ដោយ វណ្ណ សុគន្ធា
20/05/2019
RFI

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
@សហការី
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សប្រឆាំង ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា។ ជាមួយនឹងការអំពាវនាវ លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានថ្លែងការពារលោក កឹម សុខា ដោយអះអាងថា ការចោទលោកថាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល គឺជារឿងមិនពិត។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចបានចេញមកបញ្ជាក់ថា គ្មានអ្នកណាចោទលោក កឹម សុខា ទេ គឺគាត់រើសយកទោសមកដាក់ខ្លួនដោយខ្លួនឯង។
«ការចោទប្រកាន់មកលើលោក កឹម សុខា ថាធ្វើឬមានបំណងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលប្រើអំពើហិង្សានោះ គឺជាការមិនពិតទាល់តែសោះ»។ នេះគឺជាការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន នៅលើទំព័រមុខហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យ។ សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន ការចោទប្រកាន់បែបនេះ អាចជាការបំផ្លើសបន្លំ ឬ ការយល់ច្រឡំ ឬ ការចោទច្រឡំមនុស្ស។
អតីតអ្នកតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិរូបនេះ បានអះអាងថា ទាំងប្រជាពលរដ្ឋខ្មែរ និង ទាំងសហគមន៍អន្តរជាតិ សុទ្ធតែបានតាមដានទាំងសកម្មភាព និងសេចក្តីថ្លែងការណ៍នានារបស់លោក កឹម សុខា កន្លងមក គឺថាគ្មានទេអំពើហិង្សា បដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ទាល់តែសោះ។ ផ្ទុយទៅវិញ លោក កឹម សុខា តែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងជាសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា មិនធ្វើបដិវត្តន៍តែធ្វើការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែ ការលើកឡើងនេះមិនអាចធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នទទួលយកបាននោះទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានចេញមកបញ្ជាក់ថា ករណីលោក កឹម សុខា គឺគ្មានអ្នកណាចោទគាត់ទេ តែលោក កឹម សុខា ទៅវិញទេ ដែលបានបង្ហាញពិរុទ្ធភាពដោយខ្លួនឯងថា បានយកផែនការរបស់រដ្ឋាភិបាលអាមេរិកមកអនុវត្តផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគំរូនៅប្រទេសយូហ្គោស្លាវី និង ស៊ែបី។ សម្រាប់លោក សុខ ឥសាន នេះ គឺជាបទល្មើស ដែលនាំឱ្យតុលាការចាត់នីតិវិធីបានស្របទៅតាមច្បាប់។
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ហើយនៅពេលនេះលោកកំពុងស្ថិតក្នុងការឃុំខ្លួននៅក្នុងផ្ទះ ដើម្បីឱ្យតុលាការបន្តកិច្ចការស៊ើបអង្កេតតាមនីតិវិធីច្បាប់។ ប៉ុន្តែក្រុមមេធាវីលោក កឹម សុខា បានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ដំណើរនីតិវិធីស៊ើបអង្កេតលើលោក កឹម សុខា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញមិនមានអ្វី វិវត្តទៅមុខនោះទេ គឺនៅទ្រឹងនៅឡើយ។ ហេតុដូច្នេះហើយ ពួកគេក្នុងចំណោមមេធាវីលោក កឹម សុខា ចង់ឱ្យចៅក្រមស៊ើបសួរ បិទបញ្ចប់ការស៊ើបអង្កេតនេះតទៅទៀត៕