ដោយ មាន ឫទ្ធិ
2019-10-24
RFA

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (រូបឆ្វេងទី៣) ជាមួយថ្នាក់ដឹកនាំបក្សនេះ និងអ្នកគាំទ្រខ្លួន ពេលមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។ RFA/Jeevita
មេដឹកនាំពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងអះអាងថា មានពលករជាច្រើននាក់នៅប្រទេសនេះយល់ព្រមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ។ ប៉ុន្តែ អ្នកនាំពាក្យនគរបាលជាតិព្រមានជាមុនថា បើពលរដ្ឋណាចូលមកប្រទេសកម្ពុជា ដើម្បីគាំទ្រសកម្មភាពលោក សម រង្ស៊ី គឺល្មើសច្បាប់។
អ្នកនាំពាក្យនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណនី ឱ្យអាស៊ីសេរីដឹងថា ពលករមួយចំនួន ដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងបានយល់ព្រមអមដំណើរលោក សម រង្ស៊ី ចូលស្រុកវិញ ដោយមិនខ្លាចការព្រមានពីរបបក្រុងភ្នំពេញឡើយ។ លោកអះអាងទៀតថា ក្នុងករណីពលករណា ចង់ទៅអមដំណើរលោក សម រង្ស៊ី ប៉ុន្តែខ្វះខាតថវិកា ចំណាយធ្វើដំណើរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងអាចជួយផ្ដល់ថវិកាខ្លះ៖ «បើសិនជាបងប្អូនទាក់ទងមកពួកយើងនឹងមានថវិកាមួយចំនួនដើម្បីឧបត្ថម្ភតាមអ្វីដែលយើងអាចធ្វើបាន»។
ទោះយ៉ាងណាក្តី លោក ម៉ាត់ វណ្ណនី មិនទាន់អាចបញ្ជាក់ពីចំនួនពលករជាក់លាក់ ដែលស្ម័គ្រចិត្តអមដំណើរលោក សម រង្ស៊ី បាននៅឡើយទេ។ ដោយឡែកចំពោះខ្លួនលោកផ្ទាល់ គឺលោកនឹងអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ព្រោះលោកយល់ថា ការចូលស្រុកនេះ គឺជាការទាមទារដោយអហិង្សាឈរលើគោលការណ៍ប្រជាធិបតេយ្យ៖ «យើងទៅនេះគឺធ្វើការទាមទារឱ្យអហិង្សាគឺស្របនឹងច្បាប់អញ្ចឹងហើយខ្ញុំគិតថា គ្មានហេតុផលណាមួយដែលយើងខ្លាចមិនហ៊ានចូលរួមនោះទេ»។
ក្រៅពីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដែលយល់ព្រមអមដំណើរលោក សម រង្ស៊ី ក៏មាន ពលរដ្ឋនៅប្រទេសអូស្ត្រាលី បារាំង កាដាណា សហរដ្ឋអាមេរិក និងពលករខ្មែរ នៅក្រៅប្រទេសរាប់ម៉ឺននាក់អះអាងថា នឹងអមដំណើរចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខដែរ។
លោក សម រង្ស៊ី នៅតែថា លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក្ដី របបក្រុងភ្នំពេញ ក៏បញ្ជាក់ថា នឹងចាត់វិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើពួកគេហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដើម្បីការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ កងកម្លាំងនគរបាលជាតិបានពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីកុំឱ្យមានសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលកើតឡើង។ លោកព្រមានទៀតថា បើពលរដ្ឋរូបណាចូលប្រទេសកម្ពុជាជាមួយលោក សម រង្ស៊ី គឺសមត្ថកិច្ចមិនលើកលែងនោះទេ៖ «ផែនការគឺយើងពង្រឹងគ្រប់ជំនាញទាំងអស់ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ គាំទ្រទណ្ឌិត សម រង្ស៊ី បានន័យប្រឆាំងនឹងច្បាប់អ៊ីចឹងគឺយើងអនុវត្តច្បាប់»។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់យល់ថា ការប្ដេជ្ញាចិត្តរបស់ខ្មែរនៅក្រៅស្រុកថា នឹងអមដំណើរលោក សម រង្ស៊ី នោះ ជាការជំរុញទៅលោក សម រង្ស៊ី ត្រូវតែវិលចូលស្រុកវិញតាមការសន្យា។ ទោះជាការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី កំពុងរងការចោទប្រកាន់ពីរបបក្រុងភ្នំពេញថា ជាសកម្មភាពក្បត់ជាតិ ឬជាការផ្ដួលរំលំរបបនេះក្ដី ប៉ុន្តែលោក គឹម សុខ យល់ថា វត្តមានលោក សម រង្ស៊ី នៅប្រទេសកម្ពុជា នាពេលខាងមុខ នឹងអាចលេចចេញនូវដំណោះស្រាយនយោបាយមួយ៖ «របៀបដែលបងប្អូនខ្មែរទាំងលើកទឹកចិត្តទាំងជំរុញបើទោះជាមានភាសាចំអកខ្លះ ប៉ុន្តែនោះគឺអ្វីដែលពួកគាត់ជំរុញទឹកចិត្តលោក សម រង្ស៊ី ឱ្យហ៊ានធ្វើជាមេទ័ពជួរមុខក្នុងការដោះស្រាយបញ្ហាក្នុងប្រទេសកម្ពុជា គឺមេទ័ពប្រជាធិបតេយ្យជួរមុខ»។
លោក គឹម សុខ យល់ថា អង្គការសហប្រជាជាតិមិនឈរឱបដៃមើលរបបក្រុងភ្នំពេញកាប់សម្លាប់ពលរដ្ឋខ្លួននោះទេ គេនឹងអន្តរាគមន៍ឱ្យមានដំណោះស្រាយនយោបាយ។
រីឯក្រុមតំណាងរាស្ត្រអាមេរិកាំងព្រមានទៅរបបលោក ហ៊ុន សែន ថា របបនេះនឹងជួបនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ បើហ៊ានជ្រើសរើសយកការបង្ហូរឈាមនៅថ្ងៃទី៩ វិច្ឆិកា ក្នុងដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទៅកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- របបភ្នំពេញបង្ហាញការហ្វឹកហ្វឺនកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបដំណើរនិវត្តរបស់មេបក្សប្រឆាំង
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- របបភ្នំពេញបញ្ជាក់ជំហរស្វាគមន៍មេដឹកនាំបក្សប្រឆាំងវិលចូលកម្ពុជាគ្រប់ផ្លូវនិងគ្រប់ពេល
- មេយោធាដើរប្រាប់កងទ័ពឱ្យត្រៀមកម្ចាត់លោក សម រង្ស៊ី ក្រោយមានបញ្ជាពីមេដឹកនាំរបបភ្នំពេញ
- មន្ត្រីបក្សប្រឆាំងថា សកម្មជនតាមមូលដ្ឋាននៅតែស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី ដដែល
- លោក សម រង្ស៊ី រក្សាជំហរវិលចូលស្រុកទោះបីជារបបភ្នំពេញបង្កើនការចាប់សកម្មជនបក្សប្រឆាំង
- មន្ត្រីជាន់ខ្ពស់នគរបាលអំពាវនាវឱ្យពលរដ្ឋប្រឹងរកស៊ីចិញ្ចឹមជីវិត កុំចូលរួមចលនាលោក សម រង្ស៊ី
- សកម្មជនបក្សប្រឆាំងនៅប៉ៃលិនកំពុងលាក់ខ្លួននៅទីសុវត្ថិភាពក្រោយតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់
- ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថា ខ្លួនមិនបានបំបែកសំឡេងអ្នកគាំទ្រសង្គ្រោះជាតិនៅកូរ៉េ
- លោក ស ខេង ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលមេបក្សប្រឆាំង