សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​រត់​គេច​ខ្លួន​បន្ទាប់​ពី​ប៉ូលិស​គំរាម​ឱ្យ​សារភាព​ឈប់​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ ថន ថារ៉ូ
2019-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។

 រូបថត៖ ដោយ​ប្រជាពលរដ្ឋ


សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​បង្កើន​យុទ្ធនាការ​គំរាមកំហែង​ដល់​​សកម្មជន​នៅ​តាម​មូលដ្ឋាន​ឱ្យ​ចូល​សារភាព​ឈប់​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​។ សកម្មជន​ខ្លះ​សុខចិត្ត​​រត់​ភៀសខ្លួន​ទៅ​រក​ទី​សុវត្ថិភាព ដោយ​មិន​ព្រម​សារភាព​តាម​ការ​បង្ខិតបង្ខំ​របស់​អាជ្ញាធរ​ឡើយ​។

សកម្មជន​គណបក្ស​ប្រឆាំង​​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ប្រមាណ​ ១សប្ដាហ៍​មក​នេះ​​​ អាជ្ញាធរ​ និង​ប៉ូលិស​ស្ទើរ​គ្រប់​ស្រុក​ផ្ដើម​បន្ថែម​ល្បឿន​ដើរ​គំរាមកំហែង​ដល់​សកម្មជន​កាន់តែ​ខ្លាំងក្លា ជា​ពិសេស​ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ។​

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​អូរជ្រៅ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក ​សៅ ពលក្ខ័ណ៍​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤​ តុលា​ថា​ អាជ្ញាធរ​ស្រុក​បាន​សហការ​ជា​មួយ​​ប៉ូលិស​ដើរ​បង្ខិតបង្ខំ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​កូប ឃុំ អូរបីជាន់ និង​ឃុំ​សឹង​សង្ហា​ ឱ្យ​ចូល​សារភាព​ឈប់​គាំទ្រ​លោក​ សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាង​មុខ​។ លោក​បន្ត​ថា​ សកម្មជន​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​រក​ទី​សុវត្ថិភាព​ ដោយ​​ពួកគេ​មិន​ធ្វើ​តាម​ការ​បង្ខិតបង្ខំ​របស់​​អាជ្ញាធរ​ឡើយ។ ​លោក​បញ្ជាក់​ថា​ អាជ្ញាធរ​បាន​គំរាម​ដល់​សកម្មជន​នៅ​ក្នុង​ស្រុក​ដែល​មិន​ព្រម​ចូល​សារភាព​នឹង​ត្រូវ​ចាប់​ដាក់​គុក៖ «ដូច​ជា​សាហាវ​ហួស​ហេតុ​ដែល​ខ្ញុំ​ធ្លាប់​តែ​ឮ​ឪពុក​ម្ដាយ​ខ្ញុំ​និយាយ​ប្រាប់ សម័យ​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ហៅ​ទៅ​កសាង​ដោយ​គ្រាន់​តែ​គាត់​ដក​ដំឡូង​និង​បេះ​ពោត​ដែល​គាត់​ខំ​ដាំ​​យក​ទៅ​ហូប​គឺ​ត្រូវ​បាន​គេ​ចង​នឹង​ខ្សែ​ច្រវា​ចេក​បណ្ដើរ​យក​ទៅ​សម្លាប់​ចោល​។នយោបាយ​សព្វ​ថ្ងៃ​ដូចគ្នា​គឺ​គេ​ប្រើ​គ្រប់​រូប​ភាព​ទៅ​គំរាមកំហែង​ទាំង​ពួកគាត់​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ហើយ​ក៏​ដោយ»

រីឯ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក ជាតិ ខេមរា ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​មិន​ត្រឹម​តែ​គំរាមកំហែង​ដល់​សកម្មជន​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដាក់​ឧបករណ៍​បំពង​សំឡេង​តាម​ភូមិ​ប្រកាសឱ្យ​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ចូល​រួម​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ឡើយ ដោយ​បាន​គំរាម​ពលរដ្ឋ​ថា ​ប្រសិន​បើ​អ្នក​ណា​ហ៊ាន​ទៅ​ចូល​រួម​អម​ដំណើរ​ក្រុម​បក្ស​ប្រឆាំង​នឹង​ត្រូវ​ប៉ូលិស​​ចាប់​ដាក់​គុក។​​ លោក​ហៅ​សកម្ម​ភាព​របស់​ប៉ូលិស ​និង​អាជ្ញាធរ​​នេះ​ថា​ ជា​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដោយសារ​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ទៅ​ទទួល​លោក​ សម រង្ស៊ី ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​ដឹក​នាំ​របប​លោក​ ហ៊ុន សែន៖ «គេ​ចុះ​ទៅ​មាន​ឈ្លប​ភូមិ​ ឈ្លប​ឃុំ រួម​ទាហាន ​និង​​ប៉ូលិស​ផង​ហ្នឹង​គឺ​គេ​ទៅ​ជា​ក្រុម​របស់​គេ​ទេ​ម្ដង​។​ហ្នឹង​ជា​ការ​ភ័យខ្លាច​ដោយ​ហួស​ហេតុ​ជ្រុល​របស់​អាជ្ញាធរ​ហ្នឹង​វា​មិន​ខុស​ពី​សម័យ​ប៉ុល ពត​ទេ។អីចឹង​របប​ផ្ដាច់ការ​វា​ជិត​ដល់​ថ្ងៃ​ដែល​ត្រូវ​បញ្ចប់​ហើយ​ ដូច្នេះ​សកម្មជន​មិន​ព្រួយ​បារម្ភ​ទេ គឺ​ពួក​យើង​នឹង​ទៅ​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ខ្ញុំ​ដដែល»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​ តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

រីឯ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាល​ស្រុក​អូរជ្រៅ លោក លី សុវណ្ណារិទ្ធ ក៏​អាស៊ី​សេរី​មិន​ទាន់​សុំ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​បាន​ដែរ ដោយ​អ្នក​ទាំង​២​ប្រាប់​ថា ជាប់​រវល់​ប្រជុំ៖ «អូ! ខ្ញុំ​ជាប់​ប្រជុំ​ខ្ញុំ​អត់​មាន​ពេល​និយាយ​ជា​មួយ​ទេ​បាទ

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​ម្ដង​ហើយ​ម្ដង​ទៀត​ថា ក្រុម​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​ទៅ​ចូល​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​ គឺ​ជន​ក្បត់​ជាតិ ហើយ​សមត្ថកិច្ច​នឹង​ចាប់​ពួកគេ​ដាក់គុក។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc)លោក​ សឹង សែន​ករុណា កត់​សំគាល់​​ថា​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អាក្រក់​ទៅ​ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ ដោយ​សារ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​គុក។ លោក​បន្ត​ថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់​តែ​ក្ដៅ​ក្រហាយ ហើយ​ស្អប់​ខ្ពើម​រដ្ឋាភិបាល​ទៅ​វិញ​ទេ៖ «អីចឹង​ហើយ​បាន​យើង​ឃើញ​មាន​ការ​ព្រួយបារម្ភ​ណាស់​ពី​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​តានតឹង​ទៅ​ ហើយ​យើង​គិត​ថា​អាច​នឹង​មានការ​រឹតត្បិត​បន្ថែម​ទៀត​។យើង​ដឹង​ហើយ​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ក៏​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាន់​តែ​រួញ​តូច»

​​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ នៅ​តែ​ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ឱ្យ​ប្រញាប់​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ។

​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​នឹង​សំឡេង ដើម្បី​ការពារ​សុវត្ថិភាព​ ឱ្យ​ដឹង​ថា​ ប្រមាណ​ ៣​ថ្ងៃ​កន្លង​មក​នេះ ​របប​ក្រុង​ភ្នំពេញ​បាន​ដាក់​ពង្រាយ​ប៉ូលិស​ និង​ទាហាន​ជា​ច្រើន​នាក់​នៅ​តាម​ព្រំដែន​ ជា​ពិសេស​​តាម​ព្រៃ​ដែល​ជា​តំបន់​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ដើម្បី​ទប់​ស្កាត់​ពលករ​ដែល​ត្រឡប់​ទៅ​កម្ពុជា​វិញ។​

សកម្មជន​បក្ស​ប្រឆាំង ដែល​ភៀស​នៅ​ថៃ​ នៅ​តែ​មាន​ជំនឿ​ថា​ ពលរដ្ឋ​​​​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាពិសេស ​អ្នក​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​អះអាង​ថា នឹង​ទៅ​​អម​​ដំណើរ​លោក​ សម​ រង្ស៊ី ​ភ្លូកទឹក​ភ្លូកដី​ជា​ប្រវត្តិសាស្ត្រ​ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​តាម​ព្រំដែន​ថៃ​ ហើយ​ពេល​នោះ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នឹង​បាន​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​រត់​គេច​ខ្លួន​បន្ទាប់​ពី​ប៉ូលិស​គំរាម​ឱ្យ​សារភាព​ឈប់​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