ដោយ ថន ថារ៉ូ
2019-05-19
RFA

ពុទ្ធបរិស័ទដង្ហែរំលឹកថ្ងៃវិសាខបូជា នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ RFA
ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។ អ្នកជំនាញព្រះពុទ្ធសាសនាលើកឡើងថា បុណ្យវិសាខបូជានេះ មានតម្លៃនិងគុណប្រយោជន៍ដ៏វិសេសដែលរដ្ឋាភិបាល និងពលរដ្ឋខ្មែរចូលរួមលើក ស្ទួយនិងប្រតិបត្តិឱ្យសាកសមជាប្រទេសដែលទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តមង្គលវ័ន្ត មានថេរដីកាថា វិសាខបូជាគឺជាបុណ្យប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនា និងមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន រហូតធ្វើឱ្យអង្គការ សហប្រជាជាតិ បានសម្រេចដាក់បញ្ចូលជាទិវាបុណ្យអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។
RFA
ចំពោះហេតុផលចម្បងមួយដែលញ៉ាំងឱ្យមានការទទួលស្គាល់នេះ ព្រះតេជព្រះគុណ ឃី សុវណ្ណរតនា មានថេរដីកាបញ្ជាក់ថា គឺអាស្រ័យដោយគោលការណ៍សន្តិភាព និងអហិង្សារបស់ព្រះពុទ្ធសាសនាដែលស្របនឹងគោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ។ «»
ប្រពៃណីក្នុងការប្រារព្ធពិធីបុណ្យវិសាខបូជានេះក៏ត្រូវបានរក្សាទុក និងធ្វើតាមជាទំនៀមមកដល់សព្វថ្ងៃនេះផងដែរ ដោយមានរៀបចំយ៉ាងអធិកអធមជាផ្លូវការរៀងរាល់ឆ្នាំនៅលើកំពូលភ្នំអដ្ឋរស្ស ឬភ្នំព្រះរាជទ្រព្យ នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម ដោយរួមមានទាំងកិច្ចនមស្សការ សមាទានសីល ស្ដាប់ធម្មទេសនា និងពិធីដាក់បាត្រព្រះសង្ឃផងដែរ។
ព្រះតេជព្រះគុណឃី សុវណ្ណរតនា មានថេរដីកាបន្តថា ប្រជាពលរដ្ឋនិងមន្ត្រីរាជការគ្រប់ស្ថាប័ន និង ថ្នាក់ដឹកនាំ គប្បីសិក្សាស្វែងយល់ខ្លឹមសារសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ហើយគប្បីចូលគោរព ប្រតិបត្តិឱ្យបានត្រឹមត្រូវឱ្យសាកសមជាប្រទេសដែលចាត់ទុកពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ព្រះតេជព្រះគុណ បញ្ជាក់ថា អ្វីដែលគួរប្រតិបត្តិនោះ គួរតែនាំគ្នាទៅវត្ត ឬកន្លែងប្រារព្ធពិធីវិសាខបូជា ដើម្បីធ្វើបុណ្យឱ្យទាន រក្សាសីល ជម្រះចិត្តឱ្យស្អាតបរិសុទ្ធ ស្ដាប់ព្រះធម្មទេសនា និងសិក្សាឱ្យកាន់តែ ស៊ីជម្រៅអំពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។ «»
ព្រះតេជព្រះគុណ មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋចូលរួមប្រារព្ធពិធី បុណ្យវិសាខបូជា កាន់តែល្អប្រសើរដូចជានៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។ ទោះយ៉ាងណាក្តី ព្រះតេជព្រះគុណ ក៏អំពាវនាវឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន បញ្ឈប់ការផ្សព្វផ្សាយ និងលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យព្រះពុទ្ធសាសនានេះផងដែរ ព្រោះគ្រឿង ស្រវឹងនេះនាំឱ្យកើតមានវិបត្តិជាច្រើន។
អ្នកតស៊ូមតិឱ្យមានច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងជាមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក ហេង គឹមហុង លើកឡើងថា ថ្ងៃបុណ្យ វិសាខបូជានេះ លោកបានធ្វើសមាធិដើម្បីឧទ្ទិសដល់ព្រះពុទ្ធដែលបានបន្សល់ទុកពាក្យប្រៀន ប្រដៅល្អឯកនៅក្នុងលោក។ ទោះយ៉ាងណាក្តី លោកសម្ដែងការសោកស្ដាយដែលកម្ពុជាក្នុងនាម ជាប្រទេសកាន់ព្រះពុទ្ធសាសនា មិនបានប្រតិបត្តិត្រឹមត្រូវ ហើយនាំគ្នាទទួលគ្រឿងស្រវឹងគ្រប់ទីកន្លែងដែលគ្មានការរឹតបន្តឹងដូចនៅប្រទេសថៃ និងប្រទេសដទៃទៀត។ លោកសង្កេតឃើញថា តាមស្ថាប័នរដ្ឋ តាមដងផ្លូវ និងគ្រឹះស្ថានសាធារណៈ និងក្រុមហ៊ុនឯកជនក្តី គឺហាក់មិនមានតាំងរូប ព្រះពុទ្ធនិងទង់សាសនា ហើយធ្វើពិធីបុណ្យឱ្យឱឡារិកនោះទេ។ «»
ចំណែកពលរដ្ឋម្នាក់ទៀតនៅខេត្តបាត់ដំបង ប្រាប់អាស៊ីសេរីថា លោកបានចូលរួមពិធីដង្ហែពិធី បុណ្យវិសាខបូជា នៅវត្តពោធិ៍វាល ក្រុងបាត់ដំបងដោយការចូលរួមពីមន្ត្រីរាជការសិស្សានុសិស្ស ជាច្រើនផងដែរ ក្រោមការដឹកនាំរបស់ព្រះសង្ឃ។ លោកបញ្ជាក់ប្រាប់ពីទឹកចិត្តថា មូលហេតុដែល លោកចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានេះ ព្រោះដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធដែលបានរក ឃើញនូវព្រះធម៌ ដើម្បីប្រៀនប្រដៅសត្វលោកគ្រប់សញ្ជាតិទាំងអស់ឱ្យប្រព្រឹត្តនូវអំពើល្អ វៀរចាកនូវអំពើអាក្រក់។ លោកចាត់ទុកខេត្តបាត់ដំបង គឺជាខេត្តគំរូមួយ ប៉ុន្តែលោកសង្កេតឃើញ សម្រាប់ នៅទូទាំងប្រទេសវិញ គឺការប្រារព្ធពិធីបុណ្យវិសាខបូជា នៅមិនទាន់បានអធឹកអធម្មនៅឡើយទេ។ «»
ចាប់តាំងពីអង្គការសហប្រជាជាតិបានទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិមក ប្រទេសដែលគោរពព្រះពុទ្ធសាសនាជាច្រើននៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដោយដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជានៃអង្គការសហប្រជាជាតិ៕