ក្រុម​យុវជន​ថា ព្រៃ​ព្រះ​រកា​នឹង​វិនាស​ហិនហោច បើ​ក្រសួង​គ្មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​អភិរក្ស

ដោយ ថន ថារ៉ូ
2019-10-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា ក្នុង​ឃុំ​ពោធិ ស្រុក​ត្បែងមានន័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៩។

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា ក្នុង​ឃុំ​ពោធិ ស្រុក​ត្បែងមានន័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៩។ រូប៖ សហគមន៍



ក្រុម​យុវជន និង​និស្សិត​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ទៀត ពី​ជោគវាសនា​ព្រៃព្រះរកា​ថា នឹង​អាច​វិនាស​ហិនហោច បើ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ នៅតែ​បណ្ដោយ​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​លួច​កាប់​ឈើ​ធំៗ ក្នុងព្រៃ​អភិរក្ស​មួយ​នេះ​ជា​បន្តបន្ទាប់​។ ពួកគេ​បង្ហាញ​កង្វល់​បែបនេះ ក្រោយពី​បាន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា រយៈពេល ៣​ថ្ងៃ កាលពី​សប្ដាហ៍​មុន ក្នុង​បំណង​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​អភិរក្ស​មួយ​នេះ និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ពាក់ព័ន្ធ។

ក្រុម​យុវជន និង​និស្សិត​មួយ​ក្រុម មើល​ឃើញ​ថា ក្រសួង​បរិស្ថាន​នៅតែ​ឆក​ល្វែង ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​តឹងរ៉ឹង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ ទទួលរង​ការ​កាប់​ផ្ដួល​ឈើ​ធំៗ​បន្តិច​ម្ដងៗ បណ្តាល​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាជន មាន​បម្រែបម្រួល​អាកាសធាតុ និង​បាត់បង់​សត្វព្រៃ​ជាដើម​។ ពួកគេ​សង្កេត​ឃើញ​ថា ក្រុម​ជនល្មើស​ភាគច្រើន ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ចាប់​យក​មុខរបរ អារ​ឈើ​លក់​ចិញ្ចឹមជីវិត។

ការ​អះអាង​បែបនេះ គឺ​បន្ទាប់​ពី ​ក្រុម​យុវជន​ជិត ២០​នាក់ រួម​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​តុលា។ ពួកគេ​បាន​ប្រទះឃើញ​ឈើ​មូល​ធំៗ​ជាង ១០​ដើម ត្រូវ​គេ​កាប់​ផ្តួល នៅ​សល់តែ​គល់ និង​មាន​ឈើ​ខ្លះ​ទៀត​ត្រូវ​គេ​អារ​ច្រៀក​ថ្មីៗ​ទើបតែ​ដឹក​ចេញ​ក្រៅ។ ពួកគេ​បាន​ឃាត់​ចាប់​ជនសង្ស័យ ២​នាក់ ករណី​បរបាញ់​សត្វព្រៃ​ខុសច្បាប់ និង​រឹបអូស​ជ្រូកព្រៃ​ពីរ​ក្បាល សត្វ​ឈ្លូស​១​ក្បាល និង​រឹបអូស​រណារ​យន្ត​១​គ្រឿង ប្រគល់​ជូន​ឆ្មាំ​អភិរក្ស។

ក្រុម​យុវជន​ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ មកពី​រាជធានី​ភ្នំពេញ លោក ម៉ា ចិត្រា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ តុលា ថា ព្រៃ​អភិរក្ស​មួយ​នេះ នឹង​មិន​គង់វង្ស​យូរអង្វែង​ទេ បើ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ ពុំ​មាន​ភាព​ច្បាស់លាស់​ការពារ។ លោក​មើល​ឃើញ​ថា រូបភាព​នៃ​ការ​កាប់​ផ្ដួល​ឈើ​ធំៗ ធ្វើ​អាជីវកម្ម នៅ​តែ​កើតមាន​ជា​បន្តបន្ទាប់ ជា​ទ្រង់ទ្រាយ​តូចៗ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ រីឯ​សមត្ថភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​អាជ្ញាធរ​វិញ លោក​ថា នៅ​មាន​ភាព​ធូររលុង​ច្រើន៖ «រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ក្តៅ​មួយ​រយៈ​ពេលមុន វា​គ្រាន់តែ​ជា​ការ​កាត់បន្ថយ​ទេ ប៉ុន្តែ​បើជា​ជាប់​លាប់ វា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​អី​ដូច​ខ្ញុំ​បាន​ចុះទៅ​ឃើញ​ផ្ទាល់ ការ​កាប់​បំផ្លាញ​ព្រៃ​នៅតែ​បន្ត​កើតមាន។ ខ្លាច​តែមួយ​រយៈពេល​ខ្លី បន្ទាប់ពី​ពេល​មួយ​រយៈ​ខ្លី​ទៅ វិធានការ​ហ្នឹង​ចាប់ផ្ដើម​សាប​ម្តង​បន្តិចៗ វា​ធ្វើ​ឱ្យ​បញ្ហា​កាប់​ឈើ​នៅតែ​កើតមាន»។

