យុវតី​មួយ​រូប​បង្កើត​ក្រុមការងារ​ជំរុញ​ឱ្យ​ក្រុម​យុវជន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃឈើ

ដោយ សុ ជីវី
2019-03-02
RFA

កញ្ញា អាំង សិរីរតន៍ សហ​ស្ថាបនិក​នៃ​ក្រុម​អេកូ​យុវទូត ដែល​ជា​ក្រុម​យុវជន​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​ពី​បរិស្ថាន ពី​ជីវចម្រុះ សត្វព្រៃ ព្រៃឈើ និង​អភិរក្ស​ធនធាន​ទន្លេ​មេគង្គ។ Photo courtesy of Der Prey
កញ្ញា អាំង សិរីរតន៍ សហ​ស្ថាបនិក​នៃ​ក្រុម​អេកូ​យុវទូត ដែល​ជា​ក្រុម​យុវជន​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​ពី​បរិស្ថាន ពី​ជីវចម្រុះ សត្វព្រៃ ព្រៃឈើ និង​អភិរក្ស​ធនធាន​ទន្លេ​មេគង្គ។ Photo courtesy of Der Prey


ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃធំៗ មិនមែន​ជា​រឿង​ងាយស្រួល​ទេ សម្រាប់​អ្នក​រស់នៅ​ទីក្រុង មិនមែន​ជា​អ្នក​មូលដ្ឋាន ឬ​មិនមែន​អ្នក​តែង​ចូល​ព្រៃ​ញឹកញាប់។ ដើរ​ព្រៃ​ទាមទារ​នូវ​អ្នក​មាន​ចំណូលចិត្ត រវៀសរវៃ ក្លាហាន ហ៊ាន​ប្រឈម​នឹង​បញ្ហា និង​ការ​លំបាក​ទាំងឡាយ ដែល​នឹង​កើតឡើង​ក្នុង​ព្រៃ​នោះ​។ ការ​លំបាក​ទាំងនោះ​ធ្វើ​ឱ្យ​យុវជន​ភាគច្រើន ជាពិសេស​គឺ​យុវតី​មិន​ចាប់អារម្មណ៍​នឹង​ដើរ​ព្រៃ​ទេ។ ខុសប្លែក​ពី​យុវតី​ភាគច្រើន កញ្ញា អាំង សិរីរតន៍ បែរជា​មានគំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុម​យុវជន ដើម្បី​ទាក់ទាញ​យុវជន​ផ្សេងទៀត​ឱ្យ​ងាក​មក​ចាប់អារម្មណ៍ ដើរ​ព្រៃ ក្នុង​ន័យ​ចូលរួម​រក្សា​ធនធានធម្មជាតិ និង​ព្រៃឈើ​ទៅវិញ។

តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​យុវតី​រូប​នេះ​ជ្រើស​រើស​យក​ការ​ដើរ​ព្រៃ​មក​ធ្វើជា​គោលដៅ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ?

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ​អ្នកស្រី សុ ជីវី រាយការណ៍​ពី​យុវតី​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​នាំ​ក្រុម​យុវជន​ចូលរួម​ថែរក្សា​ព្រៃ និង​ធនធានធម្មជាតិ​នេះ៖

ក្នុង​វ័យ​២៦​ឆ្នាំ អាំង សិរីរតន៍ បាន​ក្លាយ​ជា​យុវតី​ឆ្នើម​តំណាង​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ នៃ​គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ​របស់​ទៅ​ភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ហោ​កាត់​ថា USAID ដោយ​ចាប់ផ្ដើម​ពី​ការងារ​ជា​អ្នកដើរ​ព្រៃ​អស់​ជាច្រើន​ឆ្នាំ។

ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៤ សិរីរតន៍ បាន​បង្កើត​ក្រុម​យុវជន​ឈ្មោះថា «​ដើរ​ព្រៃ« ជា​បណ្ដុំ​ក្រុម​យុវជន ដែល​ស្រឡាញ់​ព្រៃឈើ និង​ធនធានធម្មជាតិ​។ ក្នុង​រយៈពេល​នោះ សិរីរតន៍ ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការងារ​ដើរ​ព្រៃ ការ​ជិះ​ទូក ការ​ជួប​សហគមន៍ រៀន​ពី​អ្នក​សិក្សា​ស្រាវជ្រាវ និង​ជួប​ជាមួយ​សកម្មជន​បរិស្ថាន ដែល​ពីមុន​នាង​ក៏​ធ្លាប់​ធ្វើ​កិច្ចការ​នេះ​ដែរ តែ​គ្រាន់តែ​ជា​ការ​ហ្វឹកហាត់ នៅ​ពេល​នាង​នៅ​សិក្សា​នៅ​មហាវិទ្យាល័យ​នៅឡើយ៖ «ការងារ​ស្ម័គ្រចិត្ត​អី​ផ្សេងទៀត​សុទ្ធតែ​ជា​ការងារ​អប់រំ​ផ្សព្វផ្សាយ​ពី​សត្វព្រៃ ព្រៃឈើ ជាមួយ​យុវជន ដើម្បី​ឱ្យ​ពួកគាត់​បាន​ស្រឡាញ់​ព្រៃឈើ និង​សត្វព្រៃ ដើម្បី​ឱ្យ​គាត់​បាន​យល់​ពី​បញ្ហា​ហ្នឹង»

យុវតី​ដែល​មាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​រូប​នេះ​រៀបរាប់​ថា នាង​ចូលចិត្ត​ជីវភាព​រស់នៅ​ជាប់​នឹង​ធម្មជាតិ ព្រៃភ្នំ និង​ស្រែចម្ការ​ជាដើម។ នាង​ថា​នេះ​ក៏​ជា​ផ្នែក​មួយ ដែល​ជំរុញ​ឱ្យ​នាង​ចូលចិត្ត​ការងារ​ដែល​ទាក់ទង​នឹង​ធនធានធម្មជាតិ​។ តាំង សិរីរតន៍ រម្លឹក​ថា នៅ​ពេល​រៀន​នៅ​មហាវិទ្យាល័យ​កិច្ចការ​ស្រាវជ្រាវ​ពី​ធនធានធម្មជាតិ​ក៏​ជា​ផ្នែក​មួយទៀត ដែល​នាំ​នាង​ស្រឡាញ់​ការ​ដើរ​ព្រៃ​។ អ្វី​ដែល​នាង​ចងចាំ​ជាងគេ ហើយ​សម្រេច​ចិត្ដ​តាំង​ខ្លួនប្រាណ​មក​ធ្វើ​ការងារ​អភិរក្ស​នោះ គឺ​ដំណើរ​ទស្សនកិច្ច​សិក្សា​ពី​ព្រៃឈើ និង​ជីវចម្រុះ​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​យុវជន​របស់​ឯកអគ្គ​រាជទូត​សហរដ្ឋអាមេរិក៖ «ដោយសារតែ​ចំពោះ​ខ្ញុំ​ការងារ​ដើរ​ព្រៃ ទៅលេង​តំបន់​ទេសចរណ៍​ទៅលេង​តំបន់​ទេសភាព​ស្អាតៗ ទាំង​នៅ​ក្នុង​តំបន់​ការពារ ក្នុង​តំបន់​សហគមន៍​ផ្សេងៗ ដូចជា​ការ​កម្សាន្ត​មួយ​អ៊ីចឹង ដូចជា​ការ​ធ្វើ​ឱ្យ​យើង​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ឡើងវិញ យើង​ស្រស់ស្រាយ។ ចំពោះ​ខ្ញុំ​ការ​ទៅ​ដើរ​ព្រៃ​ហ្នឹង​គឺ​សប្បាយ ធ្វើ​ឱ្យ​ខ្ញុំ​ចាប់ផ្ដើម​ស្គាល់​ខ្លួនឯង ហើយ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ធម្មជាតិ»

កញ្ញា អាំង សិរីរតន៍ ក៏​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​អេកូ​យុវទូត ដែល​ជា​ក្រុម​យុវជន​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​ពី​បរិស្ថាន ពី​ជីវចម្រុះ សត្វព្រៃ ព្រៃឈើ និង​អភិរក្ស​ធនធាន​ទន្លេ​មេគង្គ។ ក្រុម​នេះ​មាន​យុវជន​ស្ម័គ្រចិត្ត​ជាង ១០០​នាក់​កំពុង​ធ្វើ​ការ​រួមគ្នា ដោយ​ផ្ដោត​ខ្លាំង​ទៅលើ​គម្រោង​ផ្សព្វផ្សាយ និង​ចូលរួម​អភិរក្ស​ធនធាន​ទន្លេ​មេគង្គ។ សិរីរតន៍​ទទួលខុសត្រូវ​ការងារ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​ដំណើរ​ទស្សនកិច្ច​សិក្សា​តាម​ដង​ទន្លេ​មេគង្គ ព្រមទាំង​ការ​ផ្សព្វផ្សាយ​នៅ​តាម​កម្មវិធី​សាធារណៈ។ នាង​ប្រាថ្នា​ឱ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​បន្ថែម​ទៀត​បាន​ដឹង​ពី​កត្តា​គំរាមកំហែង​ដែល​ធម្មជាតិ និង​មនុស្ស​ដែល​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​កំពុង​ជួបប្រទះ ឱ្យ​ភ្ញាក់ខ្លួន​ឡើង​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា។

ងាក​មក​ក្រុម​ដើរ​ព្រៃ​វិញ ក្រុម​នេះ​នៅតែ​បន្ត​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​ដែរ ដោយ​រៀបចំ​គម្រោង​ដើរ​ព្រៃ​នៅ​ទូទាំង​ប្រទេស ហើយ​ក៏បាន​ក្លាយ​ជា​ដៃគូ​របស់​សហគមន៍​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​នានា ដែល​ជា​តំបន់​សម្បូរណ៍​ព្រៃ ដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ សៀមរាប កំពង់ធំ កោះកុង និង​ពោធិ៍សាត់​ជាដើម។

សហគមន៍​ជ្រៃ​ធំ​ក្នុង​ឃុំ​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ជាប់​ព្រំដែន​កម្ពុជា​វៀតណាម គឺជា​ដៃគូ​មួយ​ក្នុង​ចំណោម​សហគមន៍​ជាច្រើន​ទៀត ដែល​ក្រុម​ដើរ​ព្រៃ​តែង​ធ្វើការ​ជាមួយ​។ ក្រុម​នេះ​ដឹកនាំ​ក្រុម​យុវជន និង​អ្នក​ទេសចរណ៍ ដែល​ស្រឡាញ់​ធនធានធម្មជាតិ​ទៅ​កម្សាន្ត​ទឹកជ្រោះ ស្វែងយល់​ពី​ព្រៃឈើ ធនធានធម្មជាតិ និង​ទំនៀមទម្លាប់​នៃ​ជនជាតិ​ដើម​ភាគតិច​ព្នង។

សកម្មភាព​បោះតង់​របស់​យុវជន​ដើរព្រៃ។
សកម្មភាព​បោះតង់​របស់​យុវជន​ដើរព្រៃ។
Photo courtesy of Der Prey


សិរីរតន៍​រៀបរាប់​ថា ក្រុម​ដើរ​ព្រៃ​នេះ​ចូលរួម​ផ្សព្វផ្សាយ​ពី​ធនធានធម្មជាតិ​ផង​ចូលរួម​អភិរក្ស ប្រពៃណី​ទំនៀមទម្លាប់​របស់​សហគមន៍​មូលដ្ឋាន​ផង៖ «ពេល​ពួក​ខ្ញុំ​ទៅ ពួក​ខ្ញុំ​តែងតែ​ចែករំលែក​ជាមួយ​អ្នកចូលរួម​តាំងពី​ការ​ទុកដាក់​កាកសំណល់​របស់​គាត់ យើង​ស្ពាយ​អីវ៉ាន់ សំរាម អី​របស់​យើង​ត្រឡប់​មកវិញ​។ យើង​មិន​គាំទ្រ​ការ​បរិភោគ​សត្វព្រៃ យើង​គិត​តាំងពី​សកម្មភាព​ពេល​យប់ គឺ​យើង​អត់​ច្រៀង​រាំ​ឡូឡា ដែល​អាច​ប៉ះពាល់​ដល់​សត្វព្រៃ​ដល់​សហគមន៍ មូលដ្ឋាន​។ យើង​ជ្រើស​រើស​យក​ដូច​មហា​វប្បធម៌​ប្រពៃណី ដូចជា​សហគមន៍​គាត់​មានការ​រាំ​ជា​របាំ​ប្រពៃណី ឧបមា​ថា​នៅ​មណ្ឌលគិរី​ជនជាតិ​ព្នង​គឺ​យើង​ឱ្យ​គាត់​សម្ដែង​សិល្បៈ​ប្រពៃណី​របស់​គាត់»

