។
យ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា ប្រសិនបើអំណាចបន្តត្រកូលនេះកើតឡើងដោយការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌គឺមិនចោទជាបញ្ហាប៉ុន្មានទេ ប៉ុន្តែអំណាចបែបនេះនឹងមានការមិនពេញចិត្តទាំងក្នុងជួរគណបក្សនិងពលរដ្ឋទូទៅ ប្រសិនបើវាកើតឡើងដោយអយុត្តិធម៌ហើយនឹងអាចនាំកម្ពុជាឆ្ពោះវិថីដ៏សែនគ្រោះថ្នាក់ផងដែរ៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.