ទោះជា​យ៉ាងណា នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន ប៊ុនធឿន បដិសេធ​ថា បច្ចុប្បន្ន​ពុំ​មាន​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មានការ​កាប់​ឈើ​បន្តិច​បន្តូច ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ធ្វើ​ផ្ទះ​។ លោក​បញ្ជាក់​ថា ព្រៃ​អភិរក្ស​នេះ ឆ្មាំ​អភិរក្ស​បាន​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន មិន​អនុញ្ញាត​ឱ្យ​យក​រណា​យន្ត​ចូល ទៅ​អារ​ឈើ​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ​ទៀត​នោះ​ទេ​៖ «ឥឡូវ​អត់​មាន​ទេ មានតែ​ពលរដ្ឋ​គាត់​កាប់​គ្រឿងផ្ទះ គាត់​ចេះតែ​លួច​គាត់​អត់​សុំច្បាប់ តែ​បើ​អនាធិបតេយ្យ​អត់​មាន​ទេ ក្នុង​ដី​ព្រៃ​ព្រះ​រកា​ឥឡូវ​បច្ចុប្បន្ន​ហ្នឹង»។

លោក ម៉ា ចិត្រា បន្ថែម​ថា លោក​មិន​ស្ងប់​អារម្មណ៍​ទាល់តែសោះ ពី​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី បរិស្ថាន​ក្នុង​កិច្ចការពារ​ព្រៃ​អភិរក្ស​មួយ​នេះ ព្រោះ​ដើមឈើ​ធំៗ ដូចជា​បេង ធ្នង់ នាងនួន គ្រញូង និង ផ្ចឹក​ជាដើម បាន​បាត់បង់​អស់​ទាំងស្រុង​ហើយ​។ លោក​ថា បច្ចុប្បន្ន​នៅ​សល់​តែ​ដើមឈើ​ទាល គ ស្រឡៅ និង​ផ្ដៀក​ជា​ដើម ប៉ុន្តែ​ក្រសួង​នៅតែ​គ្មាន​វិធានការ​ទប់ទល់ និង​ការពារ​ឱ្យ​គង់វង្ស សូម្បីតែ​ដើម​ច្បោះ​ជ័រ​អ្នកស្រុក ដែល​អ្នកភូមិ​ដុត​យក​ជ័រទឹក​លក់ នៅតែ​បាត់​បង់​អស់​ជា​បន្ត​បន្ទាប់​៖ «ព្រៃ​ហ្នឹង​វា​អត់​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ទេ ប្រសិនជា​កិច្ចការ​រាល់ថ្ងៃ​នេះ គ្រាន់តែ​ជា​ការ​ពន្យារ​ពេល​នៃ​ការ​កាប់​ទេ​។ ប្រសិនជា​សហគមន៍​ចុះ​ទៅ ៣​ថ្ងៃ អាច​ថា ពន្យារ​ពេល​បាន ៣​ថ្ងៃ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុម​ជនខិលខូច​។ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មាន​វិធានការ​ជាប្រចាំ​ចុះ​ល្បាត»។

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ពន្លកខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​ការ​លើកឡើង​របស់​ក្រុម​យុវជន ជា​រឿង​ត្រឹមត្រូវ ខណៈ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​នៅតែ​កើតមាន​ទ្រង់ទ្រាយ​តូចៗ ធ្វើឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ លោក​ថា ឈើ​ដែល​ក្រុម​ពលរដ្ឋ​កាប់​ចេញពី​ព្រៃ​ព្រះ​រកា ពុំ​មែន​ជា​ឈើ​សម្រាប់​ធ្វើ​ផ្ទះ​នោះ​ទេ ប៉ុន្តែ​ជា​ឈើ​សម្រាប់​លក់​ឱ្យ​ឈ្មួញកណ្ដាល​ដែល​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន​៖ «មន្ត្រី​ជំនាញ​លោក​យល់​ថា ការ​កាប់​ឈើ​របស់​ពលរដ្ឋ​ជា​ការ​កាប់​ធ្វើ​ផ្ទះ ខ្ញុំ​មើល​ទៅ​មិន​ដូច​អ្វី​ដូច​ការ​លើកឡើង​របស់​មន្ត្រី​អភិរក្ស​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ហេតុអ្វី​បាន​សកម្មភាព​ល្មើស​នៅតែ​កើត​មាន ព្រោះ​បទបញ្ជា​រដ្ឋាភិបាល​មាន​វិធានការ​ក្ដៅ តើ​វា​អាច​ចេញ​ប្រឡោះ​ណា​ដែល​មន្ត្រី​អនុរក្ស​បាន​ធ្វើ​ឱ្យ​កើតមាន​បន្ត​ទៀត»។

ព្រៃ​ព្រះ​រកា មាន​ទំហំ​ជាង ៩​៦.០០០​ហិកតារ នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ មក​ទល់​ពេល​នេះ ព្រៃ​អភិរក្ស​មួយ​នេះ មាន​ឆ្មាំ​អភិរក្ស ១៤​នាក់ និង​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍ និង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​យុវជន​ថា ព្រៃ​ព្រះ​រកា​នឹង​វិនាស​ហិនហោច បើ​ក្រសួង​គ្មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​អភិរក្ស"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)