លោក ហ៊ុន សែន ថ្លែងការពារទំនាក់ទំនងកម្ពុជា ជាមួយប្រទេសចិន


|
https://www.vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយលោកប្រធានាធិបតីចិន ស៊ី ជីងពីង ក្នុងឱកាសចុះទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី​បានថ្លែងការពារពីទំនាក់ទំងជាមួយប្រទេសចិនដោយលោកអះអាងថា ចិនបានជួយជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមីនានេះ លោក ហ៊ុន សែន មាន ប្រសាសន៍ថា ទំនាក់ទងជាមួយប្រទេសចិនបានជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍតាមរយៈការផ្តល់ជំនួយ និងបោះទុនវិនិយោគស្ទើរគ្រប់វិស័យ។

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន


លោកបន្ថែមថា៖ «តាមរយៈការទំនាក់ទំនងនេះ គេបានឃើញការរីកដុះដាលយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម័្ពនចាំបាច់ ដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសយើង ផ្លូវថ្នល់ ស្ពាន ជាច្រើនដែលបានសាងសង់រួចហើយ និងបានដាក់ឲ្យប្រើប្រាស់ និងកំពុងតែសាងសង់បន្តទៅទៀត»

លោកនាយករដ្ឋមន្រ្តី បានបន្ទោសទៅអ្នករិះគន់ចំពោះកំណើនជនជាតិចិននៅកម្ពុជាផងដែរ។ លោកបាន​លើកឡើងទៀត​ថា កំណើននៃជនជាតិចិន ក៏ជំរុញឲ្យកម្ពុជាមានកំណើនផ្នែកសេដ្ឋកិច្ចផងដែរ។ លោក បន្ថែមថា កម្ពុជាត្រូវការភ្ញៀវទេសចរចិនចន្លោះ​ពី៥ ទៅ១០លាននាក់បន្ថែមទៀត ដើម្បីជួយជំរុញការអភិវឌ្ឍ។ ទោះយ៉ាងណាក៏ដោយ លោក ក៏បាន​អំពាវនាវប្រទេសផ្សេងៗទៀតចូលមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនផងដែរ។

អ្នក​តាមដាន​ និង​វិភាគ​បញ្ហា​សង្គម លោក​ ឡៅ ម៉ុងហៃ បានបង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនង និងកំណើនជនជាតិចិននៅកម្ពុជា ដោយលោកថាចិនហាក់កំពុងគ្រប់គ្រងលើកម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

លោក ឡៅ ម៉ុងហៃ បន្តថា រដ្ឋាភិបាលកម្ពុជាហាក់ងាកទៅប្រទេសកុម្មុយនីសមួយនេះ ខណៈអឺរ៉ុបព្រមានព្យួរ EBA។ លោក បន្ថែមថា ​វត្តមានជនជាតិចិននៅកម្ពុជាក៏មិនបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋខ្មែរនោះដែរ មានតែដណ្ដើមមុខរបរ និងបង្កការរំខាន។

លោកបន្ថែមថា៖ «របៀបយើងសព្វនេះ ក្រុមហ៊ុនមកពីប្រទេសមហាអំណាចចិន គឺគេបានគ្របដណ្តប់តាំងពីអំណាចនយោបាយ និងសេដ្ឋកិច្ចយើងទៅទៀត។ កន្លែងដែលចិនកាន់កាប់ គឺគេបណ្តេញពលរដ្ឋខ្មែរចេញមិនឲ្យរស់នៅ មិនឲ្យរកស៊ីនៅកន្លែងហ្នឹង ហើយទៀតថា បង្កើតការងារឲ្យពលរដ្ឋខ្មែរ។  ពេលឥលូវ ចិនមកវិនិយោគអី គេយកបុគ្គលិកមកពីប្រទេសគេចង់ទាំងអស់ អត់បណ្តុះបណ្តាលជំនាញដល់កម្មករខ្លួនឯងឲ្យចេះធ្វើការជាមួយគេ អត់បង្រៀនឲ្យចេះរកស៊ីជាមួយគេទេ»

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ចិន​នា​ពេល​ថ្មីៗ​នេះ មាន​តម្លៃ​ដល់​ទៅ​ ៥.៦​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ ហើយមេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ ឲ្យ​កើន​ឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

ក្រៅ​ពី​ផ្ដល់​ជំនួយ​ឥត​សំណង​យ៉ាង​ច្រើន​ដល់​កម្ពុជា ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំ​បំផុត​សម្រាប់​កម្ពុជា​ផង​ដែរ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០១៨​កន្លង​មក​នេះ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។​

នាយកការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិក លោក ដេន ខូត បានលើកឡើងក្នុងរបាយការណ៍មួយដែល​និយាយពីការគំរាម​កំហែងដល់​សន្តិសុខ​អាមេរិក កាល​ពីចុងខែ​ មករា ឆ្នាំ២០១៩​ ថា ការវិលត្រឡប់របស់កម្ពុជាទៅជារដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ អាចនាំឲ្យ​ចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles