ដោយ អាស៊ីសេរី
2019-05-23

ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាងទតព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងនៅថ្ងៃទី២៣ ឧសភា នេះ ដើម្បីធ្វើជាព្រះកិត្តិយសក្នុងពិធីអបអរសាទរខួប២៥ ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ហៅកាត់ថា ICC-Angkor ។ ព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសបារាំងដល់ថ្ងៃទី២៦ ឧសភា ខាងមុខ ទើបយាងមកកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្រ និងការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
ថ្នាក់ដឹកនាំកំពូលៗនៃរបបក្រុងភ្នំពេញ មានជាអាទិ៍ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងព្រះញាតិវង្សផង នឹងអញ្ជើញថ្វាយដំណើរព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភារបបឯកបក្ស លោក សាយ ឈុំ នឹងឡើងជាប្រមុខរដ្ឋស្តីទី បំពេញភារកិច្ចជំនួសព្រះមហាក្សត្រ។
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ ក្រោយពេលប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO)។ គណៈកម្មាធិការនេះមានតួនាទី និងភារកិច្ច ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចិរភាពចំពោះរមណីយដ្ឋានក្នុងតំបន់សៀមរាបអង្គរ៕