ដោយ សួង សុខភារី
01/03/2019
RFI

ក្រសួងមហាផ្ទៃ ផ្តើមដោះស្រាយករណីគ្រួសារនិយម ក្រោយរងការរិះគន់ខ្លាំង
@សហការី
នៅរសៀលថ្ងៃទី ១ខែមីនានេះ ក្រសួងមហាផ្ទៃ បានប្រកាសចំណាត់ការរបស់ខ្លួនទៅលើក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា បម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលត្រូវបានចោទប្រកាន់ថា ជាមនុស្សគ្រួសារនិយម យកសាច់ញាតិឯងចូលធ្វើការក្នុងអង្គភាពជាមួយគ្នា។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ នាពេលនេះ ត្រូវបានសង្គមស៊ីវិល និងអ្នកតាមដាន ស្វាគមន៍ ប៉ុន្តែពួកគេស្នើសុំឲ្យមានចំណាត់ការបន្ត ព្រោះថាករណីបែបនេះ ទំនងមិនមានតិចឡើយ ក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីនគរបាលជាតិចំនួន ១១នាក់ ដែលត្រូវបានចោទប្រកាន់ថាមានភាពមិនប្រក្រតី ជុំវិញបញ្ហាគ្រួសារនិយម គឺមាន ៦នាក់ ជាប់សាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ដោយក្នុងនោះ មាន ៤នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចមន្ត្រី ២នាក់ ក្នុងចំណោម ៤នាក់នោះ ឲ្យចាកចេញទៅបម្រើការងារនៅអង្គភាពផ្សេង។ ដោយឡែក ចំពោះសាច់ញាតិជាមន្ត្រីនគរបាល ២នាក់ ដែលបន្តបម្រើការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់បញ្ញត្តិ ឬ លក្ខន្តិកៈរបស់ក្រសួង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ចំណាត់ការនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុជា ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។
អ្នកតាមដានសង្គម លោក សន ជ័យ ស្វាគមន៍ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ប៉ុន្តែលោកស្នើសុំឲ្យមានការបន្តតាមដានលើករណីបក្ខពួកនិយម ក្នុងជួររដ្ឋាភិបាល ដើម្បីពង្រឹងច្បាប់ និងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងសង្គម។ តាមលោក សន ជ័យ បញ្ហាបក្ខពួកនិយម បានចាក់ឬសជ្រៅចូលក្នុងសង្គមកម្ពុជា ដែលទាមទារត្រូវតែមានការដោះស្រាយជាចាំបាច់ ដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ និងការបំពេញការបម្រើភាពស្មោះត្រង់ ជូនដល់ពលរដ្ឋ។
ចំណែកលោក លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាលើកឡើងពីបញ្ហាគ្រួសារនិយមនេះ ប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន ក៏បានសាទរចំពោះលទ្ធផលនៃការស៊ើបអង្កេត និងចំណាត់ការរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នា លោកប្តេជ្ញាថា នឹងបន្តតាមដានការអនុវត្តច្បាប់លើករណីបក្ខពួកនិយមនៅតាមបណ្តាអង្គភាពនានាដដែល។
សូមរម្លឹកជូនថា ក្នុងជំនួបប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី ២៨ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យបញ្ហាបក្ខពួកនិយម នៅតាមអង្គភាពចំណុះរបស់ខ្លួន និងត្រូវជ្រើសរើសមន្រ្តីរាជការ ដោយផ្អែកលើស្នាដៃ និងសមត្ថភាពពិតប្រាកដ។ តាមលោកហ៊ុន សែន លោកមិនគាំទ្រ ការយកបក្ខពួក ឬ គ្រួសារ ចូលបម្រើការងារ នៅក្នុងអង្គភាពណាមួយ គឺធ្វើឱ្យបាត់បង់នូវជោគវាសនាស្មើៗគ្នា របស់យុវជនជំនាន់ក្រោយ៕