ប្រធាន​សហគមន៍​ជ្រៃធំ លោក ញឹម សាលី ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្រុម​ដើរ​ព្រៃ​បាន​ជួយ​ការងារ​ជាច្រើន​ក្នុង​សហគមន៍ រួម​ទាំង​ចំណេះដឹង​ក្នុង​ការ​គ្រប់គ្រង​សហគមន៍ ការ​ប្រែក្លាយ​ពី​សហគមន៍​ការពារ​ធនធានធម្មជាតិ​ទៅជា​សហគមន៍​អេកូ​ទេសចរណ៍ ការ​ផ្ដល់​សេវាកម្ម ការ​អភិរក្ស​ធនធាន​ធម្មជាតិ រហូតដល់​ការថែទាំ​សុខភាព​របស់​អ្នក​សហគមន៍​ទៀត​ផង៖ «គាត់​ជួយ​បង្ហោះ​រូបថត ទេសភាព (តាម​អ៊ីនធឺណិត​) មើល​ឈើ​នៅ​កន្លែង​មាន​ឈើ​ធំៗ មាន​គគីរ​អី​។ គាត់​ស្នាក់នៅ​ក្នុង​ព្រៃ ម្ដង​២​យប់ ម្ដង​៣​យប់​អី ដេក​នៅ​ព្រៃ​ទៅ​ពេល​មាន​ភ្លៀង​អី​ផង ហើយ​គាត់​ចេះ​ធុញទ្រាន់​ទេ​គាត់​ថា​សប្បាយ​ណាស់​។ គាត់​បាន​ជួយ​នៅ​កន្លែង​ទឹកធ្លាក់​ជ្រៃ​ធំ អេកូ​ទេសចរណ៍​នូវ​បន្ទប់ទឹក​៤ ។ គាត់​ជួយ​ខ្លះៗ​ទៀត​ដូចជា​តង់​សម្រាប់​ដេក​នៅ​កន្លែង​ទឹកធ្លាក់ និង​អង្រឹង»

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ដើរ​ព្រៃ បាន​បង្ហាញ​នូវ​គម្រោង​ជាច្រើន​ពី​ការ​ដើរ​កម្សាន្ត​ទៅតាម​ព្រៃភ្នំ ទឹកជ្រោះ តាម​ដង​ទន្លេ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​ទៀត។ រូបថត​ទេសភាព​ស្រស់​ស្អាត​ដែល​បង្ហាញ​ក្នុង​ហ្វេសប៊ុក​នោះ បាន​ទាក់ទាញ​យុវជន​ឱ្យ​ចូល​ទៅ​មើល និង​បញ្ចេញ​មតិយោបល់ និង​មួយ​ចំនួន​បាន​ចុះឈ្មោះ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​នេះ។ ដំណើរ​កម្សាន្ត​ស្វែងយល់​ពី​ធនធានធម្មជាតិ​នេះ​ក៏​តម្រូវ​ឱ្យ​អ្នកចូលរួម​ចំណាយ​ថវិកា​មួយ​ចំនួន​ដែរ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ និង​អាហារ​បរិភោគ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ធ្លាប់​លើកឡើង​ថា ក្រសួង​មាន​គោលដៅ​ជំរុញ​ឱ្យ​សហគមន៍​ការពារ​ធនធានធម្មជាតិ ព្រៃឈើ ប្រែក្លាយ​ជា​សហគមន៍​ទេសចរណ៍ ដែល​នឹង​ជួយ​កាត់បន្ថយ​ការ​ទាញ​យក​អនុផល​ព្រៃឈើ ដើម្បី​ផ្គត់ផ្គង់​ជីវភាព ជំនួស​មកវិញ​ដោយ​ការងារ​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នេះ​វិញ។

