By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់អំពីកំហុសឆ្គងអ្វីខ្លះដែលបញ្ជាឲ្យមានការប្រើអំពើហិង្សាទៅលើពលរដ្ឋក្នុងខេត្តចិន ករណីជម្លោះដីធ្លីមួយកន្លែងរវាងគ្រួសាររបស់លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ដែលឈានទៅដល់ការដកអភិបាលរងខេត្តព្រះសីហនុពីរនាក់ចេញពីតំណែងនោះនៅឡើយទេ។
មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់កាសែត The Cambodia Daily មុនការផ្សាយនេះបន្តិចថា លោកចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ស្វែងរកមុខអ្នកពាក់ព័ន្ធដទៃទៀតក្នុងករណីផ្ទុះអំពើហិង្សានៅខេត្តព្រះសីហនុកាលពីខែមករាកន្លងទៅដើម្បីពិនិត្យលទ្ធភាពឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់នូវទង្វើដែលពួកគេបានធ្វើ។
ទោះជាយ៉ាងណាក៏ដោយ លោក សឹង សែនករុណា គាំទ្រចំណាត់ការរបស់លោក ហ៊ុន សែន ដែលហ៊ានអាកាត់មន្រ្តីរបស់ខ្លួនដែលប្រើតួនាទីជាអ្នកមានអំណាចទៅរំលោភសិទ្ធិពលរដ្ឋ។
ជាងនេះទៅទៀតលោកចង់ឃើញរបបលោក ហ៊ុន សែនដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមានចំពោះជនទាំងឡាយណាដែលបានប្រើអំពើហិង្សាទៅលើពលរដ្ឋ។
ការលើកឡើងរបស់លោក សឹង សែនករុណា ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីព្រឹកមិញបានចេញអនុក្រឹត្យ ដកអភិបាលរងខេត្តព្រះសីហនុពីររូបឈ្មោះ លោក ស្រ៊ុន ស្រ៊ន់ និងឈ្មោះ ផៃ ប៊ុនវណ្ណៈ ចេញពីតំណែងករណីផ្ទុះអំពើហិង្សាក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកលោកថា ការដកអភិបាលរងខេត្តពីរនាក់នេះ គឺជាការអនុវត្តអភិក្រមទី៥របស់លោកដោយលោកថា ចាប់ពីពេលនេះទៅ លោកមិនចាំបាច់និយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ដើម្បីឲ្យរដ្ឋាភិបាលអាចដើរទៅមុខទៀតបាន។
កាលពីថ្ងៃទី២៤ខែមករា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ និងអភិបាលរងខេត្តគឺលោក ផៃ ប៊ុនវណ្ណៈ បានដឹកនាំកម្លាំងចម្រុះជាច្រើនរយនាក់ ចុះអនុវត្តសាលដីកាវាស់វែងដីឱ្យអ្នកស្រី ហុង សួន ជាភរិយារបស់លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ដែលឈានទៅដល់ការប្រើអំពើហិង្សាលើពលរដ្ឋ។ ហេតុការណ៍បានឈានទៅដល់ការផ្ទុះអាវុធដែលនាំឲ្យមានការប្រើអំពើហិង្សាទៅលើពលរដ្ឋហើយបណ្តាលឲ្យបុរសម្នាក់ត្រូវគ្រាប់កាំភ្លើង១គ្រាប់រងគ្រោះជាទម្ងន់។ ក្រុមគ្រួសារជនរងគ្រោះអះអាងថា បុរសរូបនោះអាចពិការអស់មួយជីវិត៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.