ដោយ ហេង រស្មី
2019-10-29
RFA

អ្នកទោសនៅពន្ធនាគារព្រៃស ជាយរាជធានីភ្នំពេញ។ RFA
ក្រសួងយុត្តិធម៌មានគម្រោងបន្ធូរបន្ថយ និងលើកលែងអ្នកទោសចំនួន ៥១២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨នាក់ នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ។
នៅក្នុងគេហទំព័រតាមបណ្តាញហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ដែលបានចេញផ្សាយនៅថ្ងៃទី២៩ តុលានេះ មិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកទោសជាង ៥០០នាក់ ដែលត្រូវដោះលែងនោះមានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសកម្មជនគណបក្សប្រឆាំង ដែលរបបក្រុងភ្នំពេញចាប់ខ្លួនពាក់ព័ន្ធនឹងការប្រមូលកម្លាំងមហាជនគាំទ្រលោក សម រង្ស៊ី ទេ។
អាស៊ីសេរីមិនទាន់មានការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសលោក ជិន ម៉ាលីន បានទេ នៅថ្ងៃអង្គារ ទី២៩ តុលា។
គេហទំព័ររបស់ក្រសួងយុត្តធម៌បានបញ្ជាក់ទៀតថា អង្គប្រជុំបានសម្រេចធ្វើសំណើរគោរពជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៩០នាក់ (ស្រី ១៧នាក់) ដែលនៅក្នុងនោះ បន្ថយទោស ៦ខែ ចំនួន ៥៨នាក់ (ស្រី ១៣នាក់) បន្ថយទោស ៩ខែ ចំនួន ១៤នាក់ (ស្រីម្នាក់) បន្ថយទោស ១២ខែ ចំនួន ៨នាក់ (ស្រីម្នាក់) លើកលែងទោស ចំនួន ១០នាក់ (ស្រី ២នាក់)។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសកាលពីថ្ងៃទី២១ តុលាថា កម្ពុជាមានអ្នកទោសជាង ៣៤.០០០នាក់ ក្នុងនោះមានស្រ្តីជាង ១.០០០នាក់កំពុងជាប់ពន្ធនាគារនៅពន្ធនាគារ ខេត្តក្រុងចំនួន ២៣ និងមណ្ឌលកែប្រែចំនួន ៤ ក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះក៏មានអ្នកទោសជាជនបរទេសជាង ១.០០០នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។