កញ្ញា តាំង សិរីរតន៍ មាន​ក្ដី​រំពឹង​ថា ទៅ​ថ្ងៃមុខ​នឹង​មាន​យុវជន​កាន់តែ​ច្រើន​ជាពិសេស​យុវតី ចូលរួម​ការងារ​អប់រំ ផ្សព្វផ្សាយ អភិរក្ស​ធនធានធម្មជាតិ​។ នាង​ក៏​មាន​គម្រោង​នឹង​ពង្រឹង​ក្រុម​ដើរ​ព្រៃ​នេះ​ឱ្យ​ក្លាយ​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ដំណើរ​កម្សាន្ត ស្វែងយល់​ពី​ធនធានធម្មជាតិ ពី​ជីវចម្រុះ​នៅ​គ្រប់​វិស័យ មិន​ថា​ព្រៃភ្នំ​តាម​ដង​ទន្លេ ឬ​សមុទ្រ​ទេ៖ «វា​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គាត់​រីកចម្រើន​ផង ហើយ​គាត់​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​មុខរបរ ឧបមា​ថា​គាត់​ធ្លាប់​បរបាញ់​សត្វ ឬក៏​កាប់​ឈើ​អីហ្នឹង​គាត់​អាច​មាន​ជម្រើស​ផ្សេង ដូចជា​ជម្រើស​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវ អ៊ីចឹង»

សិរីរតន៍ ក៏​ចែករំលែក​បទពិសោធន៍​ដល់​អ្នកមាន​បំណង​ដើរព្រៃ ថា ដើរ​ព្រៃ​ទាមទារ​នូវ​ទឹកចិត្ត​ស្រឡាញ់ ភាព​បត់បែន រវៀសរវៃ រឹងមាំ និង​ក្លាហាន ព្រោះ​ពេលខ្លះ​ត្រូវ​ដេក​ក្នុង​ព្រៃ​ពី​៣ ទៅ​៦​ថ្ងៃ និង​ត្រូវ​ដើរ​ឆ្ងាយ​ពេលខ្លះ​អាច​ដើរ​ជិត​២០​គីឡូ​ម៉ែត​ក៏​មាន​។ នាង​បន្ត​ថា អ្នកដើរ​ព្រៃ​ត្រូវ​ចេះ​វិធី​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង និង​អាច​ជួយ​ដល់​អ្នក​នៅ​ក្នុង​ក្រុម​ក្នុង​ពេល​ចាំបាច់៖ «ចំពោះ​សុខភាព​ត្រូវ​រឹងមាំ​អី​ដែរ ព្រោះ​ទៅ​តំបន់​មួយ​ចំនួន​ដូច​តំបន់ ឱរ៉ាល់ មណ្ឌលគិរី អារ៉ែង កោះកុង​អីហ្នឹង​សុទ្ធតែ​ត្រូវការ​កម្លាំង​រាង​រឹងមាំ ព្រោះ​យើង​ត្រូវ​ឡើង​ភ្នំ​ឡើង​អី។ អ៊ីចឹង​ដូចជា​ហាត់ប្រាណ​ទុក​មុន​រក្សា​សុខភាព​ឱ្យ​បាន​មុននឹង​ចេញទៅ​ព្រៃ​ដែរ»

តាំង សិរីរតន៍ ចាត់​ទុក​ការ​ដើរ​ព្រៃ​ជា​មេរៀន​ជីវិត​សម្រាប់​អ្នក ដែល​ស្រឡាញ់​ធនធានធម្មជាតិ​ដូច​រូប​នាង ហើយ​នាង​កំណត់​គោលដៅ​ទុក​ថា ពី​មេរៀន និង​បទពិសោធន៍​នេះ នាង​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​អភិរក្ស​ជីវចម្រុះ និង​បន្ត​ផ្សព្វផ្សាយ​ពី​ការងារ​អភិរក្ស​ផ្នែក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles