ដោយ អេង គីមហុង
02/03/2019
RFI

រូបភាព៖យុវជន យុវតី ដែលត្រូវបានឃាត់ខ្លួននៅក្លិបរ៉ក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន (RFI)
RFI
អាជ្ញាធរមានសមត្ថកិច្ចនៅថ្ងៃទី១មីនាម្សិលមិញ បានដោះលែងមនុស្សជិត៣០០នាក់ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននៅក្លិបរ៉ក់ឲ្យត្រឡប់ទៅផ្ទះវិញ។ ការដោះលែងនេះ ធ្វើឡើងតាមរយៈកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ ចំពោះគ្រឿងជិត៥០គីឡូក្រាមដែលរឹបអូសបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ សមត្ថកិច្ចពាក់ព័ន្ធរង់ចាំសេចក្ដីសម្រេចពីតុលាការដើម្បីដុតបំផ្លាញចោល។ បន្ថែមលើនេះ អ្នកតាមដានបញ្ហាសង្គមនៅតែបន្តទទូចឲ្យសមត្ថកិច្ចស្វែងរកមេក្លោងនៅពីក្រោយគ្រឿងញៀនជិត៥០គីឡូក្រាម មកផ្តន្ទាទោសឲ្យបានឆាប់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសៅរ៍នេះថា សមត្ថកិច្ចដោះលែងមនុស្សជិត៣០០នាក់នេះ ដោយសារពួកគេមិនមែនជាអ្នកជួញដូរ និងចែកចាយគ្រឿងញៀនឡើយ ពោលគឺគ្រាន់តែជាអ្នកប្រើប្រាស់។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ជិត៣០០នាក់នេះ ពួកគេនៅមានឱកាសកែខ្លួនតាមរយៈការអប់រំបន្ថែមពីអាណាព្យាបាល និងការបន្សាបគ្រឿងញៀនជាដើម។
ស្របពេលដែលអ្នកប្រើប្រាស់ជិត៣០០នាក់ត្រូវបានដោះលែង ជនសង្ស័យចំនួន១៧នាក់និងវត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ខណៈជនជាតិចិនចំនួន១៣នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀននេះ ក៏បានបញ្ជូនទៅការិយាល័យស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកមុខមេក្លោងនៅពីក្រោយគ្រឿង៥០គីឡូក្រាមមកផ្តន្ទាទោស។ ប្រសិនបើអាជ្ញាធរនិងតុលាការរកឃើញនិងផ្តន្ទាទោសមេក្លោងធំនៅពីក្រោយគ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ មួយចំណែកនឹងធ្វើឲ្យក្លិបដទៃទៀតមានការខ្លាចក្រែងខ្លះដែរ។ នេះបើតាមលោក ករុណា។
គួរបញ្ជាក់ថា កងកម្លាំងនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២២ កុម្ភៈកន្លងទៅ បានឆ្មក់ចូលទៅឆែកឆេរនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងឃាត់ខ្លួនមនុស្សចំនួនជាង៣០០នាក់ ក្នុងនោះ ក៏មានជនជាតិចិនចំនួន១៤នាក់ផង។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតនូវសារធាតុញៀនប្រមាណ ៥០ គីឡូក្រាម និងកាំភ្លើងខ្លីមួយដើម។
របាយការណ៍ដោយឡែករបស់អាជ្ញាធរ ក្នុងឆ្នាំ២០១៨ បានស្រាវជ្រាវរកឃើញកន្លែងផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១២៩៣ទីតាំង។ ក្នុងនោះមាន ក្លិប ខារ៉ាអូខេ និងបារ៍កម្សាន្តជនបរទេស ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងផ្សេងៗ